បន្ត​សវនាការ​សំណុំ​រឿងក្តី​របស់លោក កឹម សុខា អ្នកសារព័ត៌មាន​ត្រូវបាន​រឹតត្បិត​ក្នុង​ការ​ថតរូប

ភ្នំពេញ ៖​ សាលាដំបូង​រាជធានី​ភ្នំពេញ កាល​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ បាន​បន្ត​សវនាការ​លើ​សំណុំរឿង​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​របស់លោក កឹម សុខា ក្រោយពី​ដំណើរការ​ចំនួន​១២ លើក​កន្លងមក​មិនទាន់​បានបញ្ចប់ ហើយ​នៅ​សប្តាហ៍​ទី​៥​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​ដំណើរការ​រយៈពេល​២​ថ្ងៃ​ដូចគ្នា ​​គឺ​ថ្ងៃទី​១២ និង​ទី​១៣ ខែកុម្ភៈ​។​

​សម្រាប់​ព្រឹក​នេះ លោក កឹម សុខា បានធ្វើ​ដំណើរ​ពី​គេហដ្ឋាន តាមរយៈ​រថយន្ត​ផ្ទាល់ខ្លួន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​ប្រមាណ​៨ និង​០៧ នាទី​ព្រឹក អមដោយ​មន្ត្រី​ស្និទ្ធ​របស់ខ្លួន គឺ​លោក យ៉ែម ប៉ុ​ញ្ញ​រិ​ទ្ធ​, លោក មុត​ចន្ថា និង​សហការី​មួយចំនួនទៀត​។ ទោះយ៉ាងណា ​​នៅ​ស​ប្តា​ហ៍​ទី​៥​នេះ មានការ​រឹត​ត្បិត​ចំពោះ​ការថតរូប​យ៉ាងខ្លាំង ដោយ​អ្នក​អ្នកសារព័ត៌មាន​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ឆ្លងផ្លូវ ចូលទៅ​ជិត​របង ដើម្បី​ថតរូប​ឡើយ​។​

​កាល​ពីស​ប្តា​ហ៍​មុន លោក​មេធាវី គី តិច ជាដើម​បណ្តឹងរដ្ឋប្បវេណី​បាន​និយាយថា នៅក្នុង​សំណុំ​រឿងនេះ លោក​មាន​ឯកសារ​ច្រើនណាស់ ដែល​នឹងត្រូវ​ដាក់ជូន​សវនាការ​តាម​លំដាប់លំដោយ ហើយ​បើតាម​ការកត់សម្គាល់​ម​ក​ដល់ពេលនេះ​លោក​អាច​និយាយបានថា លោក កឹម សុខា នឹងមិន​អាច​គេច​ផុតពី​ការចោទប្រកាន់​បានទេ​។​

លោក កឹម សុខា ត្រូវបាន​ចាប់ និង​ឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពីបទ​ធ្វើ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។​

យោងតាម​ក្រមព្រហ្មទណ្ឌ​បទ​ធ្វើ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូសរ៉ាយ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ អាច​ជាប់ពន្ធនាគារ​ពី​១៥ ឆ្នាំ​ដល់​៣០​ឆ្នាំ​៕ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114