BREAKING NEWS
Search

អាជ្ញាធរ​ស្នើ​ឲ្យ​បើក​ចរាចរណ៍​ជា​សាធារណៈ​ស្ពាន​កោះពស់

ភ្នំពេញ ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​បើក​ចរាចរណ៍​ជា​សាធារណៈ​ស្ពាន​កោះពស់ សម្រាប់​សាធារណ​ជន​ចេញ-ចូល​ បន្ទាប់​ពី​ស្ពាន​នេះ ត្រូវ​បាន​បិទ​ចរាចរណ៍​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

យោង​តាម​លិខិត​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចុះថ្ងៃទី១០ ខែ​សីហា ឆ្នាំ២០២០ បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ការ​រៀបចំ​ហេដ្ឋា​រចនា​សម្ពន្ធ​នៅ​ក្នុង​ខេត្ត​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ​កំពុង​ស្ថាបនា​ហេដ្ឋារចនាសម្ពន្ធ​ផ្លូវ​ក្រុង​ចំនួន ៣៤ខ្សែ ជិត​រួចរាល់​ជា​ស្ថាពរ​ទៅតាម​ផែនការ និង​បាន​រៀបចំ​កែលំអ បើក​លំហ​ឆ្នេរ​សមុទ្រ​សម្រាប់​ប្រជាពលរដ្ឋ​បាន​សម្រាក​កម្សាន្ត​ដោយ​សេរី ដែល​ពីមុន​នៅ​តំបន់​ឆ្នេរ​ខ្លះ​បិទបាំង​និង​ហាមឃាត់​ការ​ចេញ-ចូល​ជា​សាធារណៈ។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ថា​ ក្នុង​ន័យ​នេះស្ពាន​កោះពស់ ក៏​បាន​បិទ​ច្រក​ទ្វារ​មិន​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ធ្វើ​ឲ្យ​សាធារណ​ជន​មាន​ការ​ថ្នាំងថ្នាក់ និង​មិន​ពេញ​ចិត្ត​មក​លើ​រដ្ឋបាល​ខេត្ត​។ ហេតុ​ដូច្នេះ​ដើម្បី​ឆ្លើយតប​នូវ​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​បង្កើន​តំបន់​ទេសចរណ៍​ឲ្យ​បាន​ច្រើន​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន​កុះករ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ស្នើ​បើក​ចរាចរណ៍​ជា​សាធារណៈ​នៅ​លើ​ស្ពាន​កោះពស់ សម្រាប់​សាធារណជន​ចេញ-ចូល ចាប់​ពី​ថ្ងៃ​ទទួល​បាន​សេចក្ដី​ជូនដំណឹង​នេះ​តទៅ៕

ចុចអាន ៖ សម្ដេច ស ខេង សម្រេច​ផ្អាក​ការងារ​លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល