ដឹង​ទេ​ថា គម្រោង​ការពារ​ទឹកជំនន់​ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ លូ ជំហាន​ទី​៤ របស់​ចៃ​កា អនុវត្ត​បាន​ប៉ុន្មាន​ហើយ និង​មាន​ប្រយោជន៍​អ្វីខ្លះ​សម្រាប់​រាជធានី​ភ្នំពេញ​

ភ្នំពេញ​ ៖ គម្រោង​ការពារ​ទឹកជំនន់ ​និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ លូ​ក្នុង​ភ្នំពេញ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA បាន​ឈាន​មកដល់​ការអនុវត្ត​គម្រោង​ជំហាន​ទី​៤​ហើយ បន្ទាប់ពី​បាន​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ការអនុវត្ត​គម្រោង​ចំនួន​៣​រួចហើយ។ តើ​ដឹងថា គម្រោង​ការពារ​ទឹកជំនន់​ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ លូ ជំហាន​ទី​៤ របស់​ចៃ​កា ដែល​បាននិងកំពុង​អនុវត្ត​នេះ ក្រុមការងារ​របស់​ចៃ​កា​អនុវត្ត​បាន​ប៉ុន្មាន​ភាគរយ​ហើយ និង​មាន​ប្រយោជន៍​អ្វីខ្លះ​សម្រាប់​រាជ​ធានី​ភ្នំពេញ​។​

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឲ្យ​ដឹង កាលពី​រសៀល​ថ្ងៃ​ទី​១៣​កុម្ភៈ​នេះ​ថា គម្រោង​ការពារ​ទឹកជំនន់​ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​ភ្នំ​ពេញទី​៤ ដែល​កំពុង​អនុវត្ត​នាពេល​បច្ចុប្បន្ននេះ​ គឺជា​សមិទ្ធផល​ទី​៤ ​នៃ​គម្រោង​អាទិភាព​នានា​ដែល​បាន​លើក​ឡើង​ក្នុង​គម្រោង​ផែនការ​ការពារ​ទឹកជំនន់ ​និង​ការ​កែលំអ​ប្រឡាយ​លូ​មេ ក្នុង​រាជធានី​ភ្នំពេញ​ដែល​ទីភ្នាក់ងារ​ចៃ​កា​បាន​សិក្សា​ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ ១៩៩៩ បន្ទាប់ពី​បាន​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ការ​អនុវត្ត​គម្រោង​ចំនួន​៣ ក្រោម​ក្របខណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន។ គម្រោង​ការពារ​ទឹកជំនន់​ និង​កែលំអប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤​នេះ មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រំដោះ​ជំនន់​ទឹកភ្លៀង​ក្នុង​តំបន់​ខាងជើង​វត្តភ្នំ តំបន់​ទួលគោក​ដែល​រួមមាន​បណ្ដាញ​សំណង់​សំខាន់​ដូចជា ៖ កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ ក្នុង​តំបន់​ប៉ែក​ខាងជើង​វត្តភ្នំ​ក្នុង​ខណ្ឌ​ដូនពេញ ក្នុង​នោះ​រួមមាន បណ្ដាញ​លូ​មេ​ថ្មី​ប្រវែង​២៧៦៦​ម៉ែត្រ សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី​ដែល​មាន​សមត្ថភាព​ផ្ទុក​ទឹក​ចំនួន​៦៥០០​ម៉ែត្រគុប និង​ស្ថានីយ​បូមទឹក​ដែល​មាន​សមត្ថភាព​បូម​បាន ១,៤ ម៉ែត្រគុប​ក្នុង​មួយ​វិនាទី នៅ​សួនច្បារ​ខាងកើត​អគារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC ជាប់​ដង​ទន្លេ​សាប បំពាក់​របា​ត្រង​សំរាម​មេកានិច​ស្វ័យប្រវត្តិ​នៅ​ស្ថានីយ​បូម​ទឹក​ចតុមុខ ស្ថានីយ​បូម​ទឹក​ព្រះ​គ​ន្ល​ង់ ស្ថានីយ​បូមទឹក​ផ្សារកណ្ដាល ​និង​ស្ថានីយ​បូមទឹក​ផ្សារ​ចាស់ ដែល​សាងសង់​ក្នុង​គម្រោង​ជំហាន​ទី​ពីរ ។ ដាក់​បណ្ដាញ​លូ ទឹក​កខ្វក់​ប្រវែង​១៥៥២​ម៉ែត្រ តាម​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ ចាប់ពី​អាង​ស្តុក​ទឹក​ក្រោម​ដី កាត់​តាម​ផ្លូវ​លេខ ៨០ ផ្លូវ​លេខ​៤៧ និង​កាត់​ក្រោម​រង្វង់​មូល​កួច​កាណុង​មក​ស្ថានីយ​បូម​ទឹក​ក្រោម​ដី​(Manhole Pump)​ ដែល​ត្រូវ​សាងសង់​ថ្មី ដើម្បី​បូម​បញ្ជូន​ទឹក​កខ្វក់​ទៅ​បណ្ដាញ​លូ​មេ​នៅ​ផ្លូវ​លេខ​៧០។

កែលំអ ប្រពន្ធ​បណ្ដាញ​លូ​ក្នុង​តំបន់​ខណ្ឌ​ទួលគោក​ ដោយ​ជួយ​ដាក់​បណ្ដាញ​លូ​មេ​ថ្មី ​ប្រវែង​៧៩៥១ ម៉ែត្រ។​

គម្រោង​នេះ ​បាន​ចាប់ផ្ដើម​អនុវត្ត កាលពី​ខែ​ធ្នូ ​ឆ្នាំ​២០១៨ ហើយ​គិត​មកដល់​ចុងខែ​មករា​ឆ្នាំ​២០២០ នេះ​ សរុប​លទ្ធផល​ការងារ​ទូទៅ សម្រេច​បាន​២៩,៨​ភាគរយ​ នៃ​ផែនការ​សាងសង់ ហើយ​សរុប​បណ្ដាញ​លូ​ដែល​បាន​ដាក់​រួចរាល់ មាន​ចំនួន​៣៤២០​ម៉ែត្រ ក្នុងនោះ​បណ្ដាញ​លូ​មេ​ ប្រវែង​២៨៧៥ ម៉ែត្រ និង​បណ្ដាញ​លូ​ទាក់​ទឹក​កខ្វក់​ ប្រវែង​៥៤៥​ម៉ែត្រ​។​

បន្ថែម​ពីលើ​នេះ​ទៀត នៅ​ពេល​បច្ចុប្បន្ន​នេះ ទីភ្នាក់ងារ​ចៃ​ការ​បានផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​គម្រោង​កែលំអ​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​សម្រាប់​សាងសង់​ស្ថានីយ​ប្រតិកម្ម​ទឹក​កខ្វក់​នៅ​ជើងឯក​ខណ្ឌ​មានជ័យ មាន​សមត្ថភាព​ចម្រុះ​ទឹក​កខ្វក់ ចំនួន​៥០០០​ពាន់​ម៉ែត្រ​គូប ក្នុង​មួយថ្ងៃ​ដែល​ជា​គម្រោង​អាទិភាព​ទី​១ ក្នុង​ផ្នែក​គ្រប់គ្រង​ទឹក​កខ្វក់​ នៃ​ផែនការមេ​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ ​និង​ទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ ដែល​ជា​ទីភ្នាក់ងារ​ចៃការ​បាន​ធ្វើ​បច្ចុប្បន្នភាព​រួចហើយ​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៦​កន្លងមក ហើយ​នៅពេលនេះ​ក្រុម​សិក្សា​ចៃ​កា កំពុង​បន្ដ​ការសិក្សា​លម្អិត​គម្រោង​។​

សម្រាប់​គម្រោង​បន្ទាប់ មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ គ្រោង​នឹង​រៀបចំ​ស្នើសុំ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​ប្រទេស​ជប៉ុន តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រាប់​គម្រោង​ការពារ​ទឹក​ជំនន់ ​និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៥ ដែល​ជា​គម្រោង​អាទិភាព​ទី​១​ក្នុង​ផ្នែក​ការពារ​ទឹកជំនន់​ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ​បង្ហូរ​ទឹក​ក្នុង​ផែនការ​មេ​នេះ​ផង​ដែរ​៕


អត្ថបទ ៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114