ឃុ​ម សេន មក​សងសឹក ធី វ៉ា​រិ​ទ្ធ ឯ អេ យ៉ា​នុត ជួប ហុង​ថង

​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​កម្ពុជា​ធី វ៉ា​រិ​ទ្ធ ក្លិប​អាណាចក្រ​គុន​ខ្មែរ​បាន ស្វាគមន៍​ចំពោះ​អ្នក​ប្រដាល់​ថៃ​ឃុ​ម សេន ប៉​.​វ៉ា​រា​សាក់ (Khumsen Por.Warasak) នៅក្នុង​កម្មវិធី​ប្រដាល់​ខា​រ៉ា​បាវ​លើ ​ស​ង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​នាយ​ប់​ថ្ងៃអាទិត្យ​ទី​១៦​កុ​ម្ភះ​២០២០​នេះ​។

​ធី វ៉ា​រិ​ទ្ធ ជា​កូនសិស្សលោក​ ​ធី​ណា​រិ​ទ្ធ បានទទួល​ស្វាគមន៍​ការសុំ​សងសឹក​របស់​អ្នក​ប្រដាល់​ ​ថៃ​ឃុ​ម ​​សេន ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ ។ វ៉ា​រិ​ទ្ធ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ មិនមាន​ឈ្មោះ​បោះ​សំឡេង​នោះទេ តែ​គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ផ្លែ​ល្អ​ ។ វ៉ា​រិ​ទ្ធ ធ្លាប់​ប្រកួត​ជាមួយ​ថៃ​៧​លើក​ទាំង​លើក​នេះ​ផង ដែល​ក្នុង​ការជួប​ប្រកួត​ជាមួយ​ថៃ​៦​លើក​កន្លងមក គេ​វាយ​ចាញ់​តែ​៣​លើក​ប៉ុ​ណ្នោះ ឯ​៤​លើក​ទៀត​គេ​ឈ្នះ ដែល​ក្នុងនោះ​មាន​ឃុ​ម​សេន ម្នាក់​ផង​។

​នេះ​ជា​លើក​ទី​៧ ដែល​ធី វ៉ា​រិ​ទ្ធ ត្រូវបាន​គេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​ថៃ​។ គេ​មាន​ស្នៀត​ប្រដាល់​ល្អ គ្រាន់តែ​អន់​ទិច​និក​ប្រកួត​ប៉ុណ្ណោះ​ ។ ​សំរាប់​ការជួបគ្នា​នេះ បើសិនជា​ឃុ​ម​សេន ពុំមាន​បញ្ហា​អ្វី​កើតឡើង​ទេនោះ វ៉ា​រិ​ទ្ធ​គឺ​ពិបាក​ហើយ ព្រោះ​ឃុ​ម​សេន​នេះ មាន​ទិច​និក​ល្អ​និង​ខ្លាំង​ជាង​។​
​ឃុ​ម​សេន គេ​ជា​អ្នក​ប្រដាល់​ជើងចាស់​ ដែល​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប៉ុន្មាន​លើក​ហើយ​កាលពីពេល​កន្លង​មក​។ ​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ស្នៀត​ប្រដាល់​ល្អ និង​មាន​ផ្លែ​ល្អ។ ការប្រកួត​ចុងក្រោយ​នៅ​កម្ពុជា ​(០៨​កញ្ញា​២០១៩) ឃុ​ម​សេន បាន​ចាញ់​ក្រោម​កណ្តាប់ដៃ​របស់​ធី វ៉ា​រិ​ទ្ធ​នេះឯង។ ឃុ​ម​សេន​នេះ មាន​ស្នៀត​ជង្គង់​ល្អ។​ចាំមើល តើ​ឃុ​ម សេន គេ​អាច​សងសឹក​ធី វ៉ា​រិ​ទ្ធ បានសម្រេច​ឬ​អត់​។

​ធី វ៉ា​រិ​ទ្ធ មាន​កំណត់ត្រា​ប្រកួត​ចំនួន​៦២​លើក ឈ្នះ​៤៨​លើក ចាញ់​១៣​លើក និង​ស្មើ​០១​លើក ឯ​អ្នក​ប្រដាល់​ថៃ​ឃុ​ម​សេន​វិញ មានកំណត់ត្រា​ប្រកួត​ចំនួន​៧៧​លើក ឈ្នះ​៥២​លើក ចាញ់​២២​លើក និង​ស្មើ​០៣​លើក ។​
​ទោះជា​យ៉ាងណាក្តី ​សម្រាប់​ការជួបគ្នា​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ហើយ​ពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ​ ។
​ចំពោះ កីឡាការិនី អេ យ៉ា​នុត ក្លិប​អេ​ភូ​ថង​កីឡា​វិញ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​កីឡាការិនី​ថៃ ហុង​ថង លាង​ប្រា​សឺត​(Hongthorng Leangprasert) ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។
​ការជួបគ្នា​រវាង​អេ យ៉ា​នុត និង ហុង​ថង នេះ តាម​ក្រុមអ្នកវិភាគ​ប្រដាល់​អះអាង​នោះ​ថា ពីរ​នាក់​នេះ​ទំនងជា​តឹង​តែង​ក្នុងការ​យកឈ្នះ​គ្នា ​ព្រោះថា​ពួកនាង​ទាំងពីរ​នាក់​នេះ មាន​សមត្ថភាព​និង​បច្ចេកទេស​ប្រដាល់​ប្រហាក់​ប្រ​ហែលគ្នា ។
​អេ យ៉ា​នុត កូនស្រី​អតីត​ជើង​ខ្លាំង​អេ​ភូ​ថង​រូបនេះ​ នាង​មានបទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត​ជាមួយ​ថៃ ។ ឯ ហុង ថង នាង​ម្នាក់នេះ​ក៏​ខ្លាំង​និង​មានបទពិសោធន៍​តិចជាង​យ៉ា​នុត ។ តែ​អ្នក​ប្រដាល់​ស្រី​ថៃ​រូបនេះ កម្លាំង​ស៊ុ​ហ្វ​របស់គេ​គឺ​រឹងមាំ​ណាស់ ។ ចាំមើល តើ​រវាង​អេ យ៉ា​នុត និង ផេ​ត​សៃ​ហ្វា តើន​រណា​ឈ្នះ​នោះ។

​ហុង​ថង មាន​ប្រវត្តិ​ប្រកួត​ចំនួន​៣៥​លើក ឈ្នះ​២៥​លើក ចាញ់​០៩​លើក​ ​និង​ចាញ់​០១ លើក ឯ​អេ​យ៉ា​នុត មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥២​លើក ឈ្នះ​៣៩​លើក ចាញ់​១១​លើក​និង​ស្មើ​០២​លើក ។​ ​យ៉ា​នុត ប្រកួត​ចុងក្រោយ​នេះ វាយ​ឈ្នះ​អ្នក​ប្រដាល់​ស្រី​ថៃ ផេ​ត សា​ហ្វា​ក្នុង​ទឹក​ទី​៥ កាលពី​ថ្ងៃទី​០៨​កញ្ញា​២០១៩​កន្លងទៅ ។
​សម្រាប់​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ រិ​ទ្ធ ប៊ុន​ម៉ៅ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ នួន រ៉ា​ថេ​ន អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង។​ ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ទម្ងន់​៦៥​គីឡូ​ក្រាម ។​
​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ មិនដែល​ប៉ះគ្នា​ទេ​ពីមុនមក​ដោយសារ​មុន​នួន រ៉ា​ថេ​ន មិនទាន់មាន​សមត្ថភាព​ប៉ះ​ជាមួយ​រិ​ទ្ធ ប៊ុន​ម៉ៅ បាន​នោះឡើយ​។ ​ចាំមើល ជួបគ្នា​លើក​ទី​១​នេះ តើ​រិ​ទ្ធ ប៊ុន​ម៉ៅ ឬ នួន រ៉ា​ថេ​ន ដែល​ឈ្នះ​ក្នុងការ​ប្រកួត​នេះ។​ ​ដោយឡែក សំណាង ប​ច្ចា ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​ពេជ្រ សុ​ណា ក្លិប​ចលនា​យុវជន​១៥៧​គុន​ខ្មែរ ក្នុង​ទម្ងន់​៥១​គីឡូក្រាម ហើយ​អេ​លី​ត សេងហួរ ដែល​មកពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ក៏​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​តុ​ប ផេង ក្លិប​កុលបុត្រ​គុន​ខ្មែរ ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម ៕​

អត្ថបទ៖ វិ​សិទ្ធ​