ប៊ុន​ឌឿ​ន ចាញ់​ណាត់ ករ​.​ទឹក​៣ ឯ សុខ​ហ៊ុ​ច​ឈ្នះ​កូ​ឡាប​ដាំ​ដោយ​ពិន្ទុ

​មឿ​ន សុខ​ហ៊ុ​ច អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ដែល​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ កូ​លាប ដាំ (Kplab Dam)​ កាលពី​យប់​ថ្ងៃ​សុក្រ​ទី​១៤​កុ​ម្ភៈ​ ២០២០ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នោះ បាន​វាយ​ឈ្នះ​ដោយ​ពិន្ទុ ។​

​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា មឿ​ន សុខ​ហ៊ុ​ច និង កូ​ឡាប ដាំ​នេះ ពុំ​ធ្លាប់​ដែល​ប៉ះគ្នា​ទេ​កន្លងមក ។ ​នៅក្នុង​ការប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ សុខ​ហ៊ុ​ច គេ​មានប្រៀប​លើ​កូ​ឡាប​ដាំ សឹងតែ​គ្រប់ទឹក ដែល​ធ្វើ​ឲ្យ​ចប់​ការប្រកួត​សុខ​ហ៊ុ​ច​ ​ទទួលបាន​ជ័យជម្នះ​ដោយ​ពិន្ទុ​ ។ ​ពួកគេ​ពីរ​នាក់​នេះ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០០ គីឡូក្រាម ។

​អ្នក​ប្រដាល់​មឿ​ន សុខ​ហ៊ុ​ច ឥឡូវនេះ​មិន​ដូច​ពីមុន​ទេ​។ គេ​មានការ​វិវត្តន៍​ខាង​ក្បាច់គុន​ច្រើន គួបផ្សំ​នឹង​ការ​ខំប្រឹង​ហ្វឹកហាត់​ទៀត ឃើញថា​គេ​ខ្លាំង​និង​ល្អ​ជាង​មុន​។ សុខ​ហ៊ុ​ច មុន​មកជួប​ជាមួយ​កូ​ឡាប ដាំ​នេះ គេ​បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ​ ផេ​ត អា​លីន​(Phat Alin) ក្នុង​ទឹក​ទី​១​តែប៉ុណ្ណោះ (១៨​មករា​២០២០)​។​
​ចំពោះ​អ្នក​ប្រដាល់​កម្ពុជា​វៀត ប៊ុន​ឌឿ​ន ក្លិប​គុហារ​ព្រហ្ម​ជ័យ ដែល​ទទួល​ស្វាគមន៍​អ្នក​ប្រដាល់​ថៃ ណាត់​ករ​.​កេសា​នុ​ន (Nut Kor.Kesanon) ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​នោះ​វិញ ប៊ុន​ឌឿ​ន​ស៊ូ​ ជាមួយ​ណាត់​ករ​. បាន​មិន​ដល់​បី​ទឹក​ទេ ក៏បាន​បោះបង់ចោល​ការប្រកួត​តែម្តង​ ។​
​ប៊ុន​ឌឿ​ន ចាញ់​ណាត់​ករ​.​កេសា​នុ​ន ដោយសារតែ​គេ​មាន​របួស​លើ​ភ្នែក​ខាងស្តាំ​ធំ​ពេក ដែល​បណ្តាលមកពី​ត្រូវ​កែង​របស់​ណាត់​ករ​.​ក្នុង​ទឹក​ទី​២ ធ្វើ​ឲ្យ​ហូរឈាម​ច្រើន​រំខាន​ដល់​ការប្រកួត​ ​គួបផ្សំ​នឹងមាន​ការឈឺចាប់​ផង​នោះ នៅក្នុង​ការប្រកួត​ទឹក​ទី​៣​ប៊ុន​ឌឿ​ន​ក៏បាន​បោះបង់​ការប្រកួត​តែម្តង ។​
​ណាត់​ករ​.​កេសា​នុ​ន នេះគេ​ជា​អ្នក​ប្រដាល់​ជើងចាស់ ដែល​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប៉ុន្មាន​លើក​ហើយ​កាល​ពីពេល​កន្លងមក​ ។​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ស្នៀត​ប្រដាល់​ល្អ និង​មាន​ផ្លែ​ល្អ ​ហើយ​វាយ​ចេញ​រហ័ស​ថែមទៀត​ ដែល​ធ្វើអោយ​វៀត ប៊ុន​ឌឿ​ន មិនអាច​តស៊ូ​បាន​៥​ទឹក​នោះ​។​

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ចាន់ ហាវ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ប្រកួត​ចាញ់​អ្នក​ប្រដាល់​ធន អៀង​ឡេង សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ ដោយ​ពិន្ទុ ​បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ​ ។ ពួកគេ​ទាំងពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​
​ចំណែក ផាន់ ឡៃហេង អ្នក​ប្រដាល់​ក្លិប​ចលនា​យុវជន​កម្ពុជា​១៥៧​គុន​ខ្មែរ ក៏​ប្រកួត​ចាញ់ នួន ម៉ា​រ៉ា​ឌី អ្នក​ប្រដាល់​ក្លិប​ភី​រម្យ​គុន​ខ្មែរ​ដោយ​ពិន្ទុ​ដែរ ។​ ​ពួកគេ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម​។ នៅក្នុង​ការ​ប្រកួត​គ្នា​ប្រាំ​ទឹក​នោះ ផាន់ ឡៃហេង និង​នួន ម៉ា​រ៉ា​ឌី វាយ​បី​ទឹក​ដំបូង​គឺ​អស់​ស៊ុ​ហ្វ​រាងខ្លួន ប៉ុន្តែ​ម៉ា​រ៉ា​ឌី​គេ​នៅ​វាយ​ចេញ​បានល្អ​និង​ចំ​គោលដៅ ទើបបាន​ឈ្នះ​ឡៃហេង​ដោយ​ពិន្ទុ​នោះ ៕​

​វៀត ប៊ុន​ឌឿ​ន​(​ស្តាំ​)​និង​ណាត់​ករ កេសា​នុ​ន​

ការប្រកួត​រវាង​វៀត ប៊ុន​ឌឿ​ន​(​ស្តាំ​)​និង​ណាត់​ករ​(​ថៃ​)

ការប្រកួត​រវាង​វៀត ប៊ុន​ឌឿ​ន​(​ឆ្វេង​)​និង​ណាត់​ករ

ការប្រកួត​រវាង​វៀត ប៊ុន​ឌឿ​ន​(​ឆ្វេង​)​និង​ណាត់​ករ

អត្ថបទ៖ វិ​សិទ្ធ​