ព័ត៍មានទាន់​ហេតុការណ៏
Search

ចាន់ កូ​ម៉ែន ចូល​កៀក​​ សុខ ពិសី ​ខណៈ​មាន​តម្រុយ​ថា​សាន់​ដេ​ ចែចូវ​​ខ្លួន

ភ្នំពេញ​ ៖ ​អតីត​បេក្ខភាព​ ​កម្មវិធី X Factor Cambodia របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​ លោក ចាន់ កូ​ម៉ែន ថ្វីត្បិតតែ​មិន​ជា​ប់​ជា​ម្ចាស់​ជ័យលាភី​ក្នុង​ការ​ប្រឡង​ក៏ពិតមែន ​តែបើ​តាម​ការ​សង្កេត​ក្រោយពេល​បញ្ចប់​ការ​ប្រឡង​កម្មវិធី​លំ​ដាប់​ថ្នាក់​ពិភពលោក​មួយ​នេះ កូ​ម៉ែន ហាក់​មាន​ស្ទុះ​ទីផ្សារ​គាំទ្រ​ និង​ប្រជាប្រិយភាព​គួរ​ឲ្យ​កត់សម្គាល់។

ដោយសារ​ភាព​លេចធ្លោ​របស់​តារាចម្រៀង ​លោក​ចាន់ កូ​ម៉ែន ​ក្រោយពេល​ប្រឡង​នោះ បាន​ធ្វើ​ឲ្យ​បេក្ខភាព​រូបនេះ​កាន់តែ​មានឱកាស​ទីផ្សារ​ចម្រៀង​នៅតាម​កម្មវិធី​ប្រគំ​តន្ត្រី​នានា ​ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ខ្ពស់​ពី​ការ​ឡើង​ឆាក​ម្តងៗ។ លើសពីនេះ ចាន់ គូ​មែន ក៏​មាន​ឱកាស​ច្រើន​ខិត​ជិត​ស្និទ្ធ​ស្នាល​ជាមួយ​តារា​ចម្រៀង​ប្រុស​-​ស្រី​ល្បីៗ​ ដែលជា​រៀមច្បង​មួយចំនួន​ផងដែរ​។

ជាក់ស្តែង​កាលពី​ថ្មីៗ​នេះ ​គេ​ឃើញ​តារាចម្រៀង​ប្រុស​ កកើត​ចេញពី​វង់ភ្លេង​តន្ត្រី​អក​កាដង់​ លោក ចាន់ កូ​ម៉ែន បាន​បង្ហោះ​រូបភាព​អនុស្សាវរីយ៍​មួយ​សន្លឹក ​ដែល​ថត​កៀក​ស្និទ្ធ​ជាមួយ​រៀមច្បង​ កញ្ញា សុខ ពិសី បង្ក​ការចាប់អារម្មណ៍​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​គ្រប់គ្នា​។ ​មិនតែប៉ុណ្ណោះ ចាន់ កូ​ម៉ែន ក៏បាន​ពោល​ពាក្យ​ដោយ​ខ្លី​ថា ​បាន​ជួប​រៀមច្បង សប្បាយៗ។

ទន្ទឹមគ្នា​ នៃ​ការ​បង្ហោះ​រូបថត​ស្និទ្ធស្នាល​ជាមួយ​រៀមច្បង ​កញ្ញា សុខ ពិសី នេះដែរ​ ក៏មាន​ប្រភព​បង្ហើប​ថា​ នេះ​ជា​សញ្ញា​មួយ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ចាន់ កូ​ម៉ែន ពេលនេះ​កំពុង​ត្រូវ​បាន​ផលិតកម្ម​សាន​ដេ​ចែចូវ​ឲ្យ​ចូល​ច្រៀង​នៅ​ក្នុង​ផលិតកម្ម​របស់​ខ្លួន​ផង​ដែរ។ ទោះ​យ៉ាង​ណា ​បើ​​រឿង​នេះ​ជា​ពិត​​ ​ក៏​មិន​អាច​សម្រេច​ភ្លាមៗ​នោះ​ដែរ ​ព្រោះ​​បើ​តាម​លក្ខខណ្ឌ​នៃ​កម្មវិធី ​​​ចាន់ កូម៉ែន ​នៅ​ជាប់​កុង​ត្រា​ជាមួយ​ផលិត​កម្ម​ហង្ស​មាស​នៅ​ឡើយ។

កម្ពុ​ជាថ្មី​ ព្រឹក​ថ្ងៃ​ទី​០២ ខែ​ធ្នូ ​ឆ្នាំ​២០១៩​ មិនទាន់​អាច​ស្វែង​ការ​បំភ្លឺ​ពី​អតីត​បេក្ខភាព​ប្រឡង​កម្មវិធី X Factor និង​តារា​ចម្រៀង​ លោក ចាន់ កូ​ម៉ែន បាន​នៅឡើយ​ទេ​ ទាក់ទង​ដំណឹង​ផលិតកម្ម​សាន់​ដេ​ចង់​បើកផ្លូវ​ឲ្យ​ក្លាយជា​តារាចម្រៀង​អាជីព​ប្រចាំ​ទ្រនំ​របស់​ខ្លួន​នោះ​។​ ចំណែក​ឯ​ខាង​ផលិតកម្ម​សាន់​ដេ ​ក៏​នៅ​មិនទាន់មាន​ការ​បញ្ជាក់​ផ្លូវការ​ណាមួយ​ជុំវិញ​ព័ត៌មាន​លេចឮ​ខាងលើ​នេះដែរ​៕

អត្ថបទ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114