ព័ត៍មានទាន់​ហេតុការណ៏
Search

មាន សូ​នី​តា រំភើប​ខ្លាំង​ ​​ក្រោយ​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​ចូល​គាល់ ​និង​ថ្វាយ​ក្រមា​ចំនួន​២ ០០០

ភ្នំពេញ ​៖ ​តារា​សម្តែង​ធ្មេញ​ជំពើស មាន​ឈ្មោះ​ជា​រាជិនី​ក្រមា ​កញ្ញា មាន សូ​នី​តា បានបង្ហាញ​អារម្មណ៍​រំភើប​ខ្លាំង​រហូត​ញញឹម​បិទមាត់​មិន​ជិត​ ក្រោយ​ពេល​ដែល​ព្រះករុណា​ព្រះមហាក្សត្រ​ និង​សម្តេចម៉ែ​ប្រោស​ព្រះរាជទាន​ចូលគាល់ ​និង​ថ្វាយ​ក្រមា​ខ្មែរ​ចំនួន​២​ពាន់​ក្រមា​ដល់​ទ្រង់។

នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ស្រី​ស្រស់ មាន សូ​នី​តា នា​រសៀល​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩​បាន​រៀបរាប់​ភ្ជាប់​ជាមួយ​រូបថត​អនុស្សាវរីយ៍​ជាមួយ​ព្រះករុណា​ព្រះមហាក្សត្រ ​និង​សម្ដេចម៉ែ​ថា​ ជា​មហា​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់បំផុត​របស់ខ្ញុំ​ម្ចាស់​បាន​ចូល​គាល់ និង​ថ្វាយ​ក្រមា​ពី​ផ្ទះ​ស្រលាញ់​ចំនួន ២០០០​ក្រមា ថ្វាយ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង និង សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ ដោយ​ផ្ទាល់​ក្នុង​ព្រះរាជ​សាវនាការ​នាម​ហា​ប្រាសាទខេមរិន្ទ្រ ព្រះបរមរាជវាំង ទីក្រុង​ភ្នំពេញ។

កញ្ញា មាន សូ​នី​តា បាន​ឲ្យ​ដឹង​ទៀតថា ​នាង​ស្ទើរតែ​មិន​ជឿ​ថា ​នេះ​ជាការ​ពិត ​ព្រោះ​ធ្លាប់តែ​ប្រាថ្នា​ក្នុង​ចិត្ត តាំងតែ​ពី​វ័យ​កុមារ ហើយ​ឥឡូវនេះ​ ក្តី​សុបិន​បានសម្រេច​ហើយ​ ជា​មហា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​នា​ង​ដែល​បាន​ចូល​គាល់ និង​ ថ្វាយ​ក្រមា​ពី​ផ្ទះ​ស្រលាញ់ ចំនួន​ ២ ០០០​ ក្រមា​ ថ្វាយ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង និង សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ។

តារា​ស្រី ​កញ្ញា មាន សូ​នី​តា បន្ថែមថា ខ្ញុំម្ចាស់​ សូម​ថ្វាយព្រះពរ ព្រះករុណា ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង និង​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ ខ្ញុំម្ចាស់ សូម​បរម​រាជានុញ្ញាត​ក្រាប​ថ្វាយព្រះពរ​ព្រះអង្គ​ទាំង​ទ្វេ​ទ្រង់​ជួបប្រទះ​តែ​វិបុល​សុខ​មហា​ប្រសើរ​គ្រប់ប្រការ ព្រះរាជសុខភាព​ល្អ ព្រះរាជ​បញ្ញា​ភ្លឺ​ថ្លា ព្រះជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ស្ដេច​គង់​ជា​ម្លប់​ដ៏​ត្រជាក់ ​នៃ​អាណាប្រជានុរាស្ត្រ​ទាំងឡាយ​ នៃ​ព្រះ​នគរ​។​

តាមរយៈ​ការ​បង្ហោះ​របស់​តារា​ស្រី​ កញ្ញា មាន សូ​នី​តា នេះ​ បានធ្វើ​ឲ្យ​មហាជន ​និង​អ្នកគាំទ្រ ​ព្រមទាំង​អ្នក​ដែល​ចូលចិត្ត​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍​គ្រប់គ្នា​ ពិសេស​គឺ​សរសើរ​ចំពោះ​តារា ​សម្ដែង ​កញ្ញា មាន សូ​នី​តា ដែលមាន​ឱកាស​ខ្ពង់ខ្ពស់ ​ដែល​ត្រូវ​បាន​ព្រះករុណា​ព្រះមហាក្សត្រ និង សម្ដេចម៉ែ​ប្រោស​ព្រះរាជទាន​ចូល​ថ្វាយបង្គំ​គាល់​។​ លើសពីនេះ​ទៀត ​គេ​ក៏​ចាប់​អារម្មណ៍​ចំពោះ​ការរៀបចំ​ឥរិយាបថ​យ៉ាង​ទន់ភ្លន់​ជាមួយនឹង​ការ​ស្លៀក​សម្លៀកបំពាក់​យ៉ាង​ស្អាត​សមរម្យ​ថ្លៃថ្នូរ​ ដើម្បី​ចូល​ថ្វាយបង្គំ​គាល់​ដល់​ព្រះករុណា​ព្រះមហាក្សត្រ ​និង​សម្ដេចម៉ែ​ផងដែរ​៕


អត្ថបទ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114