យន្តហោះបង្ហូរសាំង​ស្រោចលើ​មនុស្ស​ពេញវ័យ​និង​កុមារ​ក្នុងសាលារៀន រងរបួសធ្ងន់ស្រាលជាង ៦០នាក់

យ៉ាងហោចណាស់មនុស្សចំនួន៦០ នាក់ក្នុងសាលារៀន​បាន​រង​ផល​ប៉ះពាល់​​ បន្ទាប់​ពី​យន្តហោះមួយគ្រឿងបាន​​ចាក់​ប្រេងឥន្ធនៈ​សាយភាយទៅលើពួកគេ ក្នុងពេលកំពុងរត់លេងក្នុងទីធ្លាសាលារៀន រួចហើយក៏បាន​វិល​ត្រឡប់​មក​អាកាសយានដ្ឋាន​អន្តរជាតិ ​Los Angeles ​វិញ​ជា​បន្ទាន់​ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។

លោក Sean Ferguson អធិការ​នៃ​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ Los Angeles County Fire បាន​ប្រាប់​ទូរទស្សន៍ CNN ថា​ឧប្បត្តិហេតុ​បាន​កើតឡើង​បន្ទាប់​ពី​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ។ សាលា​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​គឺ​សាលា​បឋម​សិក្សា Park Avenueនៅ Cudahy ដែល​មាន​កុមារ ២០ នាក់​និង​មនុស្ស​ធំ ១១ នាក់​បាន​រង​របួស​ស្រាល។ សាលា​នេះ​មាន​ចម្ងាយ​ប្រហែល ៣០គីឡូម៉ែត្រ​ខាង​កើត​ពី​អាកាសយានដ្ឋាន។

ចំណែក​សាលារៀន​ផ្សេង​ទៀត​ ដែល​រង​ផល​ប៉ះពាល់​រួម​មាន San Gabriel សាលា​បឋម​សិក្សា Graham សាលា​បឋម​​សិក្សា Tweedy សាលា​បឋម​សិក្សា​ផ្លូវ ៩៣ និង​វិទ្យាល័យ​ Jordan។

គួរបញ្ជាក់ថា សិស្ស​និង​បុគ្គលិក​បាន​លេង​លើ​សួន​កុមារ​ ភ្លាមៗ​នោះ​ចំហាយ​ប្រេងឥន្ធនៈ​និង​ផ្សែង​ហុយ​បាន​បាញ់​ទៅ​លើ​ពួកគេ។

លោក Rudy Perez នាយកដ្ឋាន​ប៉ូលិស​នៃ​សាលា Los Angeles បាន​និយាយ​ថា ​កូនសិស្ស​និង​បុគ្គលិក​ត្រូវ​បាន​ផ្ដល់​ជម្រកសុវត្ថិភាព​មួយ​អោយ​ពួកគេ​ ​ប៉ុន្តែ​មិន​មាន​ការ​ជម្លៀស​ចេញ​ទេ។

ជន​រងគ្រោះ​ជា​កុមារ​ឈ្មោះ Justin Guiti ដែល​ជា​សិស្ស​ថ្នាក់​ទី ៥ នៅ Park Avenue ដែលត្រូវ​បាន​រង​ការ​វាយ​ប្រហារ​ដោយ​ប្រេងឥន្ធនៈ ​បាន​ប្រាប់ CNN ថា​ប្រេងឥន្ធនៈ​បាន​បាញ់​លើ​រូប​គេ​និង​មិត្តភ័ក្ដិ​របស់​គេ​ហើយ​បាន​ហូរ​ចូល​ទៅ​ភ្នែក​ថែម​ទៀត​ផង។ ​កុមារ​ដដែល​រូប​នេះ​មានបាន​និយាយ​បន្ថែម​ទៀត​ថា “តំណក់​ទឹក​ បាន​ស្រក់ចុះ​លើ​ខ្ញុំ​ហើយ​ខ្ញុំ​ក្រឡេក​មើល​ទៅ​ហើយ​វា​ជា​សាំង” ។

ជន​រងគ្រោះ​ម្នាក់​ទៀត​ឈ្មោះ Miguel Cervantes ជា​សិស្ស​ថ្នាក់​ទី ៦ ក៏​បាន​រង​របួស​ធ្ងន់ធ្ងរ​ដែរ។ គេ​បាន​ប្រាប់​ថា​ស្បែក​របស់​គេ​ចាប់ផ្ដើម​រមាស់“ ពេល​ជួប​ឧប្បត្តិហេតុ​ខ្ញុំ​គិត​ថា​វា​ជា​ផ្សែង​មួយ​ហើរ​កាត់ ​ប៉ុន្តែ​នៅ​ពេលក្រឡេកមើល​យន្តហោះ ខ្ញុំឃើញទឹកអ្វីម្យ៉ាងហូរចេញមកពីលើអាកាស​​ ខ្ញុំ​មាន​អារម្មណ៍​ថា​ដូចជា​មាន​ក្លិន​ដូច​ហ្គាស​បាន​សាយភាយ​ចេញ​មក។”

ក្រុមហ៊ុន​អាកាសចរណ៍ Delta Air Lines បាន​និយាយ​ថា​ ប្រេង​ឥន្ធនៈ​បាន​ធ្លាក់ចេញមក​ពី​ជើង​ហោះហើរ​លេខ ៨៩ ដែល​ទើប​តែ​ដឹក​ចេញ​ពីអាកាសយានដ្ឋាន LAX ឆ្ពោះ​ទៅ​កាន់​ទីក្រុង​សៀងហៃ​ប្រទេស​ចិន ​នៅ​ពេល​ដែល​វា​បាន​ជួប​ប្រទះ​បញ្ហា​ម៉ាស៊ីន​ ដែល​តម្រូវ​ឲ្យ​យន្តហោះ​ត្រូវ​វិល​ត្រឡប់​ទៅ LAX វិញ។ ក្រុមហ៊ុន​អាកាសចរណ៍​បាន​និយាយ​ថា “យន្តហោះ​បាន​ចុះចត​ដោយ​សុវត្ថិភាព ​បន្ទាប់​ពី​ការ​បញ្ចេញ​ប្រេងឥន្ធនៈ ប៉ុន្តែអ្នកនៅលើយន្តហោះមិនមានអ្នកណារងរបួសឡើយ” ។

យន្តហោះ​នេះ​គឺ​ជា​ប្រភេទ​យន្តហោះ​ប៊ូអ៊ីង ៧៧៧-២០០ នេះ​បើ​យោង​តាម​គេហទំព័រ​របស់ Delta ដែល​មាន​អ្នក​ដំណើរ​ចំនួន ២៨៨នាក់។

អាជ្ញាធរ​អាកាសយានដ្ឋាន​និង​នាយកដ្ឋាន​អគ្គិភ័យ County Fire បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​បាន​ដឹង​ពី​សេចក្ដី​រាយការណ៍​ថា​មាន​អ្នក​រង​របួស​ច្រើន។

វីដេអូ​ដែល​បាន​បង្ហោះ​នៅ​លើ  YouTube បានបង្ហាញ​ពី​ក្បាល​យន្តហោះ​ដែល​មាន​ស្លាប​ពណ៌សបានលា​ចេញ​មក​ពី​គន្លឹះហើយចាប់ផ្ដើមហូរប្រេងប្រេងឥន្ធនៈចេញ​មក។

លោក Alan De Leon ដែល​បាន​ថត​វីដេអូ​នៅ​លើ​យន្តហោះ​បាន​ប្រាប់ CNN ថា​គាត់​បាន​លឺ​សំឡេង​លឺ​ខ្លាំងៗ​ហើយ​ក្លិន​ប្រេងឥន្ធនៈ​បាន​សាយភាយ​នៅ​ពេល​យន្តហោះ​កំពុង​ហោះ​លើ​អាកាស​ ដូចជា​មាន​អារម្មណ៍​ថា​ដូចជា​មាន​អ្វី​មួយ​មិន​ស្រួល​បាន​កើតឡើង។


លោក David Soucie អ្នក​វិភាគ​សុវត្ថិភាព​អាកាសចរណ៍​បាន​ប្រាប់​ទូរទស្សន៍ CNN ថា​ ទម្ងន់ផ្ទុក​យន្តហោះ​មាន​កម្រិត​ ដូច្នេះ​ដើម្បី​ឲ្យ​យន្តហោះ​ដែល​មាន​ធុង​ឥន្ធនៈ​ពេញ​អាចចុះ​ចត​ វា​ត្រូវ​តែ​ចាក់​ប្រេង​ដើម្បី​ចៀសវាង​ការ​ធ្លាក់​ដែល​អាច​កើត​មាន​នៅ​ពេល​ចុះចត។

FAA បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា “មាន​នីតិវិធី​ចាក់​ប្រេង​ពិសេស​សម្រាប់​ប្រតិបត្តិការ​យន្តហោះ​ចូល​និង​ចេញ​ពី​អាកាស​យានដ្ឋាន​សំខាន់ៗ​ណាមួយ​របស់​សហរដ្ឋ​អាមេរិក” ។ នីតិវិធី​ទាំង​នេះ​អំពាវនាវ​ឱ្យ​ចាក់​ប្រេង​ឥន្ធនៈ​ទៅ​កន្លែង​ដែល​មិន​ត្រូវ​បាន​កំណត់​ជា​ពិសេស​នៅ​រយៈ​កម្ពស់​ខ្ពស់ ​ដូច្នេះ​ឥន្ធនៈ​នៃ​អាតូម​និង​បែក​ខ្ចាត់ខ្ចាយ​មុន​ពេល​វា​ទៅ​ដល់​ដី ៕

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ