រថយន្ត​កូរ៉េ ​បង្កប់​ឈើ​ ត្រូវបាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចាប់​ប្រគល់​ឲ្យ​មេព្រៃ​

ស្ទឹងត្រែង​ ៖​ រថយន្ត​កូរ៉េ​១​តោន​កន្លះ ​ដឹក​ឈើ​កែច្នៃ​បង្កប់​ពីក្រោម ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ធ្វើការ​បង្ក្រាប​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ។

រថយន្ត​កូរ៉េ​ដឹក​បទល្មើស​ខាងលើ ​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បង្ក្រាប​កាលពី​វេលា​ម៉ោង១១និង៤៥នាទី​ ថ្ងៃទី២០ ខែមករា ​ឆ្នាំ២០២០ ត្រង់​ចំណុច​ផ្លូវបំបែក​វា​រី​អគ្គិសនី​សេ​សាន​ក្រោម២ ស្ថិតក្នុង​ភូមិ​កំ​ភុ​ន​/​ឃុំ​កំ​ភុ​ន​ ស្រុក​សេសា​ន​/​ ខេត្តស្ទឹងត្រែង​។​

លោក​វរសេនីយ៍ឯក​ បាន ​សុផាន់ ​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹងថា ​រថយន្ត​ដែល​បង្ក្រាប​នោះ​ជា​ប្រភេទ​រថយន្ត​កូរ៉េ ១តោន​កន្លះ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​T.9732​ដឹកឈើ​តាមផ្លូវ​ជាតិ​លេខ៧៨ ចេញពី​ចំណុច​ភូមិ​ច្រប់ មកដល់​ចំណុច​ខាងលើ ​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប និង​ឃាត់ខ្លួន​មនុស្ស​ជិះ​លើ​រថយន្ត​ចំនួន ៤ នាក់​តែម្ដង។​

លោក​វរសេនីយ៍ឯក​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ​ក្រោយ​ការឃាត់​រថយន្ត ​សមត្ថកិច្ច​បាន​ឆែកឆេរ​រកឃើញ​មាន​បេ​ដាក់​ដុំ​ឈើ​ជាច្រើន​បេ និង​បង្កប់​ឈើ​កែច្នៃ​ខុសច្បាប់​ពីក្រោម និង​បាន​បញ្ជូន​ទាំង​រថយន្ត​ទាំង​មនុស្ស​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សួរនាំ​។​

បច្ចុប្បន្ន​ រថយន្ត​ រួម​នឹង​វត្ថុតាង​ ព្រមទាំង​មនុស្ស​បួន​នាក់ ​សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ​ផ្ទេរ​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិ​វិធី​៕


អត្ថបទ ៖ ​ងិន ​លីម​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114