ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​កឹម សុខា ទទួល​ជួប​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា ក្រោយ​ទទួល​បាន​ការ​បន្ធូរបន្ថយ​ការ​ដាក់​កម្រិត

ភ្នំពេញ ​៖​ នៅ​វេលា​ម៉ោង​០៩​និង​៣០​ព្រឹក ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ លោក កឹម សុខា បានទទួល​ជួប​ជាមួយ​លោក Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា ដែល​ជំនួប​នេះ បាន​ធ្វើឡើង​នៅផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ជំនួប​នេះ ​បានធ្វើ​ឡើង ក្រោយពី​តុលាការ​បាន​បន្ធូរបន្ថយ នៃ​ការដាក់​កម្រិត​តាមផ្លូវ​តុលាការ ​កាលពី​ថ្មីៗ​នេះ និង​បន្ទាប់ពី​ជួប​ជាមួយ​ស្ថានទូត​បារាំង និង​អាមេរិក កាលពី​ម្សិលមិញ​។​

​សូមបញ្ជាក់ថា ចៅក្រម​ស៊ើបសួរ​នៃ​សា លា​ដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​កែប្រែ​កាតព្វកិច្ច​មួយចំនួន​ក្នុង​ដីកា សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិតនៅក្រោម​ការត្រួត ពិនិត្យ​តាមផ្លូវ​តុលាកា ហើយ​ការបន្ធូរបន្ថយ​នេះ អាច​ឲ្យ​លោក កឹម សុខា មានលទ្ធភាព​ចេញទៅ​ក្រៅ​ផ្ទះ​បាន ប៉ុន្តែ​នៅមាន​ចំណុច​មួយចំនួនទៀត ដែល​លោក កឹម សុខា ត្រូវគោរព នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ​។

​អ្នកនាំពាក្យ​អះអាងថា កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ​បានទទួល​ពាក្យស្នើសុំ​មួយច្បាប់​របស់​សហ​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ដែល​មាន​ខ្លឹមសារ​ពាក់​ព័ន្ធ​ការបិទ​បញ្ចប់​ការ​ស៊ើបសួរ​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៥៦៤២ ចុះ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧​។​

​អ្នកនាំពាក្យ​បាន​បញ្ជាក់ថា ដោយ​ពិនិត្យ​លើ​ពាក្យស្នើសុំ​របស់​សហ​មេធា​វី​ការពារ​សិទ្ធិ​ឲ្យ​ជន​ត្រូវ​ចោទ ជាពិសេស​ត្រង់ចំណុច​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​របស់​ជន​ត្រូវ​ចោទ ដែល​ចាំបាច់​ត្រូវ​ពិនិត្យ និង​ព្យាបាល និង​ម្យ៉ាងទៀត ដោយសារ​នាពេល​កន្លងមក ក្នុងពេល​ស្ថិតនៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ជន​ត្រូវ​ចោទ​បាន​គោរព​ត្រឹមត្រូវ​តាម​កាតព្វកិច្ច​ទៃ​ការដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ព្រមទាំង​មាន​កិច្ចសហការ​ល្អ​ក្នុង​ដំណើរការ​នីតិ​វិធី​តុលាការ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​កែប្រែ​កាតព្វកិច្ច​មួយចំនួន​ក្នុង​ដីកា​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​លេខ​៤៩៩៦ “​គ​” ដ​.​ព​.​ស ចុះ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ ។

​យោងតាម​ដីកា​សម្រេច​កែប្រែ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​លេខ​៨៨០៩ “​គ​” ដ​.​ព​.​ស ចុះ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨៩ ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​បន្ត​ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយ​ត្រូវ​ជាប់​កាតព្វកិច្ច​ដូចជា ទី​១, មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទី​២, មិន​ត្រូវ​ធ្វើ​សកម្មភាព​នយោបាយ ទី​៣, ត្រូវ​ឆ្លើយតប​នឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114