រឿងសំខាន់បំផុត​៣នេះ ត្រូវច្បាស់សិន មុនពេលទៅសម្ភាសន៍ការងារ

សមិទ្ធិផលកន្លងមករបស់យើង ប្រវត្តិរូបសង្ខេបនៃការសិក្សានិងការងារ​របស់យើង បុគ្គលិកលក្ខណៈពិសេស​ទេពកោសល្យនានា​របស់យើង ជៀសវាងមានសរសេរ​លំអិត​ក្នុងCVហើយ តែពេលត្រូវសួរនាំ​ជីកឬសគល់ បែរជាឆ្លើយ​តតាក់តតុប។

យ៉ាងហោចណាស់ គ្រប់គ្នា គួរយល់អំពី អ្វីដែលជាចំណេះមុនពេលទៅជួបសម្ភាសន៍។ KPTplus ចែកជាបីចំណែកធំៗ ដែលគ្រប់គ្នា​ត្រូវដឹងស្ទាត់៖

មុនពេលសំភាសន៍
ជាធម្មតាមាយើងមានភាពរំជើបរំជួលខ្លាំង សូមផ្លាស់ប្តូរការផ្តោតអារម្មណ៍នេះ ឱ្យទៅការរៀបចំត្រៀមខ្លួន​វិញល្អជាង។ សំរាកលំហែសរសៃប្រសាទអាចមានប្រយោជន៍ជាងស្ត្រេស សូមដកដង្ហើមវែងៗ គេងឱ្យបានស្កប់ស្កល់នៅយប់នោះ ដែលនាំមកនូវសម្រស់ស្រស់ស្រាយនិងអារម្មណ៍ធូរស្រាល អ្នកណាមិនមានអារម្មណ៍ល្អពេលជួបបេក្ខជន​ដែលមាន​ទឹកមុខស្រស់បំព្រងធូរស្រាល?អ្នកណាចូលចិត្ត​បេក្ខជនដែលមុខ​ស្ត្រេសតាំងពីមិនទាន់ចូលធ្វើការ?
ស្រាវជ្រាវរក្រុមហ៊ុនដែលអ្នកកំពុងទៅសម្ភាសន៍ដែលធ្វើដូច្នេះយើង​អាចឆ្លើយសំណួររបស់ពួកគេបានល្អនិងក្នុងបរិបទត្រឹមត្រូវ ព្រមទំាង​បង្ហាញថា យើង​ចាប់អារម្មណ៍នឹងក្រុមហ៊ុននេះ​មិនមែន​ចង់បានប្រាក់កម្រៃ​តែមួយមុខទេ។
កុំចោល ការញ៉ាំអាហារពេលព្រឹកដែល​ជួយឱ្យ​យើងផ្តោតអារម្មណ៍ បានល្អ។
គិតពីសំណួរដែលពួកគេ​អាចនឹង​សួរជាមុនដើម្បីដឹងចម្លើយចំពោះសំណួរមូលដ្ឋាននានា។ ត្រូវប្រាកដថាសម្លៀកបំពាក់អនាម័យ​ហើយគ្មានស្នាមជ្រួញ។ ដុសធ្មេញកម្ចាត់ក្លិនខ្លួននិងមាត់។ ពេលរៀបចូលសម្ភាសន៍​ត្រូវ បិទទូរស័ព្ទដៃហើយគិតថា ​នេះហើយជាឱកាស​ក្នុងការ បង្ហាញពីចំណុចខ្លាំងមួយរបស់អ្នក បេក្ខជនជាច្រើន​មិនមានឱកាស​នេះទេ  ការគិតនេះ នឹងបង្កើតចំណាប់អារម្មណ៍កាន់តែប្រសើរឡើង។

ក្នុងពេលសម្ភាសន៍

ត្រូវព្យាយាម​ឆ្លើយសំណួរនិមួយៗដែលត្រូវបានសួរដោយ​កំណត់ការគិតហោចណាស់ ៣វិនាទីសិន មុនពេលឆ្លើយសំណួរ ដើម្បីបង្ហាញថាយើងគិតមិនមែន​រួចតែពីមាត់។
ធ្វើជាខ្លួនយើងពិតៗ កុំដើរតួ ព្រោះHRគេពូកែមើលដឹង។ មនុស្សពុតច្រើន នឹងធ្លាក់តាំងពីដំបូង។
ត្រូវប្រាកដថា យ៉ាងហោចណាស់ យើង​យល់ច្បាស់ពីសំណួរ ព្រោះការបង្វែរឬឆ្លើយចាកប្រធាន អាចធ្វើឱ្យគេមានអារម្មណ៍ថាខាតពេលហើយ សម្លាប់ឱកាសរបស់យើង​បានក្នុងការ​ទទួលបានការសម្ភានស៍​តទៅទៀត។

កុំនិយាយលឿនពេក ក៏កុំប្រើពាក្យស្លោក កុំក្រអឺតក្រទមទោះអ្នកមើលទៅមាន​ចំណេះ​ជំនាញខ្លាំង​ជាងអ្នកកំពុងនៅពីមុខខ្លួនក្តី ។ អ្នកសម្ភាសន៍នឹងសួរសំណួរបច្ចេកទេសហើយ​ឆ្លើយ​តាមសម្រួល មិនបាច់ឆ្លើយបច្ចេកទេសវិញទេ។ កុំផឹកកាហ្វេឬភេសជ្ជៈ វាគឺជាសញ្ញានៃការមិនគោរពនៅក្នុងពេលសម្ភាសន៍។ ពិសេស​កុំនិយាយរឿងផ្ទាល់ខ្លួន។

អ្វីដែលត្រូវធ្វើបន្ទាប់ពីសម្ភាសន៍

ផ្ញើលិខិតថ្លែងអំណរគុណទៅអ្នកសំភាសន៍បន្ទាប់ពីបានចាកចេញគឺ ផ្ញើអ៊ីមែលកុំឆាត។ ទំនាក់ទំនងដែលអ្នកមានកាន់តែច្រើនឡើង ធ្វើឱ្យ អ្នកនៅតែមាន នៅក្នុងគំនិតរបស់ពួកគេ ជាងបេក្ខជនផ្សេងទៀត ប៉ុន្តែកុំច្រើន រហូត​ដល់«សាំ»។

ជាប់ធ្លាក់មិនមែន​ជាកំហុសយើង​ទេប្រសិនបើយើងបានធ្វើរឿងអស់ទំាងនេះរួចហើយ។ វាអាច​កត្តាលុយគេមិនដល់អ្វីដែលយើងទារ អាចបេក្ខជនផ្សេងត្រូវនឹងអ្វី​ដេលគេចង់បានជាង ឬអាចថា យើង​មិនត្រូវជាមួយ​តំណែងនោះ។

ហោចណាស់យើងរៀនបានពីវា និងដឹងអំបីរបៀធ្វើសម្ភាសន៍ ព្រមទំាងបង្កើនទំនុកចិត្ត​ក្នុងពេលសន្ទនា​។​

ឡាហ្សូលី