មាន​កូនវ័យចាប់ពី១២ឡើង ឳពុកម្តាយ​គួរចេះ​រឿងទំាង​នេះ…..

ទំហំ​នៃការព្រួយបារម្ភរបស់ឱពុកម្តាយ​គ្រប់រូបដែលមាន​កូនក្មួយវ័យជំទង់ក្នុងបន្ទុក គឺជាភាពតានតឹងមួយផ្នែកក្នុងចំណោមសម្ពាធជាច្រើនទៀតនៅក្នុងជីវិតរស់នៅរបស់គ្រួសារ​និមួយៗ។

ដូច្នេះ​ហើយបានជាមានការទូនា្មនថា ​ប្រសិនមាន​លទ្ធភាពទំាង​សម្ភារៈ ថវិកា​និងពេលវេលា​សម្រាប់ចិញ្ចឹម​អប់រំកូនពិតមែន ​សឹមសម្រេចចិត្ត​ថា មាន​កូនច្រើន ប៉ុន្តែបើយកកូន​ច្រើន​ដើម្បីតែចំនួន​ច្រើន ហើយ​មិនអាចផ្តល់ឱ្យពួកគេ​នូវការយកចិត្ត​ទុកដាក់ សម្រាប់ការលូតលាស់ទំាងកាយនិងចិត្ត គឺជាកំហុសឳពុកម្តាយ។

កាយគឺសុខភាព កាយសម្បទា រូបរាង ចំណែកចិត្ត គឺអ្វី?

គឺការ​ដែល​បង្រៀនកូន ៗឱ្យចេះដោះស្រាយបញ្ហាជីវិត​ដោយ​វិជ្ជមាននិងជំនាញដោះស្រាយបញ្ហាព្រោះនេះ​ជា​ផ្នែកមួយ​នៃ​ការបង្រៀនមនុស្ស​ម្នាក់ៗឱ្យចេះ​ថែរក្សាខ្លួនឯង ម្ចាស់ការ​ និង​ចេះតស៊ូ​រឹងមាំ ។

ពេលវេលា​វ័យជំទង់គឺជាពេលសមគួរជាងគេក្នុងកំណាត់ជីវិត​និមួយៗ ដើម្បីនឹងបង្រៀនឬរៀនពីវិធីសាស្រ្តស៊ូនឹងសម្ពាធ ចេះ​គ្រប់គ្រងជីវិត ចេះ​គេចទំនាស់ ចេះប្រឈមនិងបញ្ហា ចេះ​ក្រោកឈរដើម្បីខ្លួនឯង និងចេះ​ជួយអ្នកដទៃ។

ខាងក្រោមនេះគឺជាចំណេះ​ថ្មីៗ និងគំនិត​មួយចំនួនដែលឳពុកម្តាយគួររៀនជានិច្ច បន្សាំឥរិយាបថ  ក្នុងការ​តាមដាន សង្កេត​មុនសម្រេច​ថា ប្រើធម៌ត្រជាក់ឬក្តៅត្រូវពេល​វេលាដើម្បីជួយដល់កូនៗ៖

១ ចាំំថា ស្ទើរតែគ្រប់មនុស្ស តែង​មានអារម្មណ៍ថាធូរស្រាលនៅពេលដែល​អាចនិយាយពីកង្វល់របស់ពួកគេទៅអ្នកណាម្នាក់ដែលគេទុកចិត្ត​និងមិនបន្ទោសបង្អាប់គេ។ ការ​ បង្កើតបរិយាកាសក្នុងផ្ទះប្រកបដោយសុវត្ថិភាព និងគាំទ្រកូនៗ ព្រម​សង្កត់ចិត្ត អនុវត្តការចែករំលែកនិង​ស្តាប់​បញ្ហា​របស់​គ្នាទៅវិញទៅមកដោយ​ទៀងទាត់ នឹងជួយកូនៗយើង​មានអារម្មណ៍សិខ​ស្រួលក្នុងការព្រម​ចែករំលែកកង្វល់របស់ពួកគេយើង។ ប្រសិនបើក្មេងជំទង់មិននិយាយជាមួយយើងច្រើន យើងគួរជាអ្នកចាប់ផ្តើមមុនក្នុងការចែករំលែក​សកម្មភាព​ក្នុងថ្ងៃនិមួយៗរបស់យើងជាមួយគេ យូរៗទៅ គេនឹងទម្លាប់ងាកមកស្តាប់ឬប្រាប់យើងវិញដោយឯកឯង។

២ បង្ហាញទំនុកចិត្ត។ ការបង្ហាញថាយើង​ជឿជាក់លើគំនិតចាស់ទុំច្រើនឡើងៗ​ក្នុងខ្លួនពួកគេ ធ្វើឱ្យ​ពយកក្មេងជំទង់យយកឈ្នះការព្រួយបារម្ភដោយឯកឯង ហ៊ាន​ដោះស្រាយស្ថានភាពស្ត្រេស ហ៊ាននិយាយជាមួយយើង ស្វែងរកដំណោះស្រាយ ដើម្បីកែលម្អ។ ចូរ​ទម្លាប់​សរសើរកូន ៗ ពេល​ដែលពួកគេ​ចេះអត់ធ្មត់ និងគ្រប់គ្រងអារម្មណ៍ ដែលជាបច្ច័យ​នាំំឱ្យពួកគេព្យាយាម​ម្តងហើយ​ម្តងទៀតក្នុងការ​ធ្វើជាមនុស្ស​ចិត្ត​ធ្ងន់ មិនឆេវឆាវ ។បន្ទាប់ពីបរាជ័យ។ អាណា​ព្យាបាលអាច​ជួយ​ពន្យល់កូនៗជំទង់ពីរបៀបតាមដាននិងគ្រប់គ្រងគំនិតអវិជ្ជមានរបស់ពួកគេដោយ​ខ្លួនឯង។ សុទិដ្ឋិនិយមនិងអ្នកគិតពី​វិជ្ជមាននឹង​មានសុខភាពល្អប្រសើរនិងស្ត្រេសតិចតួច​ក្នុងជីវិតហើយ​របស់ទំាងនេះមានមកពីក្នុងគ្រួសារ​ជាជាងសង្គមរស់នៅ។

៣ បង្វឹកឱ្យពួកគេ​រៀនដោះស្រាយបញ្ហា។ សមត្ថភាពក្នុងការស្វែងរកដំណោះស្រាយសម្រាប់បញ្ហាផ្ទាល់ខ្លួនអាចមានលក្ខណៈសាមញ្ញដូចជាការអង្គុយជាមួយគ្នានិងបង្កើតនូវ​បញ្ជីខ្លះ​ដែលយើងធ្វើជាមិនចេះ ដំណោះស្រាយហើយ​ផ្តល់ឱ្យកុមារទំាងនោះ​នូវអ្វីដែលពួកគេគិតឃើញ ។

បង្វឹកការគិត ឬឱ្យ​ពួកគេ​អានសៀវភៅ ស្រដៀងៗនេះ ដើម្បីឱ្យពួកគេ​ចេះ​គិតសិន ទោះជា​ការ​ដំណោះស្រាយរបស់ពួកគេនោះហាក់ខ្វះបទពិសោធន៍ ដំណើរការឬមិនដំណើរការក្តី។

៣ សិល្បៈបំបាត់ភាពតានតឹង

ឱ្យគេដឹងថា មនុស្សពេញវ័យគ្រប់

គ្នា​តែងជួបបរិយាកាសតឹងតែង វេទនារម្មណ៍​និងសោកសង្រេងខ្លះៗជៀសមិនរួច។ ត្រូវតែជួយកុមារឱ្យថ្នឹកក្នុងការ​បន្ធូរអារម្មណ៍ដែលសមស្របនឹងបុគ្គលិកលក្ខណៈ ស្ថានភាព​និងចំណាប់អារម្មណ៍របស់ពួកគេ។ ឧទារហណ៍​បើគេជាកូនប្រុសចូលចិត្តទាត់បាល់​យើង​លេងជាមួយគ្នា​តែបើយើងជាម្តាយពិបាកលេងហើយប៉ារវល់យើង​អាចបបួលគេ​ធ្វើនំ​ខេក ឬ​គូររូប3Dប្រណាំងគ្នាលេង។

ខាងក្រោមនេះជាបញ្ជីសកម្មភាពដែលក្មេងជំទង់និង​យុវវ័យចូលចិត្ត​ធ្វើជាមួយគ្រួសារ៖

១ ការធ្វើលំហាត់ប្រាណដូចជាការជិះកង់ ជិះស្គី លេងទឹក បាញ់កាំភ្លើងជ័រលេងក្នុងផ្ទះ ឆាតកំប្លែងៗ លេងរត់ប្រដេញ​ដាំកូនឈើ ។ល។
២ បរិភោគអាហារឆ្ងាញ់ជុំគ្នា កំណត់ពេលទៀងទាត់ ឧទាហរណ៍​យប់ថ្ងៃអាទិត្យ ឬថ្ងៃសុក្រ ដែលធ្វើឱ្យ​ពេញមួយ​ជីវិត​គេចង់ប្រើថ្ងៃទំាងនោះជាមួយគ្រួសារ។
៣ គេងឱ្យបានគ្រប់គ្រាន់និងមិនបោះបង់គ្នាឯកោស្ងប់ស្ងៀម។ តម្លាប់សួររកគ្នា គោះទ្វារ​និយាយរាត្រីសួស្តី​ដូចពួកលោកខាងលិច។ ឃើញគ្នា​ពេលព្រឹកនិយាយពាក្យល្អៗ អរុណសួស្តី ឬម៉ាក់ស្រលាញ់កូន ញាំទឹកក្រូចអត់?។ល។
៤ ឆ្លៀតពេលធ្វើសកម្មភាពរីករាយដូចជាស្តាប់តន្ត្រី រាំកំប្លែងៗជុំគ្នា គូររូបប្រណាំង​គ្នាសរសេរកំណាព្យ ដើរលេងទីប្លែកៗ ឬចំណាយពេលជាមួយសត្វចិញ្ចឹមរួមគ្នា។
៥ ដាក់ទូរសព្ទ​ចុះឥឡូវ ​ហើយ​ងាកមកមើលអ្វី​ដែលពួកគេកំពុងធ្វើ អង្គុយក្បែរពួកគេ​និង​ញញឹម​សួរនាំ។

ស្រស់