សម្តេច​ក្រឡា​ហោម​ ​អំពាវនាវ​ឲ្យ​បន្ត​ការ​អប់រំ​ផ្សព្វផ្សាយ​ទប់ស្កាត់​​កូវីដ​១៩​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត

ប៉ោយប៉ែត ​៖ ​សម្ដេច​ក្រឡាហោម​ ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២០​នេះ​ បាន​អំពាវនាវ​ឲ្យ​​អាជ្ញាធរ​ សមត្ថកិច្ច ​បន្ត​ការ​អប់រំ​ផ្សព្វផ្សាយ​ទប់ស្កាត់​​កូវីដ​១៩​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត។

ការ​អំពាវនាវ​បែប​នេះ ​​ខណៈ​សម្ដេច ​​​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​​​កងកម្លាំង​គ្រប់​លំដាប់​ថ្នាក់​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ នៅ​ក្នុង​បរិវេណ​ការិយាល័យ​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ​ក្នុង​គោលបំណង​លើកទឹកចិត្ត​ដល់​កងកម្លាំង​ ដែល​បាន​ប្រឹងប្រែង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ ​ដោយសារ​តែ​មាន​ពលករ​ខ្មែរ​ជាច្រើន​ បាន​សម្រុក​ចេញពី​ប្រទេស​ថៃ​ចូលមក​ប្រទេស​វិញ​ ទាំង​តាម​ច្រក​ទ្វារ​អន្តរជាតិ និង​ទាំង​តាម​ច្រក​ផ្សេងៗ​ទៀត​នោះ។

នៅ​ក្នុង​ពិធី​សំណេះសំណាល​នោះ​​​ សម្ដេច​ក្រឡាហោម​ បាន​លើក​ឡើង​ថា នៅ​ចុង​ឆ្នាំ ២០១៩ ជំងឺ​រាតត្បាត​កូវីដ ​១៩ បាន​ផ្ទុះឡើង​ មុនគេ​ចេញពី​ប្រទេស​ចិន​ ហើយ​បន្ត​រាតត្បាត​ទៅដល់​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក ដោយ​ឡែក​នៅ​អាស៊ាន​យើង​គឺ​មាន​ប្រទេស​ចំនួន​ពីរ​ដែល​មិន​ទាន់​បាន​ឆ្លង​ឥឡូវនេះ ​បាន​ឆ្លង​ហើយ នោះ​គឺ​ប្រទេស​ឡាវ​និង​ប្រទេស​មីយ៉ាន់ម៉ា ក្នុងនោះ​ប្រទេស​ឡាវ​មាន​៣​ ​ករណី ​និង​មីយ៉ាន់ម៉ា​ ក៏​៣​ករណី​ដូចគ្នា​ដែរ។

សម្ដេច​ បាន​បន្ត​ទៀត​ថា ​​កូវីដ​១៩​នេះ ​​បាន​ធ្វើ​ឲ្យ​មនុស្ស​​ឆ្លង​រហូត​មាន​ចំនួន​៤៤១៧៨ ​ករណី ​ហើយ​បាន​សម្លាប់​ចំនួន​២១០០០​នាក់​ទៀត​ផង​ នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក​ដោយឡែក​នៅ​ប្រទេស​កម្ពុជា​យើង​គឺ​ពុំ​ទាន់​មាន​អ្នក​ស្លាប់​ទេ។

សម្ដេច​ បាន​បន្តទៀត​ថា មាន​ប្រទេស​មួយចំនួន​ បានដាក់​ឲ្យ​ប្រទេស​របស់​ខ្លួន​ស្ថិត​ក្នុង​គ្រា​មាន​អាសន្ន​រួចហើយ ដូចជា​នៅ​ឥណ្ឌា​និង​ប្រទេស​ថៃ​គឺ​ចាប់ផ្ដើម​ថ្ងៃនេះ​តែម្ដង។ ដោយឡែក​ប្រទេស​កម្ពុជា​យើង គឺ​មិនទាន់មាន​ដាក់​ឲ្យ​នៅក្នុង​គ្រា​មាន​អាសន្ន​នោះទេ។ ជាមួយ​គ្នា​នេះ ​សម្ដេច​ក្រឡាហោម ​ក៏បាន​សំណូមពរ​​​ដល់​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​ទាំងអស់ គឺ​ត្រូវ​យក​វិធានការ​ទប់ស្កាត់ ជំងឺ​ឆ្លង​​កូវីដ ​១៩​នេះ ​ឲ្យ​មាន​ប្រសិទ្ធភាព​តាមរយៈ​នៃ​ការ​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​យើង​ឱ្យ​បាន​ទូលំទូលាយ​ដោយ​ខានមិនបាន។ ​​​ ​​ ក្រោយពី​បាន​សំណេះសំណាល​រួច​ សម្ដេច​ក៏បាន​អញ្ជើញ​ពិនិត្យ​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ ដែល​ប្រឈម​នឹង​ច្រក​ទ្វារ​ខ្លង​លឹក​នៃ​ប្រទេស​ថៃ​ផង​ដែរ៕
ពៅរី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114