ស្ថាន​ទូត​កូរ៉េ ​ប្រារព្ធ​កម្មវិធី​មហោស្រព​ខ្សែភាពយន្ត​កូរ៉េ​ ឆ្នាំ​២០១៩ ​លើក​ទី​១៣​ នៅ​កម្ពុជា

ភ្នំពេញ ​៖ ស្ថានទូត​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​សហ​ការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​សភា​ពាណិជ្ជកម្ម​កូរ៉េ​នៅ​ប្រទេស​កម្ពុជា​ បានរួម​គ្នា​ប្រារព្ធ​កម្មវិធី​មហោស្រព​ខ្សែភាពយន្ត​កូរ៉េ​ ឆ្នាំ​២០១៩​ លើក​ទី​១៣ នៅ​សាលសន្និសីទ​ចតុមុខ រយៈពេល​០៣​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​០៦ រហូតដល់​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៩​។​

ព្រឹត្តិការណ៍​លើក​នេះ មានការ​ចូលរួម​ពី​ លោក ​ផាក ហ៊ឹង​ក្យ​ង់ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​និង ​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​ វិចិត្រ​សិល្បៈ​ដោយមាន​ការឧបត្ថម្ភ​ពី​ធនាគារ​ស៊ិន​ហាន ធនាគារ​ឯកទេស​ឌី​ជី​ប៊ី Hansoll Textile ធនាគារ​គូក​មីន​កម្ពុជា យ៉ុ​ន​វូ ខេ​ម​បូ​ឌា ធនាគារ​ភ្នំពេញ​ពាណិជ្ជ និង ក្រុមហ៊ុន​អាកាសចរណ៍ ASIANA AIRLINE ។

លោក​ ផាក ហ៊ឹង​ក្យ​ង់ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ​នេះ​គឺជា​លើក​ទី​១៣​ហើយ​ដែល​ស្ថាន​ទូត​កូរ៉េ​ បាន​រៀបចំ​មហោស្រព​ភាព​នៅ​ប្រទេស​កម្ពុជា ​ហើយ​ឆ្នាំនេះ​ ការរៀបចំ​មហោស្រព​នេះ​ ធ្វើឡើង​ គឺ​ដើម្បី​ប្រារព្ធ​ខួប​១០០​ឆ្នាំ​ ក្នុង​ការ​បង្កើត​ខ្សែ​ភាពយន្ត​កូរ៉េ​។​

លោក​បាន​បន្តថា​ ដើម្បី​អបអរសាទរ​ខួប​១០០​ឆ្នាំ ​នៃ​ការបង្កើត​ខ្សែភាពយន្ត​កូរ៉េ​ យើង​បាន​យក​ភាព​យន្ត​កូរ៉េ​ល្បីៗ​ចំនួន​៦​រឿង ​ក្នុងនោះ​មានរឿង​ «​ច្រកចេញ​» ដែលជា​ខ្សែភាពយន្ត​ទទួល​បាន​ជោគជ័យ​បំផុត ហើយ​ក្នុង​នៅ​ប្រទេស​កូរ៉េ នា​រដូវ​ក្ដៅ ឆ្នាំ​២០១៩​នេះ មាន​អ្នកចូលរួម​ទស្សនា​រហូតដល់​ជិត​១០​លាន​នាក់​។​

រឿង «​ច្រកចេញ​»​នេះ​ គឺជា​ភាពយន្ត​បែប​កំប្លែង វាយប្រហារ ដែល​រៀបរាប់​ពី​ការ​ខិតខំ​ប្រឹងប្រែង​តស៊ូ ដើម្បី​រស់រាន​មានជីវិត​របស់​តួអង្គ​ទាំងពីរ​ គឺ យ៉ុង​ណា​ម​(​ចូ ចង​សក់​) និង អ៊ី​ជូ​(​អ៊ី​ម​យ៉ូន​អា​) ពី​ហេតុ​ការណ៍​ភេរវកម្ម​ឧស្ម័ន​ពុល។

នៅក្នុង​មហោស្រព​នេះ​មានការ​អញ្ជើញ​អ្នកដឹកនាំ​រឿង ​«​ច្រកចេញ​»​ គឺ​ លោក លី សាំង​គឹ​ន​ មកកាន់​ប្រទេស​កម្ពុជា ព្រមទាំង​បានរៀបចំ​នូវ​កម្មវិធី​ធ្វើ​កិច្ច​ស្វាគមន៍​ផ្ទាល់​លើ​វេទិកា​ជាមួយនឹង​ទស្សនិកជន កម្មវិធី​សិក្ខាសាលា​ពិសេស​ជាមួយនឹង​អ្នកជំនាញ​ក្នុង​វិស័យ​ខ្សែ​ភាពយន្ត​កម្ពុជា​ផងដែរ​។​

ជាមួយគ្នានេះដែរ នៅ​ថ្ងៃទី​៧ និង ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៩ នឹងមាន​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​កូរ៉េ​ប្រភេទ​ផ្សេងៗ​គ្នា ចំនួន​៥​រឿង​ នៅ​រោង​ភាពយន្ត Legend Cinema និង រោង​ភាពយន្ត Major Complex by Smart នៅ​ផ្សារ​ទំនើប​អ៊ី​ន​អន​ម៉​ល​ផងដែរ​។

ក្រៅពី​រឿង​ច្រកចេញ ដែល​នឹងត្រូវ​ចាក់​បញ្ចាំង​ជូន​ក្នុង​ពិធី​បើក ​នៃ​កម្មវិធី​ ក៏​នឹង​ចាក់​បញ្ចាំង​ជូន​នូវ​ខ្សែ​ភាពយន្ត​ផ្សេងទៀត​ដូចជា រឿង​បា​រ៉ា​ស៊ីត ដែល​ដឹកនាំ​ដោយ​អ្នកដឹកនាំ​រឿង​ ប៊ុង ជូន​ហូ​ ដែល​ឈ្នះ​ពាន​រង្វាន់ Palme d’Or ក្នុង​កម្មវិធី Cannes Film Festival រឿង​ស្នេហា​ដ៏​សែន​យ៉ាប់ ដែល​នឹងត្រូវ​ចាក់​បញ្ចាំង​ឆាប់ៗ​នេះ ​នៅក្នុង​ប្រទេស​កម្ពុជា រឿង​ជនពាល​អនាមិក ដែល​ជា​ប្រភេទ​រឿង​បែប​ឃាតកម្ម និង​រឿង​រីករាយ​ថ្ងៃបុណ្យ​គ្រី​ស្មាស់ លោក ​ម៉ូ ដែល​និយាយ​អំពី​រឿងរ៉ាវ​ដ៏​រំភើប​របស់​តួអង្គ និង​គ្រួសារ​របស់​គាត់​ដែល​កំពុង​ប្រឈម​ជាមួយនឹង​សេចក្ដីស្លាប់​ជាដើម​។​
​ ​
លោក​ឯកអគ្គ​រដ្ឋទូត​កូរ៉េ​បាន​បន្តទៀតថា ​ការរៀបចំ​មហោស្រព​ភាពយន្ត​កូរ៉េ​នេះ​មិន​ត្រឹមតែ​ផ្សព្វផ្សាយ​ពី​ភាពយន្ត​កូរ៉េ​ប៉ុណ្ណោះ​ទេ​គឺ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​កូរ៉េ​កាន់តែ​ស្អិតរ​មួ​ត​ថែមទៀត​ពិសេស​លើ​វិស័យ​ភាព​យន្ត​នេះ។​

លោកស្រី ភឿង ស​កុ​ណា ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង ​វិចិត្រសិល្បៈ​ បាន​មានប្រសាសន៍ថា ​មហោ​ស្រព​ភាពយន្ត​កូរ៉េ​នេះ​ គឺជា​ការ​បង្ហាញ​នូវ​បទពិសោធន៍​ទៅវិញទៅមក​រវាង​អ្នកធ្វើការ​ក្នុង​វិស័យ​ភាព​យន្ត​កូរ៉េ​ និង​កម្ពុជា​។​ ព្រោះថា​កម្ពុជា​ និង​កូរ៉េ​ តែងតែ​ធ្វើការ​ជាមួយគ្នា​លើ​វិស័យ​ភាពយន្ត​នេះ​ ដែល​កន្លងមក​មាន​ខ្សែភាពយន្ត​កម្ពុជា​ជាច្រើន​បាន​ទៅ​ចូលរួម​មហោស្រព​ភាពយន្ត​នៅ​កូរ៉េ​ ដើម្បី​បង្ហាញ​ពី​ចំណងមិត្តភាព​រវាង​ប្រទេស ​និង​ប្រទេស​ ប្រជាជន ​និង​ប្រជាជន ​ក្នុងការ​ស្វែងយល់​ពីគ្នា​ទៅវិញ​ទៅ​មក​លើ​វិស័យ​វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់ ពិសេស​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កូរ៉េ​ឲ្យ​មក​កម្សាន្ត​នៅ​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើនឡើង​ថែមទៀត​។​

លោកស្រី​រដ្ឋមន្ត្រី​បាន​បន្តថា​ ក្រៅពីនេះ កូរ៉េ​ ក៏បាន​ចូលរួម​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​វិស័យ​ភាពយន្ត​ដល់​កម្ពុជា​ផង​ដែរ​ដូចជា ៖ ​ជួយ​បណ្ដុះបណ្ដាល​ដល់​អ្នក​ថត​ និង​ អ្នក​តុបតែង​មុខ​មាត់​ផងដែរ​៕​

អត្ថបទ ៖ សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114