ក្រុម​កីឡាករ​បាល់ទាត់​ប្រមាណ​៦០​រូប​ ធ្វើ​ពិធី​សមាធិ​រំងាប់​ភាព​ឆេវឆាវ​ នា​បរិវេណ​វត្ត​សំរោង​អណ្ដែត​
BREAKING NEWS
Search

ក្រុម​កីឡាករ​បាល់ទាត់​ប្រមាណ​៦០​រូប​ ធ្វើ​ពិធី​សមាធិ​រំងាប់​ភាព​ឆេវឆាវ​ នា​បរិវេណ​វត្ត​សំរោង​អណ្ដែត​

ភ្នំពេញ ៖ គ្រូ​បង្វឹក​ និង​ក្រុម​កីឡាករ​បាល់ទាត់​ប្រមាណ​៦០​រូប​ បាន​ធ្វើ​ពិធី​សមាធិ​ចិត្ត ​ដើម្បី​រំងាប់​ភាព​ឆេវឆាវ​ បន្ទាប់ពី​កត់​សម្គាល់​ថា​ កីឡាករ​មួយ​ចំនួន​ បាន​បង្ក​ជា​ជម្លោះ​ដាក់គ្នា​អំឡុង​ពេល​មានការ​ប្រកួត​ម្ដងៗ​។

​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ក្នុង​បរិវេណ​វត្ត​សំរោង​អណ្ដែត ​កាលពី​ព្រឹក​ថ្ងៃទី​២៧​ ខែ​មិថុនា ​ឆ្នាំ​២០២០​ក្រោម​អធិបតី ​សម្ដេច រ័ត្ន សារឿន ជា​ព្រះចៅ​អធិការ​ និង​ថ្នាក់ដឹកនាំ​សហព័ន្ធ​ប្រដាល់​ និង​មន្ត្រី​ជាន់​ខ្ពស់​មួយចំនួនទៀត​។​

ពិធី​ដែល​បានធ្វើ​ឡើង​នេះ ​គឺជា​ការ​ផ្ដួចផ្ដើម​របស់ លោក​បណ្ឌិត្យ Supachai Verapuchong អគ្គនាយក​ប៉ុស្តិ៍​លេខ​៥​ និង​ជា​ប្រធាន​របស់​ក្រុមបាល់ទាត់​Tyfi Army FC អតីត​ក្រុមបាល់ទាត់​ក្រសួងការពារជាតិ ដោយ​លោក​អះអាង​ថា ពិធី​ដែល​បាន​ធ្វើ​នេះ មិនមែន​គ្រាន់តែ​ក្រើនរំលឹក​ឲ្យ​កីឡាករ​បាល់ទាត់​ដែល​បាន​ចូលរួម​ស្ងប់ចិត្ត និង បាត់​អារម្មណ៍​តានតឹង​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ឲ្យ​កីឡាករ​ទាំងនោះ​មានចិត្ត​សន្តិភាព និង​គ្មាន​ភាព​ឆេវឆាវ​ដាក់គ្នា នៅ​ក្នុង​ករណី​មានការ​ប៉ះ​ទង្គិច​ណាមួយ ពេល​មានការ​ប្រកួត​បាល់ទាត់​។​

លោក​សង្កត់​ធ្ងន់​ថា ​ពិធី​នេះ​ ថ្វីត្បិត​ថា​មើល​ទៅ​សាមញ្ញ​ ប៉ុន្តែ​លទ្ធផល​ដែល​ទទួលបាន​មកវិញ គឺ​នឹង​ធ្វើ​ឲ្យ​កីឡាករ​មានចិត្ត​ធ្ងន់​ជាង​មុន​ មានចិត្ត​អភ័យ និង គ្មាន​គំនិត​ប៉ះ​ពៀរ​លើ​គ្នា ដែល​មិន​ខុសពី​ជួយ​ឲ្យ​វិស័យ​បាល់ទាត់​មានតែ​ការប្រកួត​ដោយ​មិត្តភាព និង ពោរពេញ​ដោយ​កម្លាំង​សាមគ្គី​។ ក្នុងនោះ​ក៏​ជា​ការ​ជួបជុំ​រវាង​កីឡាករ ជាមួយ​គ្រូបង្វឹក និង ជាមួយ​ថ្នាក់ដឹកនាំ ដែល​កាន់តែ​បង្កើន​កម្លាំង​សាមគ្គី​ផង​ដែរ​។

ជាមួយគ្នានេះ ​លោក​ក៏បាន​សម្ដែង​ការ​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រុមបាល់ទាត់ កីឡាករ គ្រូ​បង្វឹក​ទាំងអស់​ ដែល​បាន​សហការ​ចូលរួម​។ លោក​មាន​គម្រោង​ដឹកនាំ​ធ្វើ​ពិធី​នៅ​ក្នុង​ឱកាស​ក្រោយៗ​ទៀត​ គ្រាន់តែ​នៅ​មិនទាន់​ច្បាស់​ថា​ នឹង​រៀបចំ​ពេលណា​នោះទេ ដោយ​ត្រូវ​រង់ចាំ​ឲ្យ​កីឡាករ និង​គ្រូ​បង្វឹក​ទំនេរ​ជុំ​គ្នា​ដូច​ក្នុង​ពេល​ឱកាស​នេះ​សិន​៕
អត្ថបទ ៖ ចាន់​រ៉ា

សូមចុចអាន ៖ ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ wt​ ធ្វើតេស្ត​ត្រៀម​ចូល​ប្រមូលផ្ដុំ​ក្រុម​ជម្រើស​ជាតិ​២០២០

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114