BREAKING NEWS
Search

កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ទទួលស្គាល់​កំហុស​ ចំពោះ​ករណី​សង់​របង​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​

ភ្នំពេញ ៖ លោក ព្រាប សុវត្ថិ ទទួល​ស្គាល់​ចំពោះ​កំហុស​ឆ្លង​ដែល​បាន​សាងសង់​របង​ផ្ទះ​រំលោភ​ចូល​ចិញ្ចើម​ផ្លូវ ​ខណៈដែល​ កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២០​នេះ ​ក្រុមការងារ​បច្ចេកទេស​ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី​រាជធានី​ភ្នំពេញ ​ព្រមទាំង​ចៅសង្កាត់​គោក​ឃ្លាង ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ ​និង​វាស់វែង​ដោយ​បាញ់ GPS នៅ​ចំណុច​ដែល​មាន​បញ្ហា​ត្រង់​ព្រំ​ប្រទល់​ដី​។

បន្ទាប់ពី​ក្រុមការងារ​បច្ចេកទេស​ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី​រាជ​ធានី​ បាន​ធ្វើការ​វាស់វែង​រួចរាល់​ទើប​ដឹង​ថា ​សំណង់ផ្ទះ​របស់​ លោក ព្រាប សុវត្ថិ ពិតជា​បាន​សាង​សង់​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​ប្រាកដ​មែន។​

ជាមួយគ្នានេះដែរ ​លោក ព្រាប សុវត្ថិ ក៏បាន​ទទួល​ស្គាល់​ថា សំណង់​របស់​លោក​ពិត​ជា​សាងសង់​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​ពិតមែន ហើយ​លោក​ក៏បាន​ផ្តិតមេដៃ​ទទួលស្គាល់​ចំពោះ​ការវាស់វែង​របស់​មន្ត្រី​មន្ទីរ​សុរិយោដី​ផងដែរ។​

ចំពោះ​ការ​ចុះ​វាស់​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ ដោយ​បាន​ចោទ​ប្រកាន់​ថា ​របង​ផ្ទះ​របស់​កំពូល​តារា​ចម្រៀង ​លោក ព្រាប សុវត្ថិ ដែល​ស្ថិតនៅ​ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ​ បាន​សង់​រំលោភ​លើផ្លូវ​សាធារណៈ​។​

បើ​យោង​តាម​ពាក្យបណ្ដឹង​ជំទាស់​របស់ ​ឈ្មោះ ហេង គ​ន្ធា ភេទ​ស្រី ​អាយុ​៥០​ឆ្នាំ ​កាលពី​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៩​ បាន​លើកឡើងថា ​ស្នើ​សុំ​ប្តឹង​ជំទាស់​ករណី​ក្បាលដី​ចុះបញ្ជី​លេខ​១៧៤ ​ស្ថិតនៅ​ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

ពាក្យបណ្ដឹង​ដដែល​នោះ​បាន​បន្ត​ថា អាស្រ័យហេតុនេះ ​សូម​ជម្រាប​ជូន​លោក​អភិបាលខណ្ឌ​សែន​សុខ​ជ្រាបថា ​យោងទៅតាម​ប្លង់​ផ្លូវ​ដែល​នៅ​ចន្លោះ​រវាង​ក្បាលដី​លេខ​១៧៤​ និង​១៧៥​ ផ្នែក​ខាងកើត​៨.៨៨​ម៉ែត្រ​ និង​ផ្នែក​ខាងលិច​១០.២៥​ម៉ែត្រ​ តែ​បច្ចុប្បន្ន​នៅសល់​ប្រហែល​៧​ម៉ែត្រ​ជាង​។ ​ដូច្នេះ​ហើយ​សូម​សំណូមពរ​រក្សា​ទំហំ​ផ្លូវ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ប្លង់។

សូម​បញ្ជាក់​ថា​ គេហដ្ឋាន​របស់​កំពូល​តា​រា​ចម្រៀង​ លោក ព្រាប សុវត្ថិ គឺ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ បាន​សាងសង់​រំលោភ​លើ​ចិញ្ចើម​ផ្លូវ ធ្វើឲ្យ​ផ្លូវ​រួម​តូច​ និង​បាន​ធ្វើ​រោង​អារ​ឈើ​បិទ​ផ្លូវ​នៅ​ខាងក្រោយ​ផ្ទះ​របស់លោក​ ពោល​គឺ​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ទីតាំង​ខាងលើ​ជាច្រើន​គ្រួសារ​។​

លោក ព្រាប សុវត្ថិ អង្គភាព​សារព័ត៌មាន​កម្ពុជា​ថ្មី​ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២០ ​នេះ​ មិន​អាច​ទំនាក់ទំនង​ដើម្បី​សុំ​ការ​បកស្រាយ​បន្ថែម​លើ​ករណី​នេះ​បាន​នៅឡើយ​ទេ​៕
អត្ថបទ ៖ ចាន់​រ៉ា​

សូមចុចអាន ៖ អ្នកដឹកនាំផលិតចម្រៀង “ តើអ្នកព្រៃវែងអាក្រក់ត្រង់ណា ” ចេញមុខសុំទោស​

       



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114