ក្រសួងពាណិជ្ជកម្ម និង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ “​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ ឆ្នាំ​២០២០” នៅ​ខេត្ត​មណ្ឌល​គី​រី​

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តី​ជូន​ដំណឹង ស្តី​ពី​ការរៀបចំ រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ “​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ ឆ្នាំ​២០២០” នៅ​ខេត្ត​មណ្ឌល​គី​រី ដែល​គ្រោង​នឹង ចាប់ពី​ថ្ងៃ​ទី​០៥-០៨ ខែមីនា ឆ្នាំ​២០២០ នៅ​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី​។​

យោង​តាម​លិខិត​ជូនដំណឹង​របស់ ក្រសួងពាណិជ្ជកម្ម ចេញផ្សាយ​ថ្ងៃ​ទី​១៧​មករា ដែល​កាសែត​កម្ពុជា​ទើប​នឹង​ទទួល​បាន​ឲ្យ​ដឹង​ថា ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន ជូនដំណឹង​ដល់​សាធារណជន​ទូទៅ ជ្រាប​ថា​៖ ក្នុង​យុទ្ធសាស្ត្រ​ជួយ​ជំរុញ និង​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​ឲ្យ​មានការ​ទទួលស្គាល់ និង​ចូលរួម​ប្រើប្រាស់​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ “​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ ឆ្នាំ​២០២០” ចាប់ពី​ថ្ងៃ​ទី​០៥-០៨ ខែ​មីនា ឆ្នាំ​២០២០ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ដល់​ថ្ងៃអាទិត្យ​១៥​កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ នៅ​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី​។​

​ក្រសួង​បន្ត​ថា ការរៀបចំ​ពិព័រណ៍​នេះ ក្នុង​គោលបំណង​ទូង​ស្គរ​ពញ្ញាក់​ស្មារតី​មហាជន​ទូទៅ ងាក​មក​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ឲ្យ​បាន​ច្រើន​ជា​អតិបរមា​។ ក្រសួងពាណិជ្ជកម្ម នឹង​ប្រមូល​កៀរគរ​ផលិតផល​ខ្មែរ មានគុណ​ភាព​ខ្ពស់​មាន​សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់ មានការ​វេច​ខ្ចប់​បាន​ល្អ​ត្រឹមត្រូវ អនុលោម​តាម​ស្តង់ដារ​ផលិតកម្ម​ពី​គ្រប់ទិសទី​នៅ​ទូ​ទាំង​ប្រទេស​មក​ដាក់​តាំង​បង្ហាញ និង​ស្វែងរក​ដៃគូ​យក​ទៅ​លក់​បន្ត​។ បើ លោក​ លោកស្រី ដែល​មាន​បំណង​ចូលរួម​តាំង​បង្ហាញ​ផលិតផល​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​នេះ សូម​ប្រញាប់​រួសរាន់​មក​ដាក់ពាក្យ​ចូលរួម ព្រោះ​ចំនួន​ស្តង់​មាន​កំណត់​។ ជា​មួយ​គ្នា​នេះ ក្រសួងពាណិជ្ជកម្ម សូម​អញ្ជើញ​សាធារណជន​ទូទៅ​ចូលរួម​ទស្សនា និង​គាំទ្រ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ​កុំបី​ខកខាន​ឡើយ​។​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ដែល​មាន​ទីតាំង​ស្ថិតនៅ​ជាន់​ទី​ពីរ​នៃ​អគារ ទីស្តី​ការ​ក្រសួង​ពាណិជ្ជកម្ម អាសយដ្ឋាន​៖ ដីឡូត៍ លេខ ១៩-៦១ មហាវិថី​សហព័ន្ធរុស្ស៊ី ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​ទូរស័ព្ទ​ទាក់ទង​៖ ០៧៧ ៣៣៩ ៤៣៩ ឬ ០១៧ ៥៥៩ ២៧៧ ឬ​០១៧ ៤៩៥ ០៩១​អាសយដ្ឋាន​អ៊ី​ម៉ែ​ល​៖ neary86@gmail.com ឬ vitholt@yahoo.com ឬ kdi_mpp@yahoo.com​៕

​អត្ថបទ៖ ឌួង​វិ​រះ​ជ័យ​