ឡុង វ៉ៃ ជួប ក្រុង​ ចក្រ ខណៈ​ឡុង បេន​លឿន ជួប អាវុធ ​ឡេ​ក នៅ​សង្វៀន​ប៊ូ​ស្ត្រ​ង​បាយ័ន​ស្ទឹងមាន​ជ័យ

ឡុង វ៉ៃ ដែលមាន​ឈ្មោះ​ពិត​ឈឿង ល្វែ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ នៃ​ក្លិប​នាគរាជ​ចតុមុខ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​សាក​កណ្តាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ជើងចាស់​ឈ្មោះ​ក្រុង​ចក្រ ប៉​.​ប៉ៅ​អ៊ី​ន​(Khrungjak​ Por.Paoin) នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នា​ថ្ងៃត្រង់​ទី​២២​ ខែមីនា​ ឆ្នាំ​២០២០​នេះ​។​ពួកគេ​ទាំងពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម។

លោក នាង ស៊ី​វុត្ថា ប្រធាន​គ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​បាយ័ន និង ប៊ី​ធី​វី បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹងថា ការប្រកួត​ប្រដាល់​គុន​ខ្មែរ​នៅ​បាយ័ន​ចុង​សប្ដាហ៍​នេះ គឺ​ប្រព្រឹត្តទៅ​ជា​ធម្មតា​តាម​កម្មវិធី​គ្រោងទុក​ដែល​បាន​ផ្គូផ្គង​រួចហើយនោះ ប៉ុន្តែ​ការប្រកួត​គឺ​ពុំ​អនុញ្ញាត​ឲ្យ​ទស្សនិកជន​ចូល​ទស្សនា​នោះទេ គឺ ​ស្ថានីយ​Live​ សម្រាប់​ឲ្យ​បងប្អូន​ទស្សនា​តាម​ផ្ទះ​ប៉ុណ្ណោះ។​

ឡុង វ៉ៃ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ និង ត្រូវបាន​គេ​ចាប់អារម្មណ៍​ច្រើន​នៅក្នុង​ពិភព​ប្រដាល់​គុន​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ ពិសេស​ក្រោយពី​គេ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៧០​គីឡូក្រាម​កាលពី​ថ្មីៗ​កន្លងមក​នោះ។ គេ​ជា​អ្នក​ប្រដាល់​ដែល​វាយ​មាន​ផ្លែ​ល្អ គ្រាន់តែ​ស្ទើរ​កម្លាំង​កាយសម្បទា​ប​ន្តិ​ច​ប៉ុណ្ណោះ។ ឡុង វ៉ៃ ធ្លាប់​ប្រកួត​ជាមួយ​ថៃ​ទើបបាន​១០​លើក​ទាំងនេះ​ប៉ុណ្ណោះ។

យ៉ាងណា ឡុង វាយ​លើក​នេះ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ជើងចាស់​លើក​នេះ ប្រហែលជា​វេទនា​ហើយ ព្រោះ​ក្រុង​ចក្រ ប៉​.​ប៉ៅ​អ៊ី​ន ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ ហើយ​អ្នក​ប្រដាល់​ថៃ​នេះ ទើបតែ​វាយ​ឈ្នះ​កែវ រំ​ចង់​ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​២១ ខែ​កុម្ភៈ​ ឆ្នាំ​២០២០ ​នៅលើ​សង្វៀន​ស្ទឹងមានជ័យ​នេះ។

បើ​តាម​ប្រភព​ពី​អ្នក​តាមដាន​កីឡាប្រដាល់​ឲ្យ​ដឹង​នោះ​ថា ក្រុង​ចក្រ ប៉​.​ប៉ៅ​អ៊ី​ន​ ជា​អ្នក​ប្រដាល់​ជើង​ចាស់​ធ្លាប់​មានឈ្មោះ​បោះ​សំឡេង​នៅក្នុង​ប្រទេស​ថៃ​ពីមុនមក ហើយ​សម្រាប់​បច្ចុប្បន្ន​គេ​នៅតែ​រក្សា​នូវ​ភាព​ខ្លាំង​ដដែល តាមរយៈ​ការ​យក​ឈ្នះ​ កែវ​ រំ​ចង់ បាន​នោះ។

ទោះជា​យ៉ាងណា ក្រុង​ចក្រ​ លើក​នេះ ជួប​ជាមួយ​ ឡុង វ៉ៃ ក៏​ប្រហែលជា​មិន​ស៊ី​ផុយ នោះ​ទេ ព្រោះ​ឡុង វ៉ៃ គេ​ខ្ពស់​ដៃ​វែង​ជើងវែង ហើយ​វាយ​មាន​ផ្លែ​ល្អ​ថែមទៀត​។ តែ​យ៉ាងណា បើតាម​កម្រិត​សមត្ថភាព​របស់​ឡុង វ៉ៃ អាច​ចាត់ទុកថា ក្រុង​ចក្រ ជា​ឧបសគ្គ​សម្រាប់​ការទទួលបាន​ជ័យជំនះ​របស់​គេ។ ឡុង វ៉ៃ គេ​ទើប​ឡើង​ប្រកួត​បាន​២៩​លើក​ទេ គឺ​ឈ្នះ​១៩ លើក ចាញ់​០៩​លើក និង​ស្មើ​០១​លើក ។ ចាំមើល ឡុង វ៉ៃ​ អាច​យកឈ្នះ​ក្រុង​ចក្រ​អ្នក​ប្រដាល់​ថៃ​ជើងចាស់​នេះ បាន​ឬក៏​អត់​នោះ​?។​

ចំពោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ឡុង បេន​លឿន ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវគេ​ផ្តល់ឱកាស​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ អាវុធ​ឡេ​ក គៀត​ចា​រ៉ឺ​ន​ឆៃ​(Avuthlek Keat chareunchhai)។ ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ ពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក។ បើ​និយាយ​ពី​បច្ចេកទេស ​និង​ល្បិចកល​ប្រកួត ពួកគេ​ទាំងពីរ​មាន​ដូចគ្នា។​

ឡុង បេន​លឿន គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ដែលមាន​កាយសម្បទា​រឹងមាំ វាយ​ខ្លាំង និង​ធ្លាប់​ផ្តួល​ជើងចាស់​អស់​ច្រើន​នាក់​មកហើយ ប៉ុន្តែ​គេ​មិន​ធ្លាប់​ប្រកួត​ជាមួយ​ថៃ​នោះទេ គឺ​ប្រកួត​ជាមួយ​តែ​អ្នក​ប្រដាល់​រួម​ជាតិ​តែប៉ុណ្ណោះ។ ជាក់ស្តែង ការប្រកួត​៥-៦​ប្រកួត​ចុងក្រោយ បេន​លឿន​វាយ​មិនដែល​ចាញ់​ឡើយ។ តែ​យ៉ាងណា ឡុង បេន​លឿន​ជួប​ជាមួយ​អាវុធ​ឡេ​ក​លើក​នេះ មិន​ប្រាកដ​ថា​ឈ្នះ​ ឬ​ស្មើ នោះទេ។​

អាវុធ​ ឡេ​ក ជា​អ្នក​ប្រដាល់​ថៃ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប៉ុន្មាន​លើក​ហើយ​កន្លងមក​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៧១​លើក ឈ្នះ​៥៧​លើក ចាញ់​១៣ លើក ស្មើ​០១​លើក។ អ្នក​ប្រដាល់​ថៃ​ម្នាក់នេះ មាន​កាយសម្បទា​រឹងមាំ មាន​កម្ពស់​ប្រហាក់ប្រហែល​ ឆៃ​ដែន​ ដែរ គឺ​១,៧០​ម៉ែត្រ ។ តែ​យ៉ាងណា អាវុធ​ឡេ​ក​ មិនដឹងថា អាច​វាយ​ឈ្នះ​ឡុង បេន​លឿន បាន​ឬ​អត់​នោះទេ​?។​

យ៉ាងណា ឡុង បេន​លឿន ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ អាវុធ​ឡេ​ក លើក​នេះ គេ​មិន​ហ៊ាន​អះ​អាង​មុន​ថា បេន​ លឿន​ ឈ្នះ​អាវុធ​ ឡេ​ក​ នោះទេ​?។ អាវុធ​ ឡេ​ក​ នេះ គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​លើក​ចុង​ក្រោយ​នេះ វាយ​ស្មើ​ពិន្ទុ​ជាមួយ​ឈឿន ឆៃ​ដែន។​

ចំណែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ អូន ចាន់​ឡឹង អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា ត្រូវគេ​ផ្តល់​ឱកាស​ឲ្យ​ជួប​ប្រកួត​ជាមួយ​តក់ សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា។ ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម។ យ៉ាងណា រវាង​ពួកគេ​ពីរ​នាក់​នេះ បើទោះជា តក់ សោ​ភ័​ណ្ឌ ជា​ជើង​ខ្លាំង​យ៉ាងណាក៏ដោយ ក៏​លើក​នេះ​ពុំមាន​នរណា​ហ៊ាន​អះអាង​ថា សោ​ភ័​ណ្ឌ​ ឈ្នះ​ចាន់​ ឡឹង នោះ​ដែរ​។ ចាំមើល តើ​ តក់ សោ​ភ័​ណ្ឌ អាច​យកឈ្នះ អូន ចាន់​ឡឹង បាន​ឬ​អត់?៕


អត្ថបទ ៖ វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114