ព្រះ​ចៅ​អធិរាជ​ជប៉ុនបង្ហាញការ​ព្រួយ​បារម្ភ​ចំពោះ​វីរុស​ Covid-19 នៅថ្ងៃចម្រើន​ព្រះ​ជន្ម

ព្រះអធិរាជ​ជប៉ុន Naruhito បាន​មាន​ព្រះ​បន្ទូល​នៅ​ថ្ងៃ​អាទិត្យ ទី២៣ កុម្ភៈ​ម្សិលមិញ​ថា ព្រះអង្គ​កំពុង​ទន្ទឹង​រង់​ចាំ​ព្រឹត្តិការណ៍​អូឡាំពិក​នៃ​ទី​ក្រុង​តូក្យូ​នៅ​រដូវ​ក្ដៅ​ ប៉ុន្តែ​ព្រះអង្គ​ក៏​មាន​ការ​ព្រួយបារម្ភ​អំពី​ការ​រីក​រាលដាល​នៃ​វីរុស​ថ្មី​នេះ​ដែរ។ ​វីរុស​ដ៏​សាហាវ​នេះ ​បាន​សម្លាប់​មនុស្ស​បី​នាក់​នៅ​ប្រទេស​ជប៉ុន ​និង​កំពុង​រីក​រាល​ដាល​ជា​បណ្ដើរៗ​នៅ​ទូទាំង​ប្រទេស​ជប៉ុន។

ព្រះ​ចៅ​អធិរាជ Naruhito មាន​ព្រះជន្ម ៦០ ព្រះវស្សា​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ និង​បាន​ឡើង​គ្រង​រាជ្យ​បល្ល័ង្ក​កាល​ពី​ខែ​ឧសភា​ បន្ទាប់ពី​ព្រះបិតា​របស់​ព្រះ​អង្គ ​Akihito បាន​ក្លាយ​ជា​អធិរាជ​ជប៉ុន​ដំបូង​គេ​ក្នុង​ពីរ​សត​វត្សរ៍​ដែល​បាន​ដាក់​រាជ្យ។  ព្រះមហេសីរបស់​រ​បស់​ព្រះអង្គ​គឺ​ ព្រះ​ចៅ​អធិរាជ Masako ព្រះជន្ម ៥៦ ឆ្នាំ​ជា​អតីត​អ្នក​ការ​ទូត។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ដំបូង​របស់ព្រះអង្គ ​ចាប់​តាំង​ពី​បាន​ក្លាយ​ជា​អធិរាជ​និង​ចាប់ផ្ដើម​ថ្ងៃ​កំណើត​ដំបូង​របស់ព្រះចៅអធិរាជ Naruhito ទ្រង់បាន​មានព្រះបន្ទូល​ថា ​ប្រហែល ១០ ខែ​ចាប់​តាំង​ពី​ពេល​នោះ​មក​វា​បាន​ធ្វើ​ឱ្យ​មាន​ការ​ច្របូកច្របល់​​ជា​ខ្លាំង ​សម្រាប់​ប្រទេស​ជប៉ុន រាប់​បញ្ចូល​ទាំង​ខ្យល់​ព្យុះ​បណ្ដាល​ឱ្យ​ស្លាប់មនុស្ស​យ៉ាង​ច្រើន ​កាល​ពី​ឆ្នាំ​មុន ហើយ​ឥឡូវ​នេះក៏មាន​វីរុស​កំពុងវាយលុកប្រទេសជប៉ុនថែមទៀត។

គួររំលឹកថា មនុស្ស​ជាង ៨០ នាក់​នៅ​ជុំវិញ​ប្រទេស​ជប៉ុន ​បាន​ធ្វើ​តេស​រក​វីរុស​នេះ​ ហើយ​ព្រឹត្តិការណ៍​នានា​ត្រូវ​បាន​លុបចោល​នៅ​ទូទាំង​ប្រទេស​ក្នុង​គោល​បំណង​បញ្ឈប់​ការ​ឆ្លង​នេះ។

​ព្រះ​ចៅ​អធិរាជ Naruhito ទ្រង់​មាន​បន្ទូល​ថា “ជំងឺ​ឆ្លង​វីរុស​ថ្មី​នេះ​គឺ​ជា​ក្ដី​បារម្ភ​មួយ ខ្ញុំ​ចង់​ផ្ញើ​ការ​អាណិតអាសូរ​របស់​ខ្ញុំ ​ដល់​អ្នក​ដែល​ឆ្លង​ជំងឺ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ ទន្ទឹម​នឹង​នេះ​គំនិត​របស់​ខ្ញុំ​គឺ​ស្ថិត​នៅ​ជាមួយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ដែល​កំពុង​ព្យាបាល​ពួកគេ ​និង​ខិតខំ​ការពារ​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង ខ្ញុំ​សង្ឃឹម​ថា​ កិច្ច​ប្រឹងប្រែង​របស់​ពួកគេ​នឹង​ទទួល​បាន​ផ្លែផ្កា​ឆាប់ៗ​នេះ” ។

គួរ​បញ្ជាក់​ដែរ​ថា​ទីក្រុង​តូក្យូ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អូឡាំពិក​រដូវ​ក្ដៅ​ចាប់​ពី​ថ្ងៃ​ទី ២៤ ខែ​កក្កដា​ជា​លើក​ទី ២ ។ ព្រះ​ចៅ​អធិរាជ Naruhito បាន​មាន​បន្ទូល​ថា​ការ​ប្រកួត​តូក្យូ​លើក​ដំបូង ប្រារព្ធ​នៅ​ខែ​តុលា​ឆ្នាំ ១៩៦៤ ពេល​ព្រះ​អង្គ​មាន​អាយុ ៤ ឆ្នាំ​នោះ​គឺ​ជា​ចំណុច​លេចធ្លោ​មួយ​ក្នុង​វ័យ​កុមារភាព​របស់​ព្រះ​អង្គ ៕

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ