ពលរដ្ឋ​ និង​អាជីវករ ដែល​សង់​សំណង់​លើ​ដី​ចំណី​ផ្លូវ​ទៅកាន់​ភ្នំ​គូលែន​ ស្ម័គ្រ​ចិត្ត​រុះរើ​ថយ​ទៅ​ក្រោយ​ ដោយ​ខ្លួនឯង​ហើយ
BREAKING NEWS
Search

ពលរដ្ឋ​ និង​អាជីវករ ដែល​សង់​សំណង់​លើ​ដី​ចំណី​ផ្លូវ​ទៅកាន់​ភ្នំ​គូលែន​ ស្ម័គ្រ​ចិត្ត​រុះរើ​ថយ​ទៅ​ក្រោយ​ ដោយ​ខ្លួនឯង​ហើយ

សៀមរាប ៖ បន្ទាប់ពី​លិខិត​ជូនដំណឹង​ជាមុន​រយៈពេល​៣០​ថ្ងៃ​របស់​រដ្ឋបាល​ស្រុក ក៏​បាន​ឈាន​ដល់​ឱសានវាទ​។

លោក ឃឹម​ ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា លោក​ នឹង​គ្រោង​ដាក់​កម្មវិធី ចុះ​ទៅ​សំពះ​សុំ​ការយោគយល់​ពី​ពុក​ម៉ែ​បងប្អូន​ដែល​រង​ផល​ប៉ះពាល់ ឲ្យ​ជួយ​សហការ ​ដើម្បី​ប្រយោជន៍​រួម និង​សោភ័ណភាព​របស់​ស្រុក​យើងទាំងអស់គ្នា​ ជាពិសេស​នៅ​លើ​ផ្លូវ​ដែល​មាន​អ្នក​ទេសចរ​ឆ្លងកាត់​ច្រើន​មួយ​នេះ ប៉ុន្តែ​មិនទាន់​ទាំង​បាន​ចុះទៅ​ផង ស្រាប់តែ​ពួកគាត់​មានការ​ភ្ញាក់​រលឹក​រៀបចំ​រុះរើ​បាន​ជាង​៩០%​បាត់​ទៅ​ហើយ​។

អភិបាលស្រុក​បន្ទាយស្រី​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា និយាយ​មិន​អួត​ទេ តែ​ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ដែល​បាន​សង្កេតឃើញ បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​បន្ទាយ​ស្រី​ចាប់ផ្ដើម​ឲ្យ​តម្លៃ​ទៅលើ​ការ​គោរព​ច្បាប់​កាន់តែ​ច្រើន​ឡើង​ៗ ចូលរួម​យ៉ាង​ផុសផុល​នៅ​ក្នុង​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ ហើយ​បាន​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​រាយការណ៍​ពី​សំណាក់​ពលរដ្ឋ​​តាម​មូលដ្ឋាន​ចាប់​មានដំណើរ​ការ និង​​ប្រសិទ្ធ​ភាព​ល្អ​។

សូម​បញ្ជាក់​ថា តំបន់​នេះ​ គឺជា​តំបន់​ទី​៤​ហើយ ហើយក៏​ជា​តំបន់​ធំ​ចុងក្រោយ ដែល​រដ្ឋបាល​ស្រុក​ចាំបាច់​ត្រូវតែ​រៀបចំ និង​រំដោះ​យក​ចំណី​ថ្នល់​មកវិញ បន្ទាប់ពី​តំបន់​ផ្សារ​ព្រះ​ដាក់ ផ្សារ​បន្ទាយស្រី និង​រង្វង់​មូល​ផ្លូវ​ហាយ​វេ​៦៦ សុទ្ធតែ​ត្រូវ​បាន​បញ្ចប់​ទៅ​ដោយ​សន្តិវិធី​យ៉ាង​រលូន ដើម្បី​រៀបចំ​សណ្ដាប់​ធ្នាប់​តំបន់​ទាំងនេះ​ឡើងវិញ ទាំង​ផ្លូវ​ដើរ ទាំង​ដាំ​ដើមឈើ និង​ចំណតរថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ ស័ក្ដិសម​ជា​ស្រុក​ទេសចរណ៍​មួយ ព្រមទាំង​ជំរុញ​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ ​នៃ​យុទ្ធនាការ​”២០២០​បន្ទាយស្រី​ស្អាត​”​៕
អត្ថបទ ៖ គឿន​វេត​

សូមចុចអាន ៖ ឃាត់ខ្លួន​ជនសង្ស័យ​បួន​នាក់​ ករណី​គាស់​ដំបូល​សាលា​ លួច​យក​កុំព្យូទ័រ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114