សវនាការសំណុំរឿងលោក កឹម សុខា នាព្រឹកនេះ ប្រព្រឹត្តទៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់

ភ្នំពេញ: តាមការគ្រោងទុកនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់លោក កឹម សុខា រយៈពេល២ថ្ងៃ គឺថ្ងៃទី១៥ និង១៦ ខែមករា ឆ្នាំ២០២០ ក្នុងនោះគេឃើញ មានការតាមដានយ៉ាងយកចិត្តទុកដាក់ពីអ្នកសារព័ត៌មានជាតិ អន្តរជាតិ សង្គមស៊ីវិល និងអ្នកការទូតបរទេសជាច្រើន។

លោក កឹម សុខា បានធ្វើដំណើរពីគេហដ្ឋាន តាមរយៈរថយន្តផ្ទាល់ខ្លួនមកដល់សាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោងប្រមាណ៧ និង៣៥ នាទីព្រឹក ដែលអមដំណើរដោយអ្នកគាំទ្រមួយចំនួនដូចជា លោក យ៉ែម ប៉ុញ្ញរិទ្ធ, លោក មុតចន្ថា និងសហការីមួយចំនួនទៀត ហើយទិដ្ឋភាពជាក់ស្ដែងនៅខាងមុខតុលាការក៏ដូចជានៅជុំវិញតុលាការមិនមានបាតុភាពអ្វី ឬសកម្មភាពអ្វីគួរចាប់ អារម្មណ៍នោះទេ។ ក្នុងនោះគេឃើញមានអ្នកគាំទ្រលោក កឹម សុខា ក៏ដូចជាសមាជិកសមាជិកា នៃអតីតគណបក្សសង្គ្រោះជាតិ មកគាំទ្រប្រមាណ១៥០ នាក់ ហើយក៏មានតំណាងស្ថានទូតបរទេសប្រចាំកម្ពុជា និងមានអ្នក សង្កេតការណ៍ ពីការិយាល័យឧត្តមស្នងការអង្គការសហ ប្រជាជាតិប្រចាំកម្ពុជា ចូលរួមតាមដានយ៉ាងច្រើនផងដែរ។

សវនានេះដឹកនាំដោយលោក កូយ សៅ អនុប្រធានសាលាដំបូង និងជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ លោកចៅក្រម សេង លាង លោក ធាម ចន្ទ័ពិសិដ្ឋ ជាចៅក្រមប្រឹក្សា និងលោក ជ័យ វាសនា ជាក្រឡាបញ្ជីសវនាការ។

សវនាការនោះមានមេធាវីលោក កឹម សុខា បានចូលរួមផងដែររួមមាន ទី១, លោក ចាន់ ចេន, ទី២, លោក ផែង ហេង, ទី៣, លោកស្រី ម៉េង សុភារី, ទី៤, លោក ផាន់ ច័ន្ទសក្តិ ហើយមេធាវីរបស់រាជរដ្ឋាភិបាល ក៏បានចូលរួមផងដែរ គឺលោក គី តិច។

លោក កឹម សុខា ត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទធ្វើសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។

យោងតាមក្រមព្រហ្មទណ្ឌបទធ្វើសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ អាចជាប់ពន្ធនាគារពី១៥ ឆ្នាំដល់៣០ឆ្នាំ។ តែត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅវេលាទៀបភ្លឺឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដោយដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយសារតែបញ្ហាសុខភាពរបស់លោក បន្ទាប់ពីឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង (ម៣) រយៈពេលជាង១ឆ្នាំ។

ការដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ បានភ្ជាប់នូវលក្ខខណ្ឌចាំបាច់មួយចំនួនសម្រាប់អតីតមេបក្សប្រឆាំងនេះ ដែលរួមមានដូចជា មិនអនុញ្ញាតឲ្យចេញក្រៅពីព្រំប្រទល់នៃដែនដីដែលខណ្ឌដោយផ្លូវលេខ៣១៣ ផ្លូវលេខ៣១១ និងផ្លូវលេខ៦០៨, ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ, មិនត្រូវជួបអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងបុគ្គល ឬជនបរទេសដែលពាក់ព័ន្ធនឹងសំណុំរឿង និងមិនត្រូវជួបជុំធ្វើសកម្មភាពនយោបាយជាដើម។

មកដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែប្រែកាតព្វកិច្ចមួយចំនួនក្នុងដីកាសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួត ពិនិត្យតាមផ្លូវតុលាការ ដោយមានការបន្ធូរបន្ថយកាតព្វកិច្ចដែលត្រូវអនុវត្ត ហើយអ្វីដែលត្រូវគោរពបន្តទៀតនោះមានដូចជា ទី១, មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា ទី២, មិនត្រូវធ្វើសកម្មភាពនយោបាយ ទី៣, ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕

អត្ថបទ៖ កោះកែវ