លោក កឹម សុខា ៖ ខ្ញុំ​មិន​សេពគប់ ជាមួយ​អ្នកណា ដែល​មាន​បំណង​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​ដោយ​ហិង្សា

ភ្នំពេញ ​៖ លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាតិ និង​ជា​ដៃគូ​នយោបាយ​ជាមួយ​លោក សម រង្ស៊ី បាន​អះអាង​ថា លោក​មិន​សេពគប់ ជាមួយ​អ្នកណា ដែលមាន​បំណង​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​ដោយ​ហិង្សា​នោះ​ទេ ពីព្រោះ​គោល​ការ​ណ៍​របស់លោក គឺ​អហិង្សា និង​សន្តិវិធី នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មេធាវី​។

លោក ចាន់ ចេ​ន ដែល​ជា​មេធាវី​មួយរូប​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា នៅក្នុង​សំណុំរឿង​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ហើយ​បាន​នឹង​កំពុង​សំណើ​ការ​សវនាការ​នោះ បាន​ឲ្យ​ដឹងថា នៅក្នុង​សវនាការ​ជំនុំជម្រះ​ក្ដី​លើ​សំណុំរឿង​របស់​លោក កឹម សុខា កាលពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ ទាំង​តំណាង​អយ្យការ ទាំង​មេធាវី​រដ្ឋប្បវេណី បាន​សួរ​លោក កឹម សុខា ដដែលៗ​ពាក់ព័ន្ធ​នឹង​ការ​រួបរួម​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដើម្បី​បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ​។ ជាពិសេស​ភាគី​ខាង​ដាក់បន្ទុក​បាន​ចាក់​បញ្ចាំង​វីដេអូ នៅមុន​ការ​រួបរួម ជា​ភស្តុតាង​ផង ហើយ​បាន​ចោទឡើង​ថា លោក សម រង្ស៊ី ចង់​ធ្វើការ​ផ្លាស់ប្ដូរ​ដោយ​ហិង្សា និង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ជាដើម​។

បើ​តាម​លោក ចាន់ ចេ​ន បន្ទាប់ពី​សំណួរ​ទាំងនោះ​លោក កឹម សុខា បាន​ថ្លែង​យ៉ាង​ច្បាស់​ក្នុង​អង្គ​សវនាការ​នោះ​ថា “​ខ្ញុំ កឹម សុខា មិន​សេពគប់ នឹង​មិន​ធ្វើជា​មួយ​អ្នកណា ដែល​មាន​បំណង​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​ដោយ​ហិង្សា ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ ពីព្រោះ​ខ្ញុំ​ធ្វើ​ដោយ​អហិង្សា សន្តិវិធី​”​។

ចំណែក​អ្នកស្រី ម៉េង សុភា​រី ជា​មេធាវី​មួយ​រូប​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ផងដែរ​នោះ បាន​អះអាងថា នៅក្នុង​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​របស់​លោក កឹម សុខា កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ នោះ លោក កឹម សុខា បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​មេធាវី​ដើមបណ្តឹង​ថា “​ខ្ញុំ​ប្រកាន់​គោលការណ៍​អហិង្សា មិន​ធ្វើ​បដិវត្តន៍ ការ​ផ្លាស់ប្តូរ​ដែល​ខ្ញុំ​ចង់បាន គឺ​តាមរយៈ​ការបោះឆ្នោត។ នរណា ដែលមាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​តាមរ​យៈ​ការប្រើ​ហិង្សា ឬ​បដិវត្តន៍​ពណ៌ ត្រូវ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ ខ្ញុំ​មិន​សេពគប់​ទេ​។ បើ​បុគ្គល​ណា​ដែល​ដើរ​ផ្លូវ​នេះ ខ្ញុំ​មិន​ធ្វើការ​ជាមួយ​ទេ បើ​សិន​ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បន្ត​សវនាការ​លើ​សំណុំរឿង​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​របស់​លោក កឹម សុខា ទៀត ដែល​ជា​សវនាការ​លើក​ទី​១៦ សប្តាហ៍​ទី​៦ ហើយ​នៅ​សវនាការ​ពេញ​មួយថ្ងៃ​នេះ បាន​សួរដេញដោល​ទៅលើ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​អង្គហេតុ​នៅ​ឆ្នាំ​២០១២ ដោយ​ចង់​ដឹង​ថា បរទេស​ណា ជា​អ្នកគាំទ្រ ជា​អ្នក​ជួយ​បង្កើត ឬ​ជួយ​ផ្ដល់​ថវិកា​ដល់​សង្គ្រោះ​ជាតិ​នេះ​។

គួរ​រំលឹក​ដែរ​ថា អ្នកនយោបាយ​ប្រឆាំង​ទាំងពីរ​នាក់ គឺ​លោក កឹម សុខា នឹង​លោក សម រង្ស៊ី ចាប់​តាំង​ពី​ចាប់​ដៃ​គ្នា ឬ ​ចូលរួម​នយោបាយ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយគ្នា​នោះ គេ​សង្កេត​ឃើញ​ថា អ្នក​ទាំងពីរ​មិនសូវ​ចុះសម្រុង​គ្នា​ទេ ដោយសារ​តែ​មិនសូវមាន​ភាពស្មោះត្រង់ ហើយ​អ្វី​ដែលជា​ភស្តុតាង​ជាក់​ស្តែង​នោះ នៅពេល​លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន​ក្រោម​បទ​ចោទ “​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​” នោះ លោក សម រង្ស៊ី ក្រៅពី​បន្ថែម​ភស្តុតាង​ឲ្យ​តុលាការ គឺ​មិន​បានធ្វើ​អ្វី​ដើម្បី​ជួយ​លោក កឹម សុខា នោះទេ​។

ថ្មីៗ​នេះ​ទៀត អ្នក​ទាំងពីរ​ក៏បាន​បញ្ចេញ​ទស្សន​ផ្ទុយគ្នា​ស្រឡះ​ទាក់ទង​ការ​អនុញ្ញាត​ឲ្យ​នាវា​យក្ស MS Westerdam ដែល​មាន​ដឹក​មនុស្ស​ជាង​២០០០​នាក់​ចូល​ចត​នៅ​កំពុងផែ​ខេត្ត​ព្រះសីហនុ ដោយ​លោក កឹម សុខា បាន​អះអាងថា ការអនុញ្ញាត​នេះ គឺជា​កាយវិការ​មនុស្ស​ធម៌ និង​ការចូលរួម​រក​ដំណោះស្រាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​អ្នកទេសចរ​ដែល​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​។ សម្រាប់​លោក សម រង្ស៊ី ដែល​តែងតែ​អះអាង​ខ្លួន​ថា ជា​អ្នកប្រជាធិបតេយ្យ អ្នក​សិទ្ធិមនុស្ស​នោះ បែរជា​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ការអនុញ្ញាត​ឲ្យ​នាវា MS Westerdam របស់​សហរដ្ឋអាមេរិក​ចូល​ចត​ឡើយ​ទៅវិញ ហើយ​បាន​បន្ទោស​សម្តេចនាយក​រដ្ឋមន្ត្រី​ថា មិនបាន​យកចិត្តទុកដាក់​ចំពោះ​សុខភាព​របស់​ប្រជាពលរដ្ឋ​ឡើយ ដោយបាន​អះអាង​ថា ត្រូវ​គិតគូរ​ពី​សុខភាព និង​អាយុជីវិត​ប្រជាពលរដ្ឋ​ខ្មែរ នៅលើ​ទឹកដី​ប្រទេស​កម្ពុជា ជា​មុនសិន ហើយ​ថា ការអនុញ្ញាត​ឲ្យ​ឲ្យ​កប៉ាល់ Westerdam ដែល​ដឹក​អ្នកដំណើរ​អន្តរជាតិ​ជាង​២ ពាន់​នាក់​ចូលមក​សំចត​នេះ ដោយសារ​តែមាន​សម្ពាធ​ពី​អន្តរជាតិ​។

ជា​រួម​អ្នកនយោបាយ​ប្រឆាំង​ទាំងពីរ​នាក់ គឺ​លោក កឹម សុខា នឹង​លោក សម រង្ស៊ី ត្រូវបាន​គេ​មើលឃើញថា មិនអាច​ចុះសម្រុង​គ្នា​ទេ បើ​ទោះបី​អ្នក​ទាំង​ពីរបាន​ចាប់ដៃគ្នា​បង្កើត​គណបក្ស​ថ្មី​មួយ​ក៏ដោយ​។ ម្យ៉ាងទៀត ចាប់តាំងពី​លោក កឹម សុខា មាន​បញ្ហា​មក គេ​មិនដែល​លឺ​លោក កឹម សុខា អំពាវនាវ​ឲ្យ​សកម្មជន​របស់​ខ្លួន​ងើបឡើង​ប្រឆាំង ឬ​ផ្តួលរំលំ​រដ្ឋាភិបាល​នោះទេ​។ ផ្ទុយគ្នា​ស្រឡះ លោក សម រង្ស៊ី ឯនេះ​វិញ តែងតែ​អំពាវនាវ​ឲ្យ​សកម្មជន មហាជន ក៏ដូចជា​ប្រជាពលរដ្ឋ ព្រមទាំង​ទាហាន ងើបឡើង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដែល​កំពុង​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន តែ​សកម្មភាព​នោះបាន​បរាជ័យ​ជា​បន្តបន្ទាប់​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114