រដ្ឋបាល​ខេត្ត​កែប ផ្សព្វផ្សាយ​សារាចរ​ណែនាំ ស្ដីពី​ការ​ធ្វើ​វិចារណ​កម្ម និង​ការ​ពង្រឹង​ប្រសិទ្ធភាព​ចំណាយ​លើក​ទី​២
BREAKING NEWS
Search

រដ្ឋបាល​ខេត្ត​កែប ផ្សព្វផ្សាយ​សារាចរ​ណែនាំ ស្ដីពី​ការ​ធ្វើ​វិចារណ​កម្ម និង​ការ​ពង្រឹង​ប្រសិទ្ធភាព​ចំណាយ​លើក​ទី​២

កែប ៖ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​២០២០ រដ្ឋបាលខេត្ត​កែប បាន​ផ្សព្វផ្សាយ​សារាចរ​ណែនាំ ស្តីពី​ការ​ធ្វើ​វិចារណ​កម្ម និង​ការ​ពង្រឹង​ប្រសិទ្ធភាព​ចំណាយ​លើក​ទី​២ សម្រាប់​អនុវត្ត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ ក្រោម​អធិបតីភាព លោក អ៊ុក ថា អភិបាលរង​ខេត្ត​កែប និង លោក កែវ ហុង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​កែប​។​

​លោក អ៊ុក ថា អភិបាលរង​ខេត្ត បាន​គូសបញ្ជាក់ថា ក្នុង​បរិការណ៍​ដែល​សេដ្ឋកិច្ច​សកល និង​ស្ថាន​ភាព​ម៉ាក្រូសេដ្ឋកិច្ច​កំពុង​វិវត្ត​ឆាប់រហ័ស និង​ចល័ត​យ៉ាង​លឿន​ពិបាក​ប៉ាន់ប្រមាណ​ឲ្យ​បាន​ច្បាស់​លាស់ ដោយសារ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ-១៩ រាជរដ្ឋាភិបាល​បានធ្វើការ​វាយតម្លៃ​ឡើងវិញ​អំពី​ផលប៉ះពាល់​ នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ មកលើ​ក្របខណ្ឌ​ច្បាប់ ថវិកា​ជាតិ​ពេញ​១​ឆ្នាំ​២០២០ និង​បានសម្រេច​បង្វែរ​ទិស​ នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ពី​”​ថវិកា​វិត្ថារ​កម្ម​” (stimulus budget) ដើម្បី​លើកកម្ពស់​កំណើន ទៅជា “​ថវិកា​តបៈ​កម្ម ឬ​រឹតបន្តឹង​ចំណាយ​” (austerity budget) កម្រិត​ខ្ពស់​មួយ ដើម្បី​បង្វែរ​ថវិកា​ឆ្ពោះទៅ​ដោះស្រាយ​ការងារ​អាទិភាព​ចំពោះមុខ​ចំនួន​៤ រួមមាន​ ៖ (១)-​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ ,(២)-​រក្សា​លំនឹង​ជីវភាព​ប្រជាជន​ក្នុង​កម្រិត​អប្បបរមា​មួយ (​មិនឲ្យ​អត់បាយ​) ជាពិសេស​សម្រាប់​ជនក្រីក្រ និង​អ្នក​បាត់បង់​ការងារ​,(៣)-​ខិតខំ​ជួយ​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ធុរកិច្ច និង​អាជីវកម្ម​អាចរ​ស់បាន និង​រក្សា​ការងារ ពិសេស រក្សា និង​ជំរុញ សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក និង​ទី​(៤)-​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​ស្ថិរភាព​សង្គម​។​

​ក្នុងន័យនេះ បន្ថែម​លើ​ការធ្វើ​វិចារណ​កម្ម និង​ការ​ពង្រឹង​ប្រសិទ្ធភាព​លើ​ការចំណាយ​លើក​ទី​១ តាម​រយៈ​ការអនុវត្ត​សារាចរ​ណែនាំ​លេខ ០០១ សហវ​-​អថ ចុះ​ថ្ងៃទី ០៦ ខែមីនា ឆ្នាំ​២០២០,​និង​ក្នុង​ស្មារតី​សាមគ្គីភាព​ជាតិ និង​ការចែករំលែក​បន្ទុក​ដ៏​ធ្ងន់​របស់​ជាតិ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ​នេះ ទើប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើការ​ណែនាំ​ដល់​ក្រសួង ស្ថាប័ន ,​គ្រឹះស្ថាន​សាធារណៈ ​រដ្ឋ​បាល​មន្ទីរ​ជំនាញ​រាជធានី ខេត្ត និង​រដ្ឋបាល​រាជធានី ខេត្ត ធ្វើ​វិចារណកម្ម និង​ពង្រឹង​ប្រសិទ្ធភាព​ចំណាយ​លើក​ទី​២ ដោយ​កាត់​សន្សំ​ចំណាយ​បន្ថែមឲ្យ​គ្រប់​៥០% សម្រាប់​ការអនុវត្ត​ចំណាយ​ថវិកា​ឆ្នាំ​២០២០ តាម​ការកំណត់​ឲ្យ​មាន​ប្រសិទ្ធភាព​ចាប់ពីពេលនេះ​តទៅ​៕

សូមចុចអាន ៖ ក្រសួងសុខាភិបាល ទទួល​បាន​ការឧបត្ថម្ភ​ប្រអប់​សុវត្ថិភាព​វេជ្ជសាស្ត្រ ពី​អែ​ស​ស៊ីជី សម្រាប់​គ្រូពេទ្យ​ជួរមុខ ដើម្បី​ការពារ​ការ​ឆ្លង​វីរុស​កូ​វីដ​-១៩


អត្ថបទ ៖ សេង ណា​រិ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114