បង្ក្រាប​ករណី​បង្ខាំង​មនុស្ស​ជំរិត​ទារ​ប្រាក់ ​ឃាត់​ខ្លួន​ជន​សង្ស័យ​៥​នាក់ ​និង​រំដោះ​ជនរងគ្រោះ​ម្នាក់

ព្រះសីហនុ​ ៖ ​កម្លាំង​អាវុធហត្ថ ក្រុង​ព្រះសីហនុ​​ សហការ​​​ជាមួយ​កម្លាំង​មន្ទីរ​យុត្តិធម៌​ បាន​ចុះ​បង្ក្រាប​ករណី​បង្ខាំង​មនុស្ស​ជំរិត​ទារ​ប្រាក់ ​នៅ​ចំណុច​ផ្ទះ​ជួល​ក្រោយ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ (​អណ្ដូង​អ៊ុនតាក់​) ស្ថិត​ក្រុម​១៥ ភូមិ​២ សង្កាត់​៣ ក្រុងព្រះសីហនុ ដោយ​ឃាត់​ខ្លួន​ជនសង្ស័យ​៥​នាក់ ​និង​រំដោះ​ជនរងគ្រោះ​បាន​ម្នាក់ ​កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២០ ​វេលា​ម៉ោង​១៧និង៣០​នាទី។

ប្រតិបត្តិការ​​នេះ​ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​​​ខេត្ត​ព្រះសីហនុ និង​លោក​វរសេនីយ៍ទោ ឆេង វុ​ធ្ធី នាយសេនាធិការ​ស្ដីទី​ ក្រោម​ការ​សម្របសម្រួល​នីតិ​វិធី​ច្បាប់​ដោយ​លោក​លឹម ប៊ុនហេង ព្រះរាជអាជ្ញា​រង។

សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ​​បាន​ឲ្យ​ដឹង​ថា ​ក្នុង​ការ​បង្ក្រាប​នេះ ​កម្លាំង​ បាន​រំដោះ​ជនរងគ្រោះ​០១​នាក់​ ​ ឈ្មោះ​CHEN GUIQONG ​ភេទ​ស្រី​ ឆ្នាំ​កំណើត​១១ ​ខែ​មីនា ​ឆ្នាំ​១៩៨៦​ ​ កាន់​លិខិតឆ្លងដែន​លេខ​L11054567​ និង​បាន​ឃាត់ខ្លួន​​​ជនសង្ស័យ​៥​នាក់​(​ប្រុស​) ដកហូត​បាន -​លុយ​យ័ន្ត​150​យ័ន -​លុយ​ខ្មែរ 69000៛ -​លិខិតឆ្លងដែន​៤ ក្បាល​ -​រថយន្ត​ស្តា​រិច ពាក់​ស្លាក់​លេខ​ព្រះសីហនុ 2C8756 មួយ​គ្រឿង -​ទូរសព្ទ​២​គ្រឿង​ -​អត្តសញ្ញាណប័ណ្ណ​ចិន​៧​​សន្លឹក​ -​កាបូបស្ពាយ​ចំហៀង​1 -​ស្រោម​បិទមុខ​8 -​មាស​បិទមុខ​1 -​ម៉ាស៊ីន​វេរ​លុយ​1 -​ខ្នោះ​1 សោ​2 ស្រោម​1

បច្ចុប្បន្ន​​ ​ ជនសង្ស័យ​ ត្រូវ​បាន​បញ្ជូន​ទៅ​ទី​បញ្ជា​ការដ្ឋាន​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ដើម្បី​អនុវត្ត​នីតិ​វិធី​បន្ត៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114