ខេមរៈ សិរីមន្ត អំពាវនាវ​ឲ្យ​មហាជន​បញ្ឈប់​ការ​បរិភោគ​សាច់​ឆ្កែ

ភ្នំពេញ ​៖ ​កំពូល​តារា​ចម្រៀង​លំដាប់​ប្រទេស​លោក ខេមរៈ សិរីមន្ត បាន​ចេញ​មុខ​ធ្វើការ​អំពាវនាវ​យ៉ាង​ទទូច​ដល់​មហាជន​គ្រប់​ស្រទាប់​វ័យ​ដែល​ចូលចិត្ត​បរិភោគ​សាច់​ឆ្កែ​ឲ្យ​បញ្ឈប់​ទាំង​អស់​គ្នា​ ខណៈ​ដែល​លោក​បាន​ចិញ្ចឹម​ឆ្កែ​កម្សត់​ជាច្រើន​ក្បាល​ដែល​មេ​របស់​វា​ ត្រូវ​បាន​ចោរ​ចិត្ត​តិរច្ឆាន​លួច​ទាក់​យក​ទៅ​លក់។

​តារា​ចម្រៀង​ផលិតកម្ម​ហង្ស​មាស​លោក ខេមរៈ សិរីមន្ត បាន​រៀបរាប់​នៅ​ក្នុង​វីដេអូ​ថា ​ថ្ងៃនេះ​លោក​សុំ​បង្ហាញ​សត្វ​ឆ្កែ​ទាំង​៦​ក្បាល​ ដែល​កំព្រា​មេ​(​ម្តាយ​)​ ខណៈ​ដែល​មេ​រប​ស់​វា​ត្រូវ​បាន​ក្រុមចោ​រ​ចិត្ត​តិរច្ឆាន​លួច​ទាក់​ក​​យក​ទៅ​ធ្វើ​ម្ហូបអាហារ​បាត់​ កាលពី​អំឡុង​រយៈពេល​២​សប្ដាហ៍​មុន​។ ​ហេតុនេះ​ទើប​ធ្វើ​ឲ្យ​ពួកគាត់ ​(​ឆ្កែ​)​ ​ដែល​មាន​អាយុ​១​ខែ​មានការ​អាឡោះអាល័យ​នឹក​មេ​របស់​គេ​ដេក​យំ​រាល់ថ្ងៃ​។

លោក ខេមរៈ សិរីមន្ត បាន​បន្ត​ថា ​ឃើញ​បែប​នេះ​លោក​ពិតជា​មានចិត្ត​សង្វេគ​ខ្លាំង​ណាស់ ដូច្នេះ​ស្នើ​សុំ​ចិត្ត​បងប្អូន​ទាំងអស់ ​ដែល​ចូលចិត្ត​ពិសា​សាច់​ឆ្កែ​ត្រូវ​រួមគ្នា​បញ្ឈប់​ការ​បរិភោគ​ទាំង​អស់​គ្នា។ថ្វីត្បិតតែ​គាត់​ជា​សត្វ​តែ​ក៏​មាន​អារម្មណ៍​និង​ចិត្ត​ដូច​មនុស្ស​ដែរ គ្រាន់តែ​គាត់​និយាយ​មិនកើត​តែប៉ុណ្ណោះ​។

បន្ថែម​ពីលើ​នេះ​លោក ខេមរៈ សិរីមន្ត បាន​លើក​ឡើង​ថា​ ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ចូលចិត្ត​ពិសា​សាច់​ឆ្កែ​ឬ​អ្នក​ដែល​ប្រកប​របរ​លក់​សាច់​ឆ្កែ​ត្រូវ​រួមគ្នា​កែប្រែ​និង​បញ្ឈប់​ទាំង​អស់​គ្នា​ដើម្បី​ឲ្យ​ពួកគាត់​(​ឆ្កែ​)​មាន​សុវត្ថិភាព​ហើយ​មាន​សេចក្តី​សុខ​ដូច​មនុស្ស​ដែរ​។​ជាមួយគ្នា​នៃ​ការ​អំពាវនាវ​របស់​លោក ខេមរៈ សិរីមន្ត នេះ​ដែរ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​និង​គាំទ្រ​ជាច្រើន​យល់ស្រប​ចំពោះ​សម្ដី​លើកឡើង​លោក ខេមរៈ សិរីមន្ត ផង​ដែរ​៕


អត្ថបទ៖ ចាន់​រ៉ា