ចាប់​ចិន​ដូចគ្នា​ជំរិត​ទារ​ប្រាក់​បាន​សម្រេច ចង់​ធ្វើ​ម្ដងទៀត ​ត្រូវ​ជាប់​ខ្នោះ​៣​នាក់

កណ្ដាល ៖ យ៉ាងហោចណាស់​មាន​បុរស​ជនជាតិ​ចិន​៣​នាក់ ​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​បទល្មើស​ចាប់​បង្ខាំង​ជន​ជាតិ​ចិន​ដូចគ្នា​ជំរិត​ទារ​ប្រាក់ បានសម្រេច​ម្ដង លុះ​រៀបចំ​ផែន​ការ​ធ្វើ​ម្ដងទៀត​ ក៏ត្រូវ​ចាប់ខ្លួន​តែម្ដង។

ហេតុការណ៍​នេះ​ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩និង​៣០ នាទី​យប់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ចំណុច​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល។ ជនរងគ្រោះ​ឈ្មោះ តឹង ធៀន​សឹង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ភូមិ​ក្អម​សំណរ​ក្រោម ឃុំ​ក្អមសំណរ ស្រុក​លើកដែក ខេត្តកណ្ដាល មុខរបរ បុគ្គលិក​ផ្នែក​ព័ត៌មានវិទ្យា។

ចំណែក​ជនសង្ស័យ​មាន​គ្នា​៣​នាក់ ​​ត្រូវ​បាន​ឃាត់ខ្លួន ១.​ឈ្មោះ ស៊ា​វ ជី​វ័យ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ។ ២.​ឈ្មោះ ចាង វ័យ​ជី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ បុគ្គលិក​ទីផ្សារ និង​៣.​ឈ្មោះ ចឹ​ង វួ​យ​ភីង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ បុគ្គលិក​ទីផ្សារ។

ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចាប់ជំរិត​នេះ ​សមត្ថកិច្ច​កម្ពុជា​ បាន​រឹបអូស​ដូចជា​ ៖ ​
១.​រថយន្ត​១​គ្រឿង ម៉ាក​ហាយ​ឡេ​ន​ដឺ ពណ៌​ក្រហម ស្លាក​លេខ ភ្នំពេញ 2Z-5149។
២.​កាំបិត​ប៉័ងតោ ១
៣.​កូនកាំបិត​ចុង​ស្រួច ១
៤.​កាំបិត​មុខ​ពីរ ១
៥.​កាំបិតកៃ​ពីរ មាន​កន្ត្រៃ ១
៦.​ម៉ាស់​សម្រាប់​បិទមុខ ៥
៧.​លិខិតឆ្លងដែន​២​ច្បាប់
៨.​ទូរស័ព្ទ​ដៃ​ម៉ាក OPPO ៣​គ្រឿង
៩.​កាបូបដៃ ១
១០.​កាត​ធនាគារ​(ATM)១០​សន្លឹក
១១.​ប័ណ្ណ​សម្គាល់​ខ្លួន​២​សន្លឹក​
១២.​លិខិត​ជួល​រថយន្ត​១​ច្បាប់
១៣.​ពិល​ឆក់​១ គ្រឿង។

ពាក់ព័ន្ធ​ករណីនេះ​ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០និង ៣០​នាទី​យប់ ជនរងគ្រោះ​ឈ្មោះ តឹង ធៀន​សឹង ចេញពី​ធ្វើការ​វិញ ​​បាន​ដើរ​ទៅរ​ក​បាយ​ហូប រួច​ពេល​ត្រឡប់មក​បន្ទប់​ជួល​វិញ ក៏ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ទាំង ៣នាក់ ដែលជា​ជនជាតិ​ចិន​ដូចគ្នា ជិះ​រថយន្ត​ម៉ាក​ហាយ​ឡេ​ន​ដឺ​ពណ៌​ក្រហម​ស្លាក​លេខ ភ្នំពេញ 2Z-5149 មកដល់ ក៏​យក​កាំបិត​​ភ្ជង់​គំរាម ហើយ​ចាប់ទាញ​ចូលទៅក្នុង​រថយន្ត រួច​បាន​យក​ម៉ាស់​មក​បិទមុខ​ជនរងគ្រោះ និង​ចាប់​រុំ​មាត់ ចងដៃ​ចងជើង រួច​ហើយ​បាន​ទូរស័ព្ទ​ទាក់ទង​ទៅ​ម្ដាយ​របស់​ជនរងគ្រោះ ដែល​នៅ​ប្រទេស​ចិន ជំរិត​ទារ​យកប្រាក់​ចំនួន ២០០.០០០ យ័ន​(​ប្រាក់​ចិន​) ជា​ថ្នូរ នឹង​ការដោះលែង​ជនរងគ្រោះ​ឲ្យ​មាន​សេរីភាព​វិញ។ បន្ទាប់មក​ការចចារ​គ្នា​រវាង​ក្រុប​ឧក្រិដ្ឋជន និង​ម្តាយ​ជនរងគ្រោះ បាន​ព្រមព្រៀងគ្នា នូវ​ទឹកប្រាក់​ចំនួន ៥០.០០០ យ័ន ទើប​មានការ​ដោះលែង​ជនរងគ្រោះ។ ក្រោយពេល​ទទួលបាន​ប្រាក់​ពី​ម្ដាយ​ជនរងគ្រោះ​ផ្ញើមក​ឲ្យ​ហើយ ក្រុម​ជន​ឧក្រិដ្ឋ​ទាំង​៣​នាក់​ខាង លើ បាន​នាំ​ជនរងគ្រោះ​ធ្វើដំណើរ​មក​ភ្នំពេញ ហើយ​ពួកគេ​បាន​ផ្ដល់​សេរីភាព​ឲ្យ​ជនរងគ្រោះ​ចុះ​ពីលើ​រថយន្ត តែ​ខណៈនោះ​ជន​រងគ្រោះ​មិន​ហ៊ាន​ចុះ​ទេ ដោយ​ខ្លាច​ពួកគេ​សម្លាប់ចោល ហើយ​បែរ​ជា​ធ្វើ​សុំ​នៅ​ជាមួយ ដើម្បី​រក​ពេលវេលា​ល្អ នឹង​រត់គេចខ្លួន​ទៅប្ដឹង​​សមត្ថកិច្ច។ លុះ​នៅវេលា​កើតហេតុ​ខាងលើ ជនសង្ស័យ​ទាំង ៣​នាក់ បាន​នាំ​ជនរងគ្រោះ​ជិះ​រថយន្ត​មកកាន់​ភូមិ​ជ្រៃ​ធំ​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ​ខេត្តកណ្ដាល​វិញ ក្នុង​គោលបំណង​រក​គោលដៅ​បង្ខាំង​ទុក​ជនរងគ្រោះ ដើម្បី​ជំរិត​ទារប្រាក់​ម្តងទៀត។ ​​ពេល​ដែល​ជនសង្ស័យ​កំពុង​នៅ​អង្គុយ​ក្នុង​រថយន្ត ស្រាប់តែ​ជនរងគ្រោះ ​បានឃើញ​សមត្ថកិច្ច​ដើរមក​ក្បែរ ក៏បាន​យក​ទូរស័ព្ទ​មក​សរសេរ​អក្សរ​ចិន ដែល​មាន​បកប្រែ​ជា​ភាសា​​ខ្មែរ នៅ​ខាងក្រោម ថា “​ជួយ សង្គ្រោះ​ខ្ញុំ ពួកគេ​ជា​អ្នក​ចាប់​ពង្រត់​” នឹង ធ្វើជា​សញ្ញា​ឲ្យ​នគរបាល ដែល​ដើរមក​ត្រួតពិនិត្យ​រថយន្ត​បានឃើញ ខណៈ​នោះ​នគរបាល​មានការ​សង្ស័យ​លើ​រថយន្ត​នោះ​ស្រាប់ និង​បានឃើញ​ការ​ឲ្យ​សញ្ញា​របស់​ជនរងគ្រោះ ក៏បាន​ចូលទៅ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ទាំង​៣​នាក់ រួមនឹង វត្ថុតាង​ដូច​បាន​ចាប់យក​នាំទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​តែម្ដង។ នៅពេល​ឃាត់ខ្លួន​យកទៅ​សាកសួរ​ទើប​ដឹងថា ជនជាតិ​ចិន​៣​នាក់​ជា​ឧក្រិដ្ឋជន​ចាប់​ជនជាតិ​ចិន​ម្នាក់ ទុក​បង្ខាំង ដើម្បី​ជំរិត​ទារ​ប្រាក់​ពិតប្រាកដ​មែន៕
មករា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114