ឃាត់ខ្លួន​ជនសង្ស័យ​បួន​នាក់​ ករណី​គាស់​ដំបូល​សាលា​ លួច​យក​កុំព្យូទ័រ​
BREAKING NEWS
Search

ឃាត់ខ្លួន​ជនសង្ស័យ​បួន​នាក់​ ករណី​គាស់​ដំបូល​សាលា​ លួច​យក​កុំព្យូទ័រ​

តាកែវ ៖ ជនសង្ស័យ​៤​នាក់ ក្នុង​នោះ​មាន​ទាំង​សង្ឃ​សាមណេរ​​២​អង្គ​ផង ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ និង​ឃាត់ខ្លួន ពាក់ព័ន្ធ​សំណុំរឿង​គាស់​ដំបូល​សាលា​លួច​កុំព្យូទ័រ​។​

សមត្ថកិច្ច​ស្រុក​ត្រាំកក់​បាន​ឲ្យ​ដឹង​ថា កាលពីដើម​ខែ​មិថុនា ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឃុំ​ត្រពាំង​ធំ​ខាង​ត្បូង បាន​ទទួល​ពាក្យបណ្ដឹង​០១​ច្បាប់ ​ពី ឈ្មោះ ខឿន សុទ្ធិកា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ខ្សឹ​ង សង្កាត់​រកា ​ក្នុង​ក្រុង​ដូន​កែវ ជា​នាយក​សាលា​មណ្ឌល​សិក្សា​ប៊ុត​ប្រីដ​ច៍ បាន​ប្តឹង ករណី​មាន​ក្រុម​ចោរ ពុំ​ស្គាល់​អត្តសញ្ញាណ​ ធ្វើ​សកម្មភាព​គាស់​ដំបូល​ក្បឿង នៅ​សាលារៀន​បឋមសិក្សា អង្គរកា ស្រុក​ត្រាំកក់ ចូល​លួច​យក​កុំព្យូទ័រ អស់​ចំនួន​១៦​គ្រឿង និង​ប្រដាប់​បំពង​សំឡេង​០២​គ្រឿង កាល​ពី​ថ្ងៃ​ពុំ​ចាំ ក្នុង​កំឡុង​ខែ​ឧសភា ឆ្នាំ​២០២០។

ក្រោយពី​ទទួល​បាន​បណ្ដឹង ​សមត្ថកិច្ច​ បាន​បើក​ការស្រាវជ្រាវ ​រហូត​មក​ដល់​ថ្ងៃ​ទី​២៨ ខែ​មិថុនា ​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ហ៊ុន ធា រ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​តា​កឹម ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ជា​ជនដៃដល់ ធ្វើ​សកម្មភាព​លួច និង​ដកហូត​បាន​កុំព្យូទ័រ​ចំនួន​០២​គ្រឿង​។

បន្ទាប់ពី​បាន​សាកសួរ យក​ចម្លើយ និង ចម្លើយ​សារភាព​ឆ្លើយ​ដាក់​ទៅមុខ​សញ្ញា​ផ្សេងទៀត​ហើយ​នៅ​ថ្ងៃ​បន្ទាប់ សមត្ថកិច្ច ក៏​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់​ទៀត ដែល​មាន​ ៖
១-​ឈ្មោះ លាវ រ៉ុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​រំដួល ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ , ២-​ឈ្មោះ វន ផានិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់​នៅ​ភូមិ​តា​តឹ​ម ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ជា​ព្រះសង្ឃ គង់នៅ​វត្ត​អង្គ​រកា និង ៣-​ឈ្មោះ ន ស ណ ហៅ ទ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ជា​ព្រះសង្ឃ​គង់នៅ​វត្ត​អង្គរកា និង​​ដកហូត​វត្ថុតាង​បាន​កុំព្យូទ័រ​ចំនួន​០៥​គ្រឿង​បន្ថែម​ទៀត។ សរុប ​កុំព្យូទ័រ​ដែល​ដក​បាន​មាន​ចំនួន​០៧​គ្រឿង​។​

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ត្រាំកក់​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាកែវ​ចាត់ការ​តាម​នីតិវិធី​៕
អត្ថបទ ៖ វីរៈ​

សូមចុចអាន ៖ ឃាត់ខ្លួន​យុវជន​២​នាក់​ ដែល​លាក់​ទុក​គ្រឿងញៀន​នៅ​ជាប់​ខ្លួន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114