BREAKING NEWS
Search

ស្នងការ​ខេត្ត​កំពង់ធំ ចេញ​វីដេអូ​ឆ្លើយតប ក្រោយ​រងព្យុះ​វាយ​ប្រហារ​ពី​កូន​ចៅ​

ក្រោយ​រង​​ព្យុះ​រឿង​អាស្រូវ​អសីលធម៌លើ​កូនចៅ​​ក្នុង​អង្គភាព លោក​ស្នងការ​ខេត្ត​កំពង់ធំ អ៊ុក កុសល បាន​ចេញ​វីដេអូ​ឆ្លើយតប​ និង​ព្រម​​ទទួល​ចំណាត់ការ​របស់​ក្រសួងមហាផ្ទៃ​​ដើម្បី​ជម្រះ​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ។

លោក អ៊ុក កុសលឆ្លើយតប​ថា ការ​ចោទប្រកាន់​​​ដែល​លោក​បៀតបៀន​កូនចៅ​ក្រោម​ឱវាទគឺ​ជា​​សេនារីយ៉ូរៀបចំ​ទុកមុន​ ដោយ​ជន​មួយ​ក្តាប់​តូច​។

លោក​ស្នងការ​ប្រាប់​ថា មុន​លោក​មកកាន់​តួនាទី​​ជា​ស្នងការ​ក្នុង​ទឹកដី​ខេត្ត​កំពង់ធំក្នុង​ឆ្នាំ ២០១៥​ គឺ​មាន​ស្នងការ​មិន​តិច​ទេ​ដែល​បាន​ជ្រុះ​តំណែង​ដោយសារ​​មានញុះញង់ប៉ែង​ជើង​គ្នា។

លោក​ថា ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ មាន​បណ្តឹ​ង​ជា​បន្ត​បន្ទាប់​មក​លើ​លោក ដែល​រៀបចំ​ដោយ​បុគ្គល​មួយ​ចំនួន។

លោក​លើក​ឡើង​ថា ការ​ប្តឹងផ្តល់​នេះ ជា​ការ​រៀបចំ​ជា​ប្រព័ន្ធ​ ដើម្បី​ផ្តួល​តំណែង​របស់​លោក។ លោក​ថា​ មន្រ្តី​ក្រោម​ឱវាទ​ដែល​ប្តឹង​លោក គឺ​ដោយសារ​​មាន​ការ​ចាញ់​ការ​អូសទាញ។ លោក​លើក​ឡើង​ដូច​ចាន​ក្នុង​រាវ កូន​ចៅ​និង​មេ តិច​ឬច្រើន​អាច​មាន​រឿង​អន់ចិត្តណាមួយ នាំ​ឲ្យ​មានការ​រង្គាស​ចិត្ត​។

លោក​បន្ថែម​ថា តាំង​ពី​លោក​ឡើង​ជា​ស្នងការ​ លោក​បាន​បញ្ជ្រាប​សមភាព​យេនឌ័រ ដោយ​លើក​ស្ទួយ​កង​កម្លាំង​ស្រ្តី ក្នុង​មុខ​តំណែង​ស្មើ​មុខ​ស្មើ​មាត់​ជាមួយ​កង​កម្លាំង​ជា​បុរស។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ក្រសួង​សម្រេច​ផ្អាក​តួនាទី​របស់​លោក លោក​សប្បាយ​ចិត្ត​ដោយ​ថា​ក្រោយ​មាន​ការ​បើក​ការ​ស្រាវជ្រាវ​រួច នឹង​អាច​ស្វែង​រក​ការពិត ដើម្បី​លុប​លាង​ស្តារ​​កិត្តិយស​របស់​លោក​ឡើង​វិញ៕

អត្ថបទ៖ ដីក្រហម