តារា​សម្តែង ភី សម័យ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​បាក់​ដៃ​ខាងឆ្វេង​

​ភ្នំពេញ​ ៖ ​តារា​សម្ដែង​ភេទ​ទី​៣​កញ្ញា ភី សម័យ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​រថយន្ត​ បណ្ដាល​ឲ្យ​កៀប​បាក់​ដៃ​ម្ខាង​ភ្លាមៗ​ កាលពី​វេលា​ម៉ោង​២​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ ឆ្នាំ​២០២០ ​ខណៈ​ពេលនេះ​ត្រូវ​បាន​គ្រូពេទ្យ​តម្រូវ​ឲ្យ​ធ្វើ​ការវះកាត់​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សាមីខ្លួន​ផ្ទាល់។

តារា​ភេទ​ទី​៣ ភី ស​ម័យ បាន​សរសេរ​បង្ហោះ​ភ្ជាប់​នឹង​រូបភាព​កំពុង​ដេក​លើ​គ្រែ​ពេទ្យ​ថា ខ្ញុំ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ចេញពី​កម្មវិធី​ជប់លៀង​យប់មិញ​ ហើយ​ត្រូវ​រង​របួស​បាក់​ដៃ​ត្រូវ​វះកាត់​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ​នេះ​។​ ដូច្នេះ​សូម​លុបចោល​ការងារ​និង​សុំទោស​ក្រុមការងារ​ថត ​ហើយក៏​សុំទោស​ពី​ចំណាយ​សង្ឃឹម​ការ​បងប្អូន​នឹង​អនុគ្រោះ។

បន្ថែម​ពី​នេះ​ តារា​សម្ដែង​កញ្ញា​ ភី សម័យ បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរសព្ទ​ថា​ ហេតុការណ៍​នេះ​ បាន​កើត​ឡើង ​ក្រោយ​ពេល​ដែល​ខ្លួន​ចេញពី​កម្មវិធី​ខួបកំណើត ​ហើយក៏​ត្រូវ​មិត្តភ័ក្ដិ​បបួល​ជិះ​រថយន្ត​ទៅ​បន្ត​ញ៉ាំ​អី​ជាមួយគ្នា​នា​វេលា​ម៉ោង​២​យប់​ ប៉ុន្តែ​បន្ទាប់ពី​ធ្វើដំណើរ​ត្រលប់​ទៅផ្ទះ​វិញ​ក៏​ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​បើក​មក​កៀរ​រថយន្ត​របស់​ក្រុម​ខ្លួន​។ ​ភ្លាមៗ​នោះ​មិត្តភ័ក្ដិ​នាង​ដែល​ជា​ម្ចាស់​រថយន្ត​ ក៏​បើក​ដេញ​តាម​ពី​ក្រោយ​ទើប​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដោយ​បុក​គូទ​រថយន្ត​ភាគី​បង្កហេតុ​នៅ​ពេល​រថយន្ត​នោះ​ជាន់​ហ្វ្រាំង​ ត្រង់​ចំណុច​ស្ដុ​ប​បូកគោ​តែ​ម្តង​ ទើប​បណ្តាល​ឲ្យ​ដៃ​របស់​នាង​កៀប​នឹង​រថយន្ត​បាក់​ដូច្នេះ​។

​ភី សម័យ និយាយ​បន្ត​ថា​ ក្រោយពេល​ជួប​គ្រោះថ្នាក់​បែបនេះ​មិត្តភ័ក្ដិ​ក៏​នាំទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ហើយ​ភ្លាមៗ ​នោះ​ដែរ​ក្រុម​គ្រួ​ពេទ្យ​ក៏បាន​ថត​ឆ្អឹង​ដៃ​ដោយ​រក​ឃើញ​ថា​ដៃ​ខាង​ឆ្វេង​របស់​នាង​ត្រូវ​បាន​បាក់​ហើយ​ពេទ្យ​ថា​ មានតែ​ជម្រើស​មួយ​គត់​គឺ​វះកាត់​ដោយ​ពេទ្យ​តម្រូវ​ឲ្យ​នាង​ធ្វើការ​វះកាត់​នៅ​ថ្ងៃ​ទី​២១ ​ខែ​កុម្ភៈ​ឆ្នាំ​២០២០​។ ​នាង​ បាន​សម្ដែង​ការ​សោកស្ដាយ ដែល​មិត្តភ័ក្ដិ​របស់​នាង​ជា​ម្ចាស់​រថយន្ត​ឆេវឆាវ​មួយ​ពេល​បណ្ដាល​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​ទាំង​ផ្នែក​ខាងមុខ​របស់​រថយន្ត និង​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​យ៉ាង​ដូច្នេះ៕

អត្ថបទ៖ ចាន់​រ៉ា