លោកស្រី កែវ សេដ្ឋា តារាចម្រៀងជើង​ចាស់ទស​វត្ស៥០និង៦០ បានទទួលមរណភាព

លោកស្រី កែវ សេដ្ឋា តារាចម្រៀងជើង​ចាស់ទស​វត្ស៥០និង៦០ បានទទួលមរណភាព​នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ នៅគេហដ្ឋានកូនស្រីលោកស្រីនារាជធានីភ្នំពេញ។ នេះបើតាម​ទំព័រហ្វេសបុក​​ក្រុម​ព្រះសុរិយា​​។

ប្រភពដដែល​ឱ្យ​ដឹងថា ការបាត់បង់លោកស្រីប្រៀបដូចបាត់បង់នូវធនធានដ៏កម្រពីដែនកម្ពុជាយើង ដែលលោកស្រីបានកសាងស្នាដៃ និងតស៊ូគ្រប់យ៉ាងដើម្បីសិល្បៈជាតិយើងតាំងពីលោកស្រីដឹងក្តីរហូតដល់ថ្ងៃលាចាកលោកនេះ។

ចម្រៀងជាច្រើនបទរបស់លោកស្រីនៅតែមានជីវិតដល់សព្វថ្ងៃក្នុងក្រអៅបេះដូងរបស់មហាជនខ្មែរដូចជាបទ រាត្រីដែលបានជួបភក្រ្ត , បទ ទ្រូងអនាថា , បទ ទីវាលសត្វយំ , បទ សង្ឃឹមជានិច្ច , បទ សារិកា , បទ ទឹកភ្នែកសូយ៉ា ជាដើម។ក្រៅពីជាអ្នកចម្រៀងដ៏ល្បី នៃជំនាន់ទី១នៃការកកើតវិស័យចម្រៀងខ្មែរ លោកស្រីជាសិល្បការិនីល្ខោនបាសាក់ យីកេ និងរបាំប្រពៃណីផងដែរ។

ក្រុមព្រះសុរិយាទាំងមូលសូមបួងសួងដល់ដួវវិញ្ញាណក្ខន្ធលោកអុំ អញ្ជើញទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕