បើក​ការដ្ឋាន​ជីក​ដាក់​លូ​បន្ថែម​២​ទីតាំង​ថ្មី នៅ​សង្កាត់​វត្តភ្នំ ជា​គម្រោង​ការពារ​ទឹកជំនន់​ជំហាន​ទី​៤ របស់​អង្គការ JICA

​ភ្នំពេញ ​៖ គម្រោង​ការពារ​ទឹកជំនន់​ជំហាន​ទី​៤ របស់​អង្គការ JICA កាលពី​ថ្ងៃទី​២៦​ ខែមីនា​ ឆ្នាំ​២០២០​នេះ បាន​បើក​ការដ្ឋាន​ជីក​ដាក់លូ​បន្ថែមចំនួន​២​ទីតាំង​ថ្មី នៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទឹក​លិច​នៅ​តំបន់​ខាងជើង​រមណីយដ្ឋាន​វត្តភ្នំ​។​

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឲ្យ​ដឹងថា ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​តំបន់​ខាងជើង​រមណីយ​ដ្ឋាន​វត្តភ្នំ កាលពី​ថ្ងៃទី​២៦​ ខែមីនា ​ឆ្នាំ​២០២០​នេះ គម្រោង​ការពារ​ទឹកជំនន់​ជំហាន​ទី​៤ របស់​អង្គការ JICA បាន​បើក​ការដ្ឋាន​ជីក​ដាក់លូ​បន្ថែមចំនួន​២​ទីតាំង​ថ្មី នៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ។​

ការដ្ឋាន​ជីក​ដាក់លូ​បន្ថែមចំនួន​២​ទីតាំង​ថ្មី​នេះ​រួមមាន ​៖
​ទី​១-ការដាក់​បំពង់​លូ​ផ្លូវ​លេខ​៩២​ ភ្ជាប់​ទៅ​ផ្លូវ​លេខ​៤៧ ទំហំ​មុខកាត់​២​ម៉ែត្រ ប្រវែង​៣៦​ម៉ែត្រ
​ទី​២-ការដាក់​បំពង់​លូ​នៅ​ផ្លូវ​លេខ​៨៨ ភ្ជាប់​ពី​ផ្លូវ​លេខ​៤៧ ដល់​មហាវិថី​ព្រះស៊ីសុវត្ថិ មុខកាត់​ទំហំ​២,៣​ម៉ែត្រ ប្រវែង​២២៧​ម៉ែត្រ​។ ប៉ុន្តែ ដោយសារ​ទីតាំង​នេះ​មាន​លក្ខណៈ​តូច​ចង្អៀត មិន​អាច​ប្រើ​គ្រឿង​ចក្រ​ធំៗ​ជីក​ដាក់លូ​បាន ទើប​ក្រុមការងារ​បានសម្រេច​ប្រើ​បច្ចេកវិទ្យា​ថ្មី ខួង​រុញ​ដាក់​លូ​( Blade Jacking )។​

គួរ​បញ្ជាក់ថា គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ នេះ មាន​ទឹកប្រាក់​សរុប​ប្រមាណ​៣០​លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយ​ឥតសំណង​របស់​រដ្ឋាភិ​បាល​ជប៉ុន ​តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA។ គម្រោង​នេះ​ នឹងត្រូវ​អនុវត្ត​ការដ្ឋាន ដូចខាងក្រោម ក្នុងនោះ​រួមមាន ​៖
១-​ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌទួលគោក ប្រវែង​៨.២​គីឡូម៉ែត្រ​។
២-​ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ ប្រវែង​៤.៤​គីឡូម៉ែត្រ​។
៣-​សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ​បូម​ទឹក នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជា CDC​។​
៤-​ដំឡើង​របា​មេកានិច​ស្វ័យប្រវត្តិ ដើម្បី​ប្រមូល​សំរាម​នៅមុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយ​បូម​ទឹក​ចតុមុខ ព្រះ​គ​ន្ល​ង់​១ ព្រះ​គ​ន្ល​ង់​២ និង​ផ្សារ​ចាស់​។
៥-​ផ្តល់​រថយន្ត​បូមទឹក​ចល័ត ចំនួន​២​គ្រឿង​៕​


អត្ថបទ ៖ ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114