ប្រធានាធិបតីកូសូវ៉ូនឹងលាលែងពីតំណែងប្រសិនបើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមត្រូវបានបញ្ជាក់
BREAKING NEWS
Search

ប្រធានាធិបតីកូសូវ៉ូនឹងលាលែងពីតំណែងប្រសិនបើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមត្រូវបានបញ្ជាក់

ប្រធានាធិបតីកូសូវ៉ូលោក Hashim Thaci បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងលាលែងពីតំណែងភ្លាមៗ ប្រសិនបើតុលាការពិសេសនៅទីក្រុងឡាអេព្រមព្រៀងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងនឹងរូបលោកចំពោះតួនាទីរបស់លោកនៅក្នុងសង្គ្រាមឆ្នាំ ១៩៩០ របស់ប្រទេសកូសូវ៉ូ ។

ការចោទប្រកាន់ដែលរួមមានអំពើឃាតកម្ម ការបាត់ខ្លួនដោយបង្ខំ ការធ្វើទុក្ខបុកម្នេញ និងការធ្វើទារុណកម្មត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុនដោយព្រះរាជអាជ្ញាពិសេសដែលស៊ើបអង្កេតឧក្រិដ្ឋកម្មពីការបះបោររបស់ប្រទេសកូសូវ៉ូប្រឆាំងនឹងប្រទេសស៊ែប៊ីកាលពីពីរទសវត្សរ៍មុន ។

លោក Thaci ដែលជាអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសកូសូវ៉ូនាពេលនោះគឺជាមេដឹកនាំនយោបាយនៃក្រុមឧទ្ទាមជនជាតិអាល់បានីដែលបានធ្វើសង្គ្រាមបំបែកខ្លួន និងត្រួសត្រាយផ្លូវឆ្ពោះទៅរកឯករាជ្យភាពរបស់ប្រទេសកូសូវ៉ូ ។

ទន្ទឹមនោះការចោទប្រកាន់នេះនៅតែត្រូវការការយល់ព្រមពីចៅក្រមមុនការជំនុំជម្រះដែលអាចចំណាយពេលច្រើនខែ ។

ប្រធានាធិបតីវ័យ ៥២ ឆ្នាំរូបនេះបាននិយាយនៅក្នុងសុន្ទរកថាជាតិលើកដំបូងរបស់គាត់ បន្ទាប់ពីការចោទប្រកាន់នេះកាលពីថ្ងៃពុធថា “ប្រសិនបើការចោទប្រកាន់ត្រូវបានបញ្ជាក់ ខ្ញុំនឹងលាឈប់ពីតំណែងជាប្រធានាធិបតីរបស់អ្នកភ្លាមៗ ហើយប្រឈមមុខនឹងការចោទប្រកាន់នេះ” ។

លោកបានបន្ថែមថា “ខ្ញុំនឹងមិនប្រឈមនឹងយុត្តិធម៌ពីការិយាល័យនេះនោះទេ” ។

ក្រុមរដ្ឋអាជ្ញាបាននិយាយថា ពួកគេបានប្រញាប់ប្រញាល់ប្រកាសពីបញ្ហានេះ ពីព្រោះលោក Thaci និងជនសង្ស័យផ្សេងទៀតបានព្យាយាមរារាំងការងាររបស់អង្គជំនុំជម្រះឯកទេសកូសូវ៉ូដែលជាតុលាការមានមូលដ្ឋាននៅទីក្រុងឡាអេដែលប្រតិបត្តិការក្រោមច្បាប់កូសូវ៉ូ ប៉ុន្តែមានចៅក្រមអន្តរជាតិ ។

លោក Thaci បានសម្តែងការសោកស្តាយចំពោះការផ្លាស់ប្តូរនេះថាជារឿងអាស្រូវដ៏ធំមួយ ហើយបានទទូចសុំភាពគ្មានទោសពៃរ៍របស់គាត់ ។

លោកបន្ថែមថា “កំហុសនយោបាយនៅក្នុងសន្តិភាពខ្ញុំអាចនឹងធ្វើ ប៉ុន្តែឧក្រិដ្ឋកម្មសង្គ្រាមមិនដែលមានទេ” ។

ការចោទប្រកាន់ចំនួន ១០ ករណីបានចោទប្រ់កានលើលោក Thaci សម្ព័ន្ធមិត្តនយោបាយជិតស្និទ្ធបំផុតរបស់គាត់លោក Kadri Veseli និងអ្នកផ្សេងទៀតឲ្យទទួលខុសត្រូវចំពោះបទឧក្រិដ្ឋឃាតកម្មជិត ១០០ នាក់បន្ថែមលើបទឧក្រិដ្ឋផ្សេងទៀតប្រឆាំងនឹងជនរងគ្រោះស៊ែប៊ី រ៉ូម៉ានី និងកូសូវ៉ូអាល់បានី ៕ AFP

ប្រធានាធិបតីកូសូវ៉ូលោក Hashim Thaci ចូលរួមក្នុងពិធីទិវាកងសកម្លាំងសន្តិសុខនៅទីក្រុង Pristina ។ (រូប REUTERS)

ប្រែសម្រួលដោយ ៖ ជីវ័ន្ត