កន្លែង Joker ឈរ​ថត​​ក្លាយ​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរទីក្រុង​ញូវយ៉ក​

អ្នក​លេង​បណ្ដាញ​សង្គម Instagram និង​អ្នក​គាំទ្រ​ខ្សែ​ភាពយន្ត​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ជណ្ដើរ​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ផ្លូវ​លេខ ១៦៧ ក្នុង​សង្កាត់ Bronx នៃ​ទី​ក្រុង​ញូវយ៉ក ​ដើម្បី​ទៅ​ទស្សនា​កន្លែង​ដែល​តួ​អង្គ Arthur Fleck របស់ Joaquin Phoenix អបអរ​សម្រាប់​ការ​ក្លាយ​ជា​ស្ដេច​ឧក្រិដ្ឋកម្ម ។

Bronx គឺ​ជា​កន្លែង​ដែល​មាន​អ្នក​ទេសចរ​ពេញ​និយម ​ដូច​ជា​សួន​សត្វ Bronx, Yankee Stadium និង New York Botanical Gardens ។ ឥឡូវ​នេះ​ជណ្ដើរ​ពិត​ជា​បាន​បញ្ចូល​វា​ទៅ​ក្នុង​បញ្ជី​ដែល​មាន​អ្នក​ទៅ​ទស្សនា​នៅ​តំបន់​នោះ​ច្រើន​ជាង​គេ។

ដោយ​សារ​តែ​រូប​ភាព​មួយ​សន្លឹក​របស់ ​តារា​សម្ដែង​ក្នុង​រឿង “Joker” បាន​ផុស​នៅ​ក្នុង​បណ្ដាល​សង្គម​អ៊ីនធឺណេត ត្រូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អ្នក​ទេសចរ​ជា​ច្រើន​នាំ​គ្នា​ទៅ​ថត​រូប​នៅ​ទី​នោះ ថែម​ទាំង​អ្នក​មួយ​ចំនួន​បាន​តុបតែង​ខ្លួន​ឱ្យ​ដូច​ជា Joker ។
លោក Ignacio ជា​និស្សិត​ផ្នែក​ចិត្ត​វិទ្យា​ដែល​ជា​ភ្ញៀវ​ម្នាក់​ ក្នុង​ចំណោម​អ្នក​ទស្សនា​នៅ​គេហទំព័រ​នោះ​បាន​និយាយ​ថា គាត់​ពិត​ជា​ចូល​ចិត្ត​ខ្សែ​ភាពយន្ត​នេះ​ណាស់។ គាត់​បាន​ប្រាប់ Bored Panda ថា “ វា​បាន​ធ្វើ​ឱ្យ​ខ្ញុំ​សាក​ល្បង​និង​មើល​ពិភពលោក​ ពី​ទស្សនៈ​ផ្សេង​ទៀត​ដោយ​គិត​ពី​រោគសាស្ត្រ​និង​ជំងឺ​វិកលចរិត​ដែល​អាច​ទទួល​រង​គ្រោះ​ ដោយ​សារ​បញ្ហា​ដែល​ពួក​យើង​បាន​ជួប​ប្រទះ” ។

ចំពោះ​ខ្សែ​ភាពយន្ត​នេះ​វិញ Joker រក​ប្រាក់​បាន​ឡើង​ដល់ ៧៣៧ លាន​ដុល្លារ​ នៅ​ទូ​ទាំង​ពិភពលោក​នៅ​ចុង​សប្ដាហ៍ ​នេះ​បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​មួយ​សប្ដាហ៍​ទៀត​នៅ​ box office ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ចំណូល ៨១០ លាន​ដុល្លារ។ ក្រុម​អ្នក​ជំនាញ​ជឿ​ជាក់​ថា​រឿង Joker នឹង​បន្ត​មាន​ការ​ទស្សនា​រហូត​ទាល់​តែ​វា​ឡើង​ដល់ ៩០០ លាន​ដុល្លារ​ដែល​បាន​ក្លាយ​ជា​ខ្សែ​ភាពយន្ត R-rated ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ៕

ចុចអាន៖ “JOKER 2” ​នឹង​ចេញ​​ឆាប់ៗ​នេះ ក្រោយ​វគ្គ​១​ជោគជ័យ​ខ្លាំង​

ប្រែសម្រួល៖ សន ផានិត