BREAKING NEWS
Search

រដ្ឋមន្ត្រី​សុខាភិបាល ​ចាត់​ទុក​ជំងឺ​កូវីដ-១៩ ​ជា​ភ្លើង​ដ៏​សាហាវ​ដែល​ត្រូវ​រួមគ្នា​ទប់ស្កាត់

ភ្នំពេញ៖ លោក​សាស្ត្រាចារ្យ​ ម៉ម ​ប៊ុន​ហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ បាន​លើក​ឡើង​ថា ជំងឺ​កូ​វីដ-១៩ គឺ​ជា​ភ្លើង​ដ៏​សាហាវ​ដែល​ត្រូវ​តែ​បង្ការ​និង​ទប់ស្កាត់​ ​ដើម្បីកុំឲ្យមានការរីការាលដាលទៅជារលកទី២ ជា​បន្ត​ទៀត។

នេះ​ជា​ការ​លើកឡើង​របស់​លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន ​អ្នកនាំពាក្យ ដែល​បាន​ដក​ស្រង់​ប្រសាសន៍​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ។

​អ្នកនាំពាក្យ​បាន​លើក​យក​ប្រសាសន៍​លោក​រដ្ឋមន្ត្រី​ទៀត​ថា វីរុសកូវីដ១៩នេះ កំពុង​រាល​ដាល​ដូច​ភ្លើង​ឆេះ​ព្រៃ​នៅ​ជុំវិញ​ពិភពលោក ​ដូច្នេះ​ប្រទេស​កម្ពុជា នៅតែប្រឈមនឹង​ហានិភ័យ​ ដរាបណា​វីរុស​នេះ​នៅ​កំពុងតែរាល​ដាលពាសពេញពិភពលោក។

​លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា នៅក្នុងចំណោមប្រជាជនដែលងាយ​ឆ្លងវីរុសនេះ ប្រៀបដូចជា​ផ្កាភ្លើង​វាអាច​ធ្វើឲ្យឆាបឆេះបាន និងរាលដាលទៀតផង។

​រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​ បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំងអស់គ្នា ដើម្បីធានាឲ្យ​បាន​ថា ករណី​នីមួយៗ​មិនក្លាយជា​អណ្ដាត​ភ្លើង​ ហើយ​មិន​វិវត្ត​ទៅជាភ្លើងនាពេលបន្ទាប់។ ប្រសិនបើ​ធ្វើសកម្មភាព​ដោយ​មាន​សាមគ្គីភាព​ នោះអាចការពារប្រទេសកម្ពុជា ពី​ការ​ចម្លង​ជំងឺ​ជាទ្រង់ទ្រាយធំក្នុង​សហគមន៍​ ​ដូចដែល​ធ្លាប់បានឃើញនៅក្នុងបណ្តាប្រទេសមួយចំនួន នៅលើ​សាកលលោក​ព្រោះថា ការ​រួមគ្នាទប់ស្កាត់ការ​ចម្លង​វីរុសកូវីដ-១៩ គឺជា​កាតព្វកិច្ច​របស់​បុគ្គល​គ្រប់រូប ដើម្បី​សហគមន៍​គ្មានការរាតត្បាតជំងឺដ៏កាចសាហាវនេះ។

​ប្រទេស​កម្ពុជា ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ ហើយ​មិនមាន​ការ​ចម្លង​ជំអឺកូវីដ-១៩ ជាទ្រង់ទ្រាយធំ ក្នុង​សហគមន៍​នោះទេ ហើយក៏មិនមានការកើនឡើងជា​ស្វ័យគុណ​នូវ​ករណី​វិជ្ជមានវីរុសកូវីដ-១៩ ដែលបង្កបានជារលក ដូចដែលកើតមានឡើងនៅក្នុងប្រទេសដទៃទៀត នៅលើសាកលលោកដែរ។ ផ្ទុយទៅវិញ កម្ពុជាកំពុងតែស្ថិតក្នុងដំណាក់កាលដំបូងដោយមានករណីវិជ្ជមានជំងឺកូវីដ-១៩ ដែល ភាគច្រើន​នៃ​ករណីទាំងនោះ ជាករណីនាំចូលប៉ុណ្ណោះ។

​គួរបញ្ជាក់​ថា គិតត្រឹមថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងជំងឺ១៤១នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ចំនួន១៣១នាក់ និងនៅសល់១០នាក់ កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ ៕

អត្ថបទ ៖ សំអឿន

ចុចអាន ៖ ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម បង្ហាញ​ទំនាក់ទំនង​ល្អ និង​បង្ការ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩