«គេហទំព័រ​កម្ពុជា​ថ្មី​​» ​ចុះ​កិច្ច​សហការ​ជា​ដៃ​គូ​ជាមួយ ​គេហទំព័រ​ ​«Hello ​គ្រូពេទ្យ»​

«គេហទំព័រ​កម្ពុជា​ថ្មី​​»​​បាន​ចុះ​កិច្ច​សហការ​ជា​ដៃ​គូ​ជាមួយ​នឹង​​ ​គេហទំព័រ ​«​Hello​ ​គ្រូពេទ្យ» ​​ដើម្បី​​​ផ្ដល់​ព័ត៌មាន​​​​​ទាក់​ទង​នឹង​សុខភាព ​ដែល​ត្រឹម​ត្រូវ​និង​អាច​ជឿ​ទុក​ចិត្ត​បាន​​។ គេហទំព័រ​កម្ពុជា​ថ្មី​គឺជា​ប្រព័ន្ធ​​ផ្សាយ​ឈាន​មុខ​នៅ​កម្ពុជា ដែល​មាន​អ្នក​តាម​ដាន​តាម​បណ្ដាញ​សង្គម​ជាង​៣​លាន​នាក់​​​​​ ខណៈ​គេហទំព័រ​ ​«Hello ​គ្រូពេទ្យ»​ ​ជា​គេហទំព័រ​សុខភាព​​ធំ​មួយ​​ ហើយ​បាន​ប្រឡូក​ ក្នុង​វិស័យ​សារព័ត៌មាន​​កាល​ពី​ដើម​ឆ្នាំ ២០១៩​​កន្លង​មក។​​

លោក​​ មៃ សុខលីម ​និពន្ធ​នាយក​ «គេហទំព័រ​កម្ពុជា​ថ្មី​​»​​​ បាន​ឱ្យ​ដឹង​ថា​​​ ​នេះ​គឺ​ជា​​លើក​ទី​១ ហើយ​ដែល​«គេហទំព័រ​កម្ពុជា​ថ្មី​​»​​​ បាន​​កិច្ច​សហការ​ជាមួយ​នឹង​គេហទំព័រ ​«​Hello​ ​គ្រូពេទ្យ» ​ដើម្បី​​​ផ្ដល់​ចំណេះ​ដឹង​​ត្រឹម​ត្រូវ​​​ទាក់ទង​នឹង​​បញ្ហា​​សុខភាព​ដល់​ពលរដ្ឋ​​ ​ឲ្យ​បាន​កាន់​តែ​សម្បូរណ៍​បែប។ ​​​​​​កិច្ចសហការ​នេះ​ ក៏​ជា​សញ្ញា​ល្អ​មួយ​​​ក្នុង​ការ​លើក​​កម្ពស់​ដល់​​វិជ្ជាជីវៈ​សារព័ត៌មាន និង​​កម្មសិទ្ធិ​បញ្ញា​ផង​ដែរ​​​។

“​ការងារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ គឺ​យើង​​តែង​ធ្វើ​យ៉ាង​ណា​​ជំរុញ​ព័ត៌មាន​ពិត​ និង​ត្រឹម​ត្រូវ​​ដល់​ពលរដ្ឋ​។ ព័ត៌មាន​សុខភាព​​គឺ​ មាន​សារ​សំខាន់​ និង​​តែង​ទាក់ទាញ​​អ្នក​​អាន​បាន​ច្រើន​។ដូច្នេះ​​តាម​រយៈ​កិច្ច​សហការ​នេះ​ យើង​រំពឹង​ថា​ នឹង​អាច​ផ្ដល់​ព័ត៌មាន​​សុខភាព​បាន​​កាន់​តែ​ច្រើន​​​ជាង​មុន​​”។​ លោក​​សុខលីម និយាយ​​បន្ថែម​។

កិច្ចសហការ​នេះ​​នឹង​អនុញ្ញាត​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ទាំង​ពីរ​អាច​ដោះដូរ​មាតិកា​គ្នា​ទៅ​វិញ​ទៅ​មក​តាម​លក្ខខណ្ឌ​ដែល​បាន​ព្រមព្រៀង​គ្នា ជាមួយ​នឹង​ការងារ​រួម​គ្នា​មួយ​ចំនួន​ទៀត។ ​

​​​​​​​ចំណែក​លោក​​ជីព ចិត្ត​ និពន្ធ​នាយក និង​ជា​ប្រធាន​យុទ្ធសាស្ត្រ​ឌីជីថល​​បាន​ ​កោតសរសើរ​ដល់​បណ្ដា​សារព័ត៌មាន​កម្ពុជា​ថ្មី​​​ ​​​ថា ​​ជា​សារព័ត៌មាន​ប្រកាន់​វិជ្ជាជីវៈ​ខ្ពស់​បំផុត​មួយ ដែល​ឲ្យ​តម្លៃ​លើ​ការ​ខិតខំ ប្រឹងប្រែង​ផលិត ច្នៃប្រឌិត ដើម្បី​ជា​ប្រយោជន៍ និង​គុណ​តម្លៃ​ស្លាកយីហោ​បណ្ដាញ​សារព័ត៌មាន​ខ្លួន​លើ​ទីផ្សារ និង​ទាញ​បាន​ការ​ជឿជាក់​ទុកចិត្ត ពី​បងប្អូន​អ្នក​អាន​គ្រប់ទិសទី។​ ​លោក​ថា​ ដើម​ឆ្នាំ ២០២០​នេះ ​ជា​ការ​បោះជំហាន​ទៅ​មុខ​មួយ​កម្រិត​ទៀត របស់​ Hellokrupet ដែល​បាន​ចាប់​ដៃ ជា​ដៃគូ​ព័ត៌មាន​ផ្លូវការ​រវាង​កាសែត​ចាស់​វស្សា​បំផុត​មួយ ក្នុង​ចំណោម​បណ្ដា​សារព័ត៌មាន​នានា​ក្នុង​ស្រុក​ដូច​ជា ​កម្ពុជា​ថ្មី។ ​

ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ដែល​ កម្ពុជា​ថ្មី​​មើល​ឃើញ​ពី​អ្វី​ដែល​Hellokrupetយើង​បាន​ប្រឹងប្រែង និង​ផ្ដល់​ការ​ជឿជាក់​ខ្ពស់​ក្នុង​ការ​ផលិត​​​មាតិកា​(Content) សុខភាព​ក្រោម​ការ​ពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពី​ក្រុម ការងារ​ជា​វេជ្ជបណ្ឌិត​មុន​ចេញ​ផ្សាយ”។​ លោក​ ជីព​ ចិត្ត​ បន្ថែម​។