ឆ្នេរ​លំហែកាយ កោះពស់ នឹងត្រូវពង្រីក និង​កែលម្អ ដើម្បីទាក់ទាញទេសចរ

លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើសំណើសុំអនុញ្ញាត និងការគាំទ្រគោលការណ៍ដល់ការងារជួសជុល កែលម្អ និងពង្រីកឆ្នេរខ្សាច់លំហែកាយ កោះពស់ របស់ក្រុមហ៊ុនកោះពស់ ខេមបូឌា អ៉ិនវេសមេនគ្រុប អិលធីឌី ដោយមានការចូលរួមពីមន្ទីរជំនាញ អាជ្ញាធរក្រុង សង្កាត់ និងការិយាល័យពាក់ព័ន្ធផ្សេងៗផងដែរ។

លោក Karkov Pavel តំណាងក្រុមហ៊ុន កោះពស់ ខេមបូឌា អ៉ិនវេសមេន គ្រុប អិលធីឌី បានបញ្ជាក់ថា ក្រុមហ៊ុន​ទទួលបាន​ការអនុញ្ញាតពីរាជរដ្ឋាភិបាលនូវគម្រោងអភិវឌ្ឍន៍នៅលេីកោះពស់មានទំហំ ១១៦ហិកតា។ ក្រុមហ៊ុនបានសាងសង់ស្ពានឆ្លងសមុទ្រប្រវែង ៩០០ម៉ែត្រ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើកោះពស់ មានដូចជា ផ្លូវបេតុងបាន ៦០ភាគរយ នៃផ្លូវប្រវែងជាង ៥គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធ ភូមិគ្រឹះ៣៦ ក៍ប៉ុន្តែមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានសាងសង់ភូមិគ្រឹះបាន១៨ ទន្ទឹមនោះរក្សាព្រៃឈើនៅលើកោះពស់បាន ៦០ភាគរយ ព្រមទាំងបានរៀបចំប្រព័ន្ធទឹកស្អាត និងភ្លើងរួចរាល់ ក្រៅពីប្រព័ន្ធផ្លូវមេ ក៍មានសាងសង់ផ្លូវតូចៗជាច្រើនទៀត ។ ការអភិវឌ្ឍនៅលើកោះពស់ គឺដើម្បីបំរើសេវាទេសចរណ៍ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំក្រុមហ៊ុនកោះពស់ ចំនួនពីរចំនុច​ ទី១. គឺនៅថ្ងៃទី២២ ខែកុម្ភ:​ ឆ្នាំ២០២០ ខាងមុខនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងដឹកនាំមន្ត្រីជំនាញចុះពិនិត្យពីស្ថានភាព នៃការអភិវឌ្ឍ​របស់ក្រុមហ៊នជាក់ស្តែង ដើម្បីបញ្ជាក់ពីភាពច្បាស់លាស់។ ទី២.ក្រុមហ៊ុនត្រូវធ្វើ​ ផែនការមេ ឱ្យខានតែបាន បើមានផែនការមេ រដ្ឋបាលខេត្តគាំទ្រ និងឯកភាពដោយផ្អែកតាមផែនការមេ គោរពទៅតាមបទដ្ឋានបច្ចេកទេស ដែលទទួលស្គាល់ដោយមន្ទីរ និងស្ថាប័នជំនាញ៕