BREAKING NEWS
Search

លោក​គួច ខេវិន​ថា មាន​មនុស្ស​ធម្មតា​ពាក់​ស្រោម​តារា ​មក​រិះគន់​ចំអកចំអន់​អ្នក​សិល្បៈ

ភ្នំពេញ ​៖​ លោក​គួច ខេវិន អ្នក​ដឹកនាំ​សម្ដែង​កម្មវិធី​កម្សាន្ត​ទូរទស្សន៍​យូរ​ឆ្នាំ និង​ល្បី​ឈ្មោះ​មួយ​រូប បាន​លើក​ឡើង​ថា ស្រប​ពេល​ស្រុក​ទេស​ជួប​ប្រទះ ​នូវ​ជំងឺ​អាសន្នរោគ​COVID-19 មាន​មនុស្ស​ធម្មតា​ពាក់​ស្រោម​តារា ពាក់​ស្បែក​សិល្បៈ មក​រិះ​គន់​ចំអកចំអន់​អ្នក ​សិល្បៈ​ ទាំង​មិន​ប្រើ​វិចារណញ្ញាណ​ឲ្យ​បាន​ត្រឹមត្រូវ។

លោក​ បាន​លើក​ឡើង​បែបនេះ ស្រប​ពេល​កន្លង​មក ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច ធ្វើការ​ត្អូញត្អែរ​​ពី​ការ​បាត់បង់​ចំណូល​ក្នុង​មុខរបរ​រកស៊ី ឯ​តារា​មួយ​ចំនួន​តូច​ក៏ បាន​ធ្វើ​ការ​ត្អូញត្អែរ​ពី​ការ​បាត់បង់​ចំណូល​ក្នុង​អាជីព​របស់​ខ្លួន​ផង​ដែរ ហើយ​ត្រូវ​អ្នក​លេង​បណ្ដាញ​សង្គម​មួយ​ចំនួន​ធ្វើការ​រិះគន់​លើ​បញ្ហា​នេះ។

លោក​គួច ខេវិន បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបភាព​តារា​សិល្បៈ​ជា​ច្រើន​ដួង ដែល​ចូលរួម​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​១៩ ដោយ​បញ្ជាក់​ដូច្នេះ​ថា« គុណ​តម្លៃ​ដ៏​អស្ចារ្យ ថ្លៃថ្លា​បំផុត​របស់​មនុស្ស គ្រប់រូប មិន​ថាតែ​ចំពោះ​នាម៉ឺន​សព្វ​មុខមន្ត្រី សេដ្ឋី ឧកញ៉ា ពួក​តារា ឬ អ្នក​សិល្បៈ នោះ​ឡើយ នោះ​អំពើ​”​សប្បុរស​” ការ​បរិច្ចាគ នូវ​លុយកាក់ ទ្រព្យធន​និង​បរិក្ខារ នានា​ទៅ ឲ្យ​បុគ្គល ឬក៏​ទៅដល់​សង្គម​ក្តី វា អាស្រ័យ​ទៅលើ​សេចក្តី​សប្បុរស របស់​បុគ្គល​នីមួយៗ ឬ​មនុស្ស​ម្នាក់ៗ ដោយ​មិន​អាច​បង្ខិតបង្ខំ​បាន​ឡើយ!»។

អ្នក​ដឹកនាំ​កម្មវិធី​កម្សាន្ត​ទូរទស្សន៍​រូបនេះ​បន្ត​ថា «កាលៈទេសៈ​ ដែល​ស្រុកទេស​ជួប​ប្រទះ នូវ​ជំងឺ​អាសន្នរោគ​COVID-19 ប្រជាជន​ត្អូញត្អែរ​ពី​ការបាត់បង់​ចំណូល​ក្នុង​មុខរបរ​រកស៊ី តារា​ក្នុង​សង្គម​សិល្បៈ​មួយ​ចំនួន​តូច ក៏​ត្អូញត្អែរ​ពី ការបាត់បង់​ចំណូល​ក្នុង​អាជីព របស់​ខ្លួន​!!! មានការ​រិះគន់​ពេបជ្រាយ ពី​សំណាក់​មហាជន​តិចតួច​ចំពោះ​ តារា​ខ្លះៗ ហើយ​ក៏​មាន​មនុស្ស​ធម្មតា​ពាក់​ស្រោម​តារា ពាក់​ស្បែក​សិល្បៈ មក​រិះគន់​ចំអកចំអន់​អ្នក សិល្បៈ ទាំង​មិន​ប្រើ​វិចារណញ្ញាណ​ឲ្យ​បាន​ត្រឹមត្រូវ ដែល​មិន​ត្រឹមតែ មិន​ធ្វើ​ឲ្យ​ខ្លួន​មាន តម្លៃ តែ​បែរជា​ធ្វើ​ឲ្យ​ខ្លួនឯង​កាន់តែ​ទាប ថោក​ទៅវិញ​🙊🙉🙈គេ​ពុំ​អាច​វាយតម្លៃ​ទៅលើ​មនុស្ស​ទូទៅ ឬ​ទៅលើ​អ្នក សិល្បៈ​តែ​ទៅលើ​សំបក​ក្រៅ​នោះ​ទេ តែ​គួរ​គប្បី​វាយតម្លៃ​ទៅលើ​”​ធាតុ ពិត​”​របស់​ពួកគេ​ទើប​ត្រឹមត្រូវ។ នៅ​ក្នុង​សង្គម​ស៊ី​វិ​ល័យ មិន​ខ្វះ​ទេ​អ្នក​សំញែង ឡាន វិឡា តែ​ការ ប្រាក់​នៅ​ធនាគារ កំពុងតែ​កើន​វ័ណ្ឌ ក​😢​ពេលខ្លះ​អ្នក ក៏​គួរ​គិត​ថា មិនគួរ ណា​ចង់​អារ ក ខ្យង​ដើម្បី​សម្រក​ឈាម​នោះ​ទេ​!!!»។

ទោះ​យ៉ាង​ណា លោក​មិន​បញ្ជាក់​ថា បុគ្គលិក ដែល​ជា​មនុស្ស​ធម្មតា​ពាក់​ស្រោម​តារា ពាក់​ស្បែក​សិល្បៈ មក​រិះ​គន់​ចំអកចំអន់​អ្នក​សិល្បៈ​នោះ ​ជា​អ្នក​​​ស្ថិត​ក្នុង​ចង្កោម​ណា​នោះ​ឡើយ ខណៈ​កម្ពុជា​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២០​នេះ ក៏​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក​បាន​នៅ​ឡើយ៕
អត្ថបទ ៖ មនោ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114