តារា​​ខ្មែរ​៣​រូប​ជាប់​នៅ​ក្រៅ​ប្រទេស​ ដោយសារ​ករ​ណី​រីក​រាលដាល​ជំងឺ​កូវីដ ១៩

ភ្នំពេញ ​៖​ ខណៈ​ពេល​ ដែល​កំពុង​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ នៅលើ​បណ្តា​ប្រទេស​មួយ​ចំនួន​ទូទាំង​ពិភពលោក ​ដែល​ជា​ក្តីបារម្ភ​របស់​ប្រជាជន​ជាទូទៅ​នោះ ​ក៏​មាន​ប្រភព​បញ្ជាក់​មក​ថា​បច្ចុប្បន្ន​មាន​ តារា​ចម្រៀង​និង​ពិធី​ការិនី​ល្បីឈ្មោះ​របស់​ខ្មែរ​ចំនួន​៣​រូប​ ជាប់​គាំង​នៅ​ក្រៅ​ប្រទេស​។

​បើតាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​លោក ហេង ឡុង ​ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​បា ន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ នៅ​រសៀល​ថ្ងៃ​ទី​២៣ ​ខែមីនា ​ឆ្នាំ​២០២០​ ដោយ​ខ្លី​ដូច្នេះ​ថា បើ​តាម​លោក​ដឹង​ព័ត៌មាន​ សម្រាប់​តារា​ខ្មែរ ​ដែល​កំពុង​ជាប់​គាំង​នៅ​ឯ​ក្រៅ​ស្រុក​(​ប្រទេស​កាណាដា​)​នោះ​មាន​គឺ​អ្នក​នាង ស៊ុន ស្រី​ពេជ្រ និង​ពិធី​ការិនី​អ្នកនាង យុគ ចិន្តា ព្រោះតែ​បញ្ហា​នៃ​ជំងឺ​កូវីដ ១៩។

​លោក ហេង ឡុង បាន​បន្ថែម​ថា ​ចំពោះ​ព័ត៌មាន​ជាក់លាក់​បន្ថែម​នោះ ​លោក​នឹង​ផ្តល់​ជូន​នៅ​ពេល​ក្រោយ​ ប្រសិនបើ​បាន​ដឹង​ពី​វត្តមាន​របស់​តារា​សិល្បៈ​ខ្មែរ​ ដែល​ចេញទៅ​ច្រៀង​និង​សម្តែង​នៅ​ក្រៅ​ប្រទេស​ ហើយ​ត្រូវ​រាំងស្ទះ​ ដោយសារ​ករណី​ជំងឺកូវីដ ១៩​។​

ដោយឡែក​បើ​តាម​ប្រភព​ព័ត៌មាន​ខ្លះ​ទៀត​ក៏បាន​បង្ហាញ​ថា​ ក្រៅ​តែ​ពី​តារា​ស្រី​ពីរ​រូប​ខាងលើ​ដែល​កំពុង​ជាប់​នៅ​ប្រទេស​កាណាដា​នោះ ​ក៏​មាន​តារា​ស្រី ឡាយ លក្ខិណា ម្នាក់ទៀត​បាន​នឹង​ស្ថិត​នៅ​លើ​ទឹកដី​ប្រទេស​កាណា​ដា​ផង​ដែរ ​បន្ទាប់ពី​នាង​បាន​ចំណាយ​ពេល​ជាច្រើន​ខែ​ ចេញទៅ​ច្រៀង​-​សម្តែង​ទីនោះ​។

​សូម​ជម្រាប​ថា​អ្នកនាង ស៊ុន ស្រី​ពេជ្រ និង​អ្នកនាង យុគ ចិន្តា​តាម​គម្រោង​ត្រូវ​វិលត្រឡប់ មកកាន់​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២០ បន្ទាប់ពី​អ្នក​ទាំងពីរ​បាន​ចេញ​ដំណើ​រ​ទៅ​សម្ដែង នៅ​លើ​ទឹកដី​កាណាដា រយៈពេល​៣​ទៅ​៤​សប្ដាហ៍​រួចមក ប៉ុន្តែ​ដោយសារ​នៅ​ទូទាំង​ពិភពលោក កំពុង​ប្រឈមមុខ​ខ្លាំង​ទៅ​នឹង​បញ្ហា ចំពោះ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ ធ្វើ​ឲ្យ ស៊ុន ស្រី​ពេជ្រ និង​អ្នកនាង យុគ ចិន្តា នៅ​មិនទាន់​អាច​ហោះហើរ មកកាន់​មាតុប្រទេស​វិញ​បានទេ​៕

 

អត្ថបទ៖ ចាន់​រ៉ា