ពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​៦៦​គ្រួសារ ទទួល​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហម
BREAKING NEWS
Search

ពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​៦៦​គ្រួសារ ទទួល​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហម

សៀមរាប ៖ អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ខេត្ត​សៀមរាប ត្រូវ​បាន​ លោក ចៅ ម៉ៅ​មុន្នី សមាជិក​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​សៀមរាប នាំយកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​៦៦​គ្រួសារ នៅ​ស្រុក​សូទ្រនិគម។ ក្នុងនោះ​មាន​ក្រុមគ្រួសារ​ងាយ​រងគ្រោះ​នៅ​ពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ-​១៩ រួមមាន​ ៖ ចាស់ជរា​គ្មាន​ទីពឹង កុមារ​កំព្រា ស្ត្រី​មេម៉ាយ​ក្រីក្រ​មាន​កូន​ច្រើន អ្នក​ផ្ទុកមេរោគ​អេដស៍ និង ជន​ពិការ​ទីទ័លក្រ ចំនួន​៦០​គ្រួសារ និង​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន​០៦​គ្រួសារ (​រលំ​០១​ខ្នង ប៉ះពាល់​ធ្ងន់​០៥​ខ្នង​) កាលពី​ព្រឹក​ថ្ងៃទី​០១ ខែ​កក្កដា ឆ្នាំ​២០២០​នេះ ក្នុង​បរិវេណ​វត្ត​បន្ទាយស្រី ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប។

បន្ទាប់ពី​កិច្ច​ស្វាគមន៍​ និង​សេចក្ដីរាយការណ៍​របស់ លោក ម៉ក់ ប្រុស ប្រធាន​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា ស្រុក​សូទ្រនិគម​រួចមក មានប្រសាសន៍​នា​ឱកាស​នោះ លោក ចៅ ម៉ៅ​មុន្នី ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា និង លោក ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា ដែល​ជា​និច្ចកាល ​សម្ដេច​តែងតែ​យក​ចិត្ត​ទុក​ដាក់​គិតគូរ​ខ្ពស់​បំផុត​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប​ មិន​ប្រកាន់​វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ។

ក្នុងពេលដែល​​ពិភពលោក​បាន​កំពុង​ជួប​នូវ​វិបត្តិ​ជំងឺ​កូ​វីដ-​១៩ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ នៅ​តាម​មូលដ្ឋាន។ ព្រោះ​ឥទ្ធិពល ​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ជីវភាព​របស់​បងប្អូន​ ក្នុង​ការ​ប្រកប​រប​រ​ទទួល​ទាន​ប្រចាំថ្ងៃ។ លោក​ក៏បាន​សម្តែង​នូវ​ការ​សោកស្ដាយ​ចំពោះ​ការខូចខាត​ផ្ទះសំបែង ទ្រព្យ​សម្បត្តិ ដែល​នេះ​ជា​គ្រោះ​មហន្តរាយ​បង្ក​ដោយ​ធម្មជាតិ គ្មាន​នរណា​ម្នាក់​ចង់​ជួបប្រទះ​ឡើយ។

លោក​បន្ត​ថា ថ្វីត្បិតតែ​អំណោយ​មនុស្សធម៌​ដែល​បាន​នាំយកមក​ចែកជូន​បង​ប្អូន​នាពេលនេះ មាន​ចំនួន​តិចតួច​ក្ដី មិន​សមល្មម​នឹង​ការខាតបង់រ​បស់បង​ប្អូន តែ​ក៏​អាចជួយ​សម្រាលទុក្ខ​លំបាក​របស់​បងប្អូន​បាន​មួយកម្រិត ហើយក៏​ជាការ​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​ពី​សំណាក់​ថ្នាក់ដឹកនាំ សំខាន់ ​គឺ​កាកបាទក្រហម​កម្ពុជា ដែលមាន ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ដូចដែល​បាន​លើកឡើងថា “​កាកបាទក្រហម​កម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់​ៗ​គ្នា ​មិន​ទុក​នរណា​ម្នាក់​ចោល​” និង “​ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា​” ។

លោក ចៅ ម៉ៅ​មុន្នី ក៏បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មិនត្រូវ​ធ្វេសប្រហែស​អំពី​ជំងឺ​កូ​វីដ​-១៩ ដែលជា​បញ្ហា​ប្រឈម​រួម​ទូទាំង​ជា​សកលលោក​នាពេលនេះ ទោះបី​ចំនួន​អ្នក​ឆ្លង​នៅ​ក្នុង​ប្រទេស​យើង​មាន​តិចក្តី តែ​យើង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ និង ត្រៀម​ទប់ស្កាត់​គ្រប់​ពេល​វេលា ដោយ​ត្រូវធ្វើ​អនាម័យ​សុខភាព​ឲ្យ​បានជា​ប្រចាំ ដើម្បី​ការពារ​អាយុជីវិត​សម្រាប់​ខ្លួនឯង​ផ្ទាល់ និង ក្រុមគ្រួសារ​កុំ​ឲ្យ​មាន​ឆ្លង​មេរោគ​កូ​វីដ​-១៩ ក៏​ដូច​ក្នុង​សហគមន៍។ សំខាន់​ក្នុងការ​ចូលរួម​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់ ជាមួយ​រាជរដ្ឋាភិបាល​យើង និង អនុវត្ត​ឲ្យ​បាន​តាម​ការណែនាំ​ និង​វិធានការ​របស់​ក្រសួងសុខាភិបាល គឺ ត្រូវ​ដុសលាង​សម្អាត​ដៃ​ជាប្រចាំ​នឹង​ទឹកសាប៊ូ អាល់កុល ឬ​ជែ​ល និង ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ។

ក្នុងនោះ​លោក​ក៏បាន​ធ្វើការ​ក្រើនរម្លឹក​ដល់​បងប្អូន​កុំ​ឲ្យ​ចាញ់បោក​មេខ្យល់ នាំយក​កូនចៅ​ខ្លួន​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ដោយ​ខុសច្បាប់ ដោយ​ប្រទេសជិតខាង​យើង​ពេលនេះ ក៏បាន​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការបង្កា​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ផងដែរ។

ម្យ៉ាងវិញទៀត​ ក៏ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង​ក្រុម​គ្រួសារ​របស់ខ្លួន សំខាន់​កាត់បន្ថយ​ឲ្យ​បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍ និង​ធ្វើ​ការអប់រំ​កូនចៅ ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​អំពី​សុខភាព​របស់​កុមារ​តូចៗ កុំ​ឲ្យ​មាន​កើត​ជំងឺ​គ្រុនឈាម គឺត្រូវធ្វើ​អនាម័យ​នៅ​ជុំវិញ​លំនៅដ្ឋាន បំបាត់​ទីជម្រក​មូស​ខ្លា ដោយ​រដូវភ្លៀង​ធ្លាក់​បាន​មក​ដល់​ហើយ សូម​បងប្អូន​រួសរាន់​លើ​ការងារ​បង្កបង្កើនផល​ធ្វើស្រែ​ចម្ការ​ឲ្យ​ទាន់​រដូវ និង ដាំ​ដុះ​ដំណាំ​រួមផ្សំ ដើម្បី​បង្កើន​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​បន្ថែម​ទៀត​ផង។​

អំណោយ​មនុស្សធម៌​ដែល​បាន​ផ្ដល់​ជូន​មាន​បងប្អូន គ្រួសារ​រលំ​ផ្ទះ និង ផ្ទះ​របើក​ដំបូល​ទទួល​បាន ឃី​ត​១​កញ្ចប់ កន្ទេល​១, អាវយឺត​២ មី​១​កេស ត្រីខ​១​យួរ អង្ករ​៣០​គីឡូក្រាម​ដូចគ្នា ហើយ​អ្នក​រលំ​ផ្ទះ​បន្ថែម​ស័ង្កសី​១៦​សន្លឹក ​ថវិកា​២​សែន​រៀល និង គ្រួសារ​ផ្ទះ​រប៉ើក​ដំបូល ទទួល​បាន​ស័ង្កសី​១០​សន្លឹក ថវិកា​១​សែន​រៀល។ ចំពោះ​គ្រួសារ​ងាយ​រងគ្រោះ​ចំនួន​៦០​គ្រួសារ ទទួល​បាន​អង្ករ​២៥​គីឡូក្រាម ត្រីខ​១​យួរ មី​១​កេស អាវយឺត​២ និង​ថវិកា​៤​ម៉ឺន​រៀល​ផង​ដែរ៕
អត្ថបទ ៖ ​គឿន ​វេត​

សូមចុចអាន ៖ ជប៉ុន​ ចុះ​កិច្ចព្រមព្រៀង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​ជា​៣.២៣​លាន​ដុល្លារ​អាមេរិក​សម្រាប់​អាហារូបករណ៍​ដល់​មន្ត្រី​រដ្ឋាភិបាល​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114