ទីបំផុត ​សមត្ថកិច្ច​តាម​ប្រមាញ់​ឃាត់​ខ្លួន​ ប្ដី​ ដែល​ប្រល័យ​ជីវិត​ប្រពន្ធ​ ​បាន​ហើយ

កំពង់ចាម៖​ ​ជនសង្ស័យ​​ម្នាក់​ ​​ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម តាម​ប្រមាញ់​ចាប់​ខ្លួន​បាន​ ​បន្ទាប់ពី​​​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ប្រពន្ធ​ខ្លួន​ ហើយ​គេចខ្លួន​។​

​លោក​ឧត្ដមសេនីយ៍​ត្រី ​ហេង វុទ្ធី​ ​ស្នងការរង​នគរបាល​ខេត្ត​កំពង់ចាម​ បាន​ឲ្យ​ដឹងថា ​នៅ​ថ្ងៃទី​១៨​ ខែ​កុម្ភៈ​ ​ឆ្នាំ​២០២០​ ​វេលា​ម៉ោង​៦​និង​៣០​នាទី​ ​សមត្ថកិច្ច​នគរបាល​យើង​ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​ ​បាន​ប្រទះឃើញ​មនុស្ស​ស្លាប់​ ​នៅ​ចំណុច​ក្បែរ​មាត់​ស្រះ​ ​ស្ថិតនៅ​ភូមិ​ថ្មគោល​ ​ឃុំ​រអាង​ ​ស្រុក​កំពង់​សៀម​ ​ខេត្តកំពង់ចាម។

​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​​ភ្លាម​ ​ លោកឧត្ដមសេនីយ៍​ទោ ​ឯម កុសល ​ស្នងការ​នគរបាល​ខេត្ត​កំពង់​ចាម​ ​បាន​បញ្ជា​ឲ្យ​កង​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រុក​កំពង់សៀម​ ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ ​និង​កម្លាំង​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​ខេត្ត​កំពង់ចាម​ ​ព្រមទាំង​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​រអាង​ចាត់វិធានការ​ជាបន្ទាន់​ ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​​ស្រាវជ្រាវ​ ​និង​ពិនិត្យ​លើ​សាកសព​ឈ្មោះ​ ច​ន្ធូ ភេទ​ស្រី អាយុ​ ​៣០​ឆ្នាំ​ជាង ​មិន​ស្គាល់​ស្រុកកំណើត បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ថ្មគោល​ ឃុំ​រអាង ​ស្រុក​កំពង់សៀម​ ​ខេត្ត​កំពង់ចាម​។

​លោក ហេង វុទ្ធី ​បាន​បន្ត​ថា​ ​បន្ទាប់ពី​ធ្វើការ​ពិនិត្យ​ ​និង​ស្រាវជ្រាវ​រួចមក​ ​សមត្ថកិច្ច​ជំនាញ​កំណត់​បាន​មុខ​សញ្ញា​ជន​សង្ស័យ​ឈ្មោះ​ ណេ​ន ប៉ឹ​ក​ ​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ ​ជនជាតិខ្មែរ​ ​មាន​ទី​លំនៅ​ភូមិ​ថ្ម​គោល​ ​ឃុំ​រអាង​ ​ស្រុក​កំពង់សៀម​ ​ខេត្តកំពង់ចាម​ (​ត្រូវជា​ប្តី​) ​បានធ្វើ​សកម្មភាព​វាយ​សម្លាប់​ទៅលើ​ជន​រងគ្រោះ​។ ​ក្រោយ​ធ្វើ​សកម្មភាព​រួច​ ​ជនសង្ស័យ​បាន​រត់​គេចខ្លួន​បាត់​ពី​មូលដ្ឋាន​។​

​លោក ហេង វុទ្ធី ​បាន​បញ្ជាក់​ថា​ ​​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវបាន​ក្រុម​​រក្សា​ឃុំ​រអាង ​យកទៅ​បញ្ចុះ​នៅមុខ​វត្ត​បល្ល័ង្ក​ពេជ្រ ​ស្ថិតនៅ​ភូមិ​ថ្មគោល​ ​ឃុំ​រអាង​ ​ស្រុក​កំពង់សៀម​ ​ខេត្តកំពង់ចាម​ តាម​បញ្ជា​លោក ហួត​ ​វុទ្ធី ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម​ ​កាលពី​វេលា​ម៉ោង​៨​និង​៤៦​នាទី ។​
​លោក ហេង វុ​ទ្ធី​ ​បាន​បញ្ជាក់​ថា ​ករណី​នេះ​ ​សមត្ថកិច្ច​បាន​និងកំពុង​ស្រាវជ្រាវ​ ​រហូតដល់​ថ្ងៃទី​១៩​ ​ខែកុម្ភៈ​ ​ឆ្នាំ​២០២០​ ​វេលា​ម៉ោង​៩និង​២០​នាទី​ ​ទើប​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​ ​ដើម្បី​សាកសួរ​។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ​ជ​នសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ​ពិតជា​បាន​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ​ច​ន្ធូ ​ត្រូវជា​ប្រពន្ធ ​កាលពី​ថ្ងៃ​ទី​១៨​ ​ខែ​កុ​ម្ភៈ ​​ឆ្នាំ​២០២០​ពិតប្រាកដ​មែន​។​ ជនសង្ស័យ​បាន​បញ្ជាក់​ថា​ ​កាលពី​ថ្ងៃទី​១៨ ​​ខែ​កុ​ម្ភៈ ​​ឆ្នាំ​២០២០ ​ខ្លួន​បាន​ទៅ​ទិញ​មង​ដើម្បី​ដាក់​រាយ​យក​ត្រី​នៅ​ទន្លេ​ ​តែ​ពេលនោះ​ប្រពន្ធ​ខ្លួន​ ​បាន​ស្តី​បន្ទោស​ឲ្យ​ខ្លួន​ថា​ ​ទិញ​មក​ខុស​ក្រឡា​ ​ហើយក៏​មាន​ការ​ប្រកែក​គ្នា​ចុះ​ឡើងៗ​ ​ធ្វើឲ្យ​ខ្លួន​ខឹង​ក៏​យក​ព្រនង់​វាយ​ទៅលើ​ប្រពន្ធ​ខ្លួន​ ​តែ​ជ្រុលដៃ ​​នាង​ក៏​ស្លាប់​ទៅ​។​ ​ពេលនោះ​ខ្លួន​ភ័យ​ពេក​ក៏​រត់គេច​ ​រហូតដល់​ថ្ងៃ​ទី​១៩​ ​ខែ​កុម្ភៈ ​​ឆ្នាំ​២០២០​ ​ទើប​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​។​ ​ករណី​នេះ​ សមត្ថកិច្ច​យើង​កំពុង​រៀបចំ​កសាង​ឯកសារ​ ​និង​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទ៖ ​អ សុផល​