រដ្ឋ​បាលខេត្ត​កែប​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា និង​ធ្វើ​ពិធី​រាប់​បាត​ព្រះសង្ឃ​ជាង​១២០​អង្គ នៅ​វត្ត​ស​ត្ថា​ធម្ម​វិហារ

កែប ៖ កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​០៨​ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ រដ្ឋ​បាល​ខេត្ត​កែប បាន​ប្រារព្ធ​ពិធី បុណ្យ​មាឃបូជា ដែល​កម្មវិធី​នេះ​បាន​ធ្វើឡើង​នៅ វត្ត​ស​ត្ថា​ធម្ម​វិហារ (​ភ្នំ​ពោន​)​ដែល​ស្ថិតនៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។

​កម្មវិធី​បុណ្យ​បាន​ប្រារព្ធ​ធ្វើ​ឡើ​ង​ដោយ​មានការ​អញ្ជើញ​នឹង​និមន្ត​ចូលរួម​ជា​វត្តមាន នា​ឱកាស​នោះ ពី​សំណាក លោក កែន ស​ត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ព្រមទាំង ព្រះ​មេគុណ​ខេត្ត ទាំងពីរ​គណ​: លោក លោកស្រី សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត លោក ​លោកស្រី អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុង​ខេត្ត លោកគ្រូ អ្នកគ្រូ​សិស្ស​និស្សិត និង​ពុទ្ធបរិស័ទ​ទាំង​ទី​ជិត​ទី​ឆ្ងាយ​យ៉ាង​ច្រើន​កុះករ​។

​ពិធីបុណ្យ​មាឃបូជា គឺជា​ពិធីបុណ្យ​មួយ​ដ៏​មាន​សារ​សំខាន់​បំផុត នៅ​ក្នុង​ព្រះពុទ្ធសាសនា ដែល​ជា​សាសនា​របស់​រដ្ឋ ហើយ​ពិធីបុណ្យ​មាឃបូជា នេះ​ទៀតសោត ក្នុង​គោលបំណង​ចម្បង​គឺ​ប្រារព្ធ​ឡើង សម្រាប់​រំលឹក​ដល់ អភិលក្ខិតកាល ២​ប្រការ​គឺ​៖ ១-​ព្រះ​អរហំ​សម្មាសម្ពុទ្ធ ទ្រង់​ដាក់​នូវ​ព្រះ​ជន្មាយុ​សង្ខារ​, ២-​ព្រះ​អរហំ​សម្មាសម្ពុទ្ធ ទ្រង់​ធ្វើ​ចតុរង្គសន្និបាត​។

​សូម​ជម្រាប​ថា កម្មវិធី​បុណ្យ​មាឃបូជា នា​រសៀល​ថ្ងៃ​សៅរ៍ ១៥​កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ​២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ បាន​ដង្ហែ​ក្បួន​នឹង​ធ្វើ​ពិធី​វេរ​គ្រឿង​សក្ការបូជា​ស្វាធ្យាយ និង​ព្រះសង្ឃ​សម្ដែង​ព្រះធម៌​ទេសនា​។ ហើយ​កម្មវិធី​បុណ្យ​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ព្រឹក​ថ្ងៃអាទិត្យ ១​រោច ខែមាឃ​ឆ្នាំកុរ​ពុទ្ធសករាជ​២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី ០៩​ខែ​កុម្ភៈ​ឆ្នាំ ២០២០ ដោយមាន​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី បិណ្ឌបាត​ជាង ១២០​អង្គ​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ​