រដ្ឋបាល​ខេត្ត​កណ្ដាល ទទួល​អំណោយ​ជា​សម្ភារៈ​បរិក្ខារ​មួយ​ចំនួន​ពី​ខេត្ត​ប៊ិ​ញ​យឿ​ង ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩
BREAKING NEWS
Search

រដ្ឋបាល​ខេត្ត​កណ្ដាល ទទួល​អំណោយ​ជា​សម្ភារៈ​បរិក្ខារ​មួយ​ចំនួន​ពី​ខេត្ត​ប៊ិ​ញ​យឿ​ង ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

​កណ្ដាល ​៖ កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២០ អភិបាលរង​ខេត្ត​កណ្ដាល តំណាង​អភិបាល​ខេត្ត បាន​ដឹកនាំ​ប្រតិភូ​ខេត្ត​កណ្ដាល ទទួល​អំណោយ​ជា​សម្ភារៈ​បរិក្ខារ ដើម្បី​ការពារ និង​ទប់ស្កាត់ ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពី​ខេត្ត​ប៊ិ​ញ​យឿ​ង នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ បាវិត​-​ម៉ុក​បាយ​។​

​ឱកាស​នោះ​ដែរ លោក ង្វៀង មិញ​ហឹ​ង Nguyen Minh Hung អនុប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ប៊ិ​ញ​យឿ​ង និង​ជា​ប្រធាន​ប្រតិភូ បាន​មានប្រសាសន៍ថា ការ​ប្រគល់​អំណោយ​ជា​សម្ភារៈ​បរិក្ខារ នៅ​ពេលនេះ គឺ​ដើម្បី​រឹតបន្តឹង​ថែមទៀត​នូវ​ស្មារតី​សាមគ្គីភាព មិត្តភាព រវាង​គណៈកម្មាធិការ​ប្រជា​ជន​ខេត្ត​ប៊ិ​ញ​យឿ​ង និង​រដ្ឋបាល​ខេត្ត​កណ្ដាល ក៏​ដូចជា​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម នឹង​រួម​ដៃ​គ្នា​ក្នុង​កិច្ចការពារ ទប់ស្កាត់ ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​លោក នៃ ចារី អភិបាលរង​ខេត្ត តំណាង​លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់អាវុធ ព្រះសង្ឃ ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កណ្ដាល មាន​សេចក្ដីសោមនស្ស​រីករាយ​ឥតឧបមា និង​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​គណៈកម្មាធិការ​ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ខេត្ត​ប៊ិ​ញ​យឿ​ង នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ជា​សម្ភារៈ​បរិក្ខារ ដល់​រដ្ឋបាល​ខេត្ត​កណ្ដាល និង​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្ដាល ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​កើត​មាន​ឡើង​ទូទាំង​ពិភពលោក ក៏​ដូចជា​ក្នុង​តំបន់​អាស៊ាន​របស់​យើង​ផង​ដែរ​។​

​លោក​បន្ថែម​ថា ជា​ការ​ពិត​ណាស់ ស្ថិត​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន និង​អតីតកាល​ បានបញ្ជាក់​ឲ្យ​ឃើញ​ថា កម្ពុជា​-​វៀតណាម តែងតែ​នៅក្បែរ​គ្នា ជួយ​គ្នា​ទៅវិញទៅមក ​ក្នុង​ស្មារតី​ទទួលខុសត្រូវ និង​សម្រេចបាន​នូវ​ឆន្ទៈ​រួម​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ អំពី​ចំណងទាក់ទង “​ភូមិ​ផង​ល្អ មិត្តភាព​ប្រពៃណី កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ស្ថិតស្ថេរ យូរ​អង្វែង​”។​

​សម្ភារៈ​បរិក្ខារ​ដែល​រដ្ឋបាល​ខេត្ត​កណ្ដាល​ទទួល​បាន មាន​ម៉ាស​ពេទ្យ​​០៥​កេស​ធំ ម៉ាស​ក្រណាត់ ​០៥​កេស​ធំ សម្ភារៈ​ការពារ​២០​កេស​ធំ ស្រោមដៃ​ពេទ្យ​២៥​កេស​តូច Cloramin B ចំនួន​០៥​កេស​ធំ សាប៊ូ​ទឹក​​១៦​កេស​តូច និង​អេតាណុល​សុទ្ធ​១០​កេស​តូច​៕

សូមចុចអាន ៖ មន្រ្តីជំនាញ​សុខាភិបាល​៖ បញ្ហាកូវីដ-១៩​ នៅកម្ពុជា​ ស្ថិតនៅភ្លេីងស្តុបព័ណលឿងនៅឡេីយទេ​ សុំប្រុងប្រយ័ត្នខ្ពស់មែនទែន​

 


អត្ថបទ ៖ មុនី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114