BREAKING NEWS
Search

ខាត់ សុ​ឃីម ៖ ការអនុវត្ត ទង្វើ ដោយ​កាយ វាចា​ និង​ចិត្ត​ ទើប​ជា​គុណភាព​ជាក់ស្ដែង ​នៃ​កម្រិត​វប្បធម៌

ភ្នំពេញ ៖ តារា​ស្រី​ពហុ​ជំនាញ ​អ្នកនាង ខាត់ សុ​ឃីម ថ្វីត្បិតតែ​រហូតមកទល់​ពេល​បច្ចុប្បន្ន​នេះ​នាង​មាន​វ័យ​ជ្រេ​បន្តិច​ហើយក៏​ពិតមែន តែ​តារា​ស្រី​រូបនេះ​នូវតែ​រក្សា​បាន​ប្រជាប្រិយភាព ​និង​ការ​គាំទ្រ​មិន​ចាញ់​តារា​ប្រុស​-​ស្រី​រលក​ក្រោយ​នោះ​ទេ​។​ មិនតែប៉ុណ្ណោះ​អ្វីដែល​ត្រូវគេ​កត់សម្គាល់ ​គឺ​រូប​សម្រស់​របស់​នាង ​ក៏​នៅតែមាន​ភាពស្រស់ស្អាត​មិន​ចាញ់​ក្រមុំ​នោះ​ដែរ​។​

ហេតុផល​នេះ​ហើយ ​ទើប​ធ្វើ​ឲ្យ​អាជីព​សិល្បៈ​របស់​តារា​ស្រី ​អ្នកនាង ខាត់ សុ​ឃីម នូវ​តែ​រក្សា​បាន​ទីផ្សារ​ខ្ពស់​ដែល​អាច​រកចំណូល​បាន​គ្រប់​បណ្តា​កម្មវិធី​តូចធំ​មួយ​ចំនួន​។​ ម្យ៉ាងទៀត​ក្រៅតែពី​អាជីព​សិល្បៈ​អ្នកនាង ខាត់ សុ​ឃីម នាពេល​បច្ចុប្បន្ន​ក៏មាន​មុខ​ជំនួញ​ផ្ទាល់ខ្លួន​កាន់​ពេញដៃ​ផងដែរ​។​

យ៉ាងណាមិញ​ស្របពេល​ដែល​ភាពជោគជ័យ​របស់​ អ្នកនាង ខាត់ សុ​ឃីម កំពុង​ដើរទៅ​មុខ​ទន្ទឹមគ្នា​នេះ​ដែរ ​ស្រាប់តែ​នាង​បាន​បង្ហើប​ប្រាប់​ពី​គន្លឹះ​សំខាន់​មួយចំនួន​ដល់​មហាជន​ដើម្បី​យកទៅ​ពិចារណា​ជា​ផ្នត់គំនិត ​ឬ​គុណធម៌​ក្នុងការ​រស់នៅ​សង្គម​បច្ចុប្បន្ន​។​

អ្នកនាង ខាត់ សុ​ឃីម បាន​បញ្ជាក់​ប្រាប់​ដូច្នេះ​ថា បើ​សីលធម៌​គាត់​ទាប បានន័យថា ​គុណភាព ​នៃ​កម្រិតវប្បធម៌​គាត់​មិន​ប្រសើរ។​

តារា​ស្រី ​អ្នកនាង ខាត់ សុ​ឃីម បាន​និយាយ​ទៀត​ថា ​មនុស្ស​ចេះដឹង​មិន​ចាំ​បាច់​ថា​រៀន​បាន​ថ្នាក់ ខ្ពស់​ ឬ​មាន​សញ្ញាបត្រ​ធំ​ទេ អ្នកខ្លះ​រៀន​បាន​ត្រឹម​ថ្នាក់ទាប ​ប៉ុន្តែ​បទពិសោធន៍​ក្នុង​ការ​គិត ក្រម​សីលធម៌​ល្អ​ប្រសើរ​នោះ​ ក៏​ចាត់ទុកថា​ជាម​នុស្ស​ដែលមាន​ការអប់រំ​ល្អ និង​វប្បធម៌​ខ្ពស់​ជាង​អ្នករៀន​បាន​ថ្នាក់​ធំ។ ​ត្រូវ​ចាំ​ថា ​ការអនុវត្ត និង​ទង្វើ ដោយ​កាយ វាចា និង​ចិត្ត ទើប​ជា​គុណភាព​ជាក់ស្ដែង ​នៃ​កម្រិតវប្បធម៌។​

ជាការ​កត់សម្គាល់​ តារា​ពហុ​ជំនាញ​ អ្នកនាង ខាត់ សុ​ឃីម កន្លង​មិន​ត្រឹមតែ​ត្រូវ​ទទួលបាន​ការ​លើក​សរសើ​រ​ច្រើន​ពី​សំណាក់​មហាជន​ជុំវិញ​អត្តចរិត​ល្អ​រោះរាយ​រាក់ទាក់​នោះ​ទេ​ ពោលគឺ​ថ្មីៗ​នេះ​ នាង​ក៏​កាន់តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ទស្សនិកជន​ ខណៈដែល​តា​រា​ស្រី​រូបនេះ​ ប្រកាស​បញ្ចុះតម្លៃ​ថ្លៃ​ជួល​ផ្ទះ​ចំនួន​៥០​ភាគរយ​ ជូន​ដល់​ក​ម្មករ​-​កម្មការិនី​អំឡុង​ពេល​ជំងឺ​កូ​វីដ​-១៩ ​កំពុង​ផ្ទុះ​ឡើង​ផង​ដែរ​៕
អត្ថបទ ៖ ចាន់​រ៉ា​

សូមចុចអាន ៖ កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ដល់​ថ្ងៃ​ខួបកំណើត​ទទួល​បាន​ពរជ័យ​ពី​មហាជន​យ៉ាង​ច្រើន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114