BREAKING NEWS
Search

កម្ពុជា​ បង្កើត​សំរាម​ប្រមាណ​ជិត​៤​លាន​តោន ​ក្នុង​១​ឆ្នាំ ក្នុង​នោះ​សំណល់​ប្លាស្ទិក​មាន​ប្រមាណ​៣៥ %

ភ្នំពេញ ​៖​ មន្ត្រី​ជំនាញ​ នៃ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា​ ក្នុង​១​ឆ្នាំ​ បរិមាណ​សំរាម​ដែល​កម្ពុជា​បង្កើត​មាន​ប្រមាណ​ជិត​៤​លាន​តោន ​ក្នុងនោះ​២០% ​ជា​សំណល់​ប្លាស្ទិក​។ ខេត្ត​រាជធានី​ធំៗ​ ដែល​ផលិត​បរិមាណ​សំរាម​ច្រើន​រួមមាន​ រាជធានី​ភ្នំពេញ​ប្រមាណ​ជាង ៣០០០ តោន ​ក្នុង​មួយថ្ងៃ​។ ក្រុង​ព្រះសីហនុ​ ប្រមាណ ៧០០ តោន ​ក្នុង​១​ថ្ងៃ។ ​ក្រុង​សៀមរាប ៣៨០ តោន ​ក្នុង​១​ថ្ងៃ។​

​លោកស្រី មាស ច​ន្ទ័​ធីតា អគ្គ​នាយិកា​រង ​នៃ​អគ្គ នាយដ្ឋាន​ចំណេះដឹង​ និង​ព័ត៌មាន​បរិស្ថាន ​នៃ​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​បើក​យុទ្ធនាការ «​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លាស្ទិក​ និង​ផ្សព្វផ្សាយ​ពី​កន្ត្រក​បរិស្ថាន​» ដែល​បាន​ប្រព្រឹត្ត​ធ្វើ​នៅ​ក្រុង​បាន​លុង ខេត្ត​រតនគិរី​ កាលពី​ថ្ងៃទី​១០ ខែ​កក្កដា​នេះ។​ ខណៈ​ដែល​ទីក្រុង​បាន​លុង​ បាន​បង្កើត​នូវ​សំរាម​ប្រមាណ​ពី​ ៥៨ ទៅ​៦៥ តោន ​ក្នុង​មួយថ្ងៃ​ ក្នុង​នោះ ៣៥% ជា​សំណល់​ប្លាស្ទិក។

​លោកស្រី មាស ច​ន្ទ័​ធីតា បាន​ឲ្យ​ដឹងថា គិត​តាម​ស្ថានភាព​បច្ចុប្បន្ន​សំរាម​នៅតាម​ទីប្រជុំជន​មានការ​កើនឡើង​ចំនួន​ជាង១​ម៉ឺន​តោន ​ក្នុង​មួយថ្ងៃ ​ក្នុងពេលដែល​ពលរដ្ឋ​រស់នៅក្នុង​រាជធានី​ និង​ក្រុង​ធំៗ​ត្រូវបាន​ប៉ាន់​ប្រមាណ​ថា​ បាន​បង្កើត​សំរាម​១​គីឡូក្រាម​ក្នុង​មួយថ្ងៃ​ និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ជនបទ​បង្កើត​សំរាម​ប្រមាណ កន្លះ​គីឡូ​ក្នុង​មួយថ្ងៃ។​ សរុប​ក្នុង​មួយ​ឆ្នាំ​បរិមាណ​សំរាម​ដែល​កម្ពុជា​បង្កើត​មាន​ប្រមាណ​ជិត​៤​លាន​តោន ​ក្នុងនោះ​២០%​ ជា​សំណល់​ប្លា​ស្ទិ​ក​។​ ខេត្ត​រាជធានី​ធំៗ ដែល ផលិត​បរិមាណ​សំរាម​ច្រើន​រួមមាន​រាជធានី​ភ្នំពេញ​ប្រមាណ​ជាង ៣០០០ តោន ​ក្នុង​មួយថ្ងៃ។ ក្រុងព្រះសីហនុ​ប្រមាណ​៧០០​តោន ​ក្នុង​មួយថ្ងៃ។ ក្រុង​សៀមរាប ៣៨០ តោន​ ក្នុង​មួយថ្ងៃ។​

​យុទ្ធនាការ​កាត់បន្ថយ​ថង់​ប្លា​ស្ទិ​ក​» នាឱកាស​នេះ​រៀបចំឡើង​ដើម្បី​បំផុស​ឆន្ទៈ​រួមគ្នា​របស់​ប្រជាពល​រដ្ឋ​យើងទាំងអស់គ្នា​ចូលរួម​ការពារ​ និង​ថែរក្សា​អនាម័យ​បរិស្ថាន​ឲ្យ​ចៀស​ផុតពី​ភាព​កខ្វក់​ដែល​បណ្តាល​មកពី​សំណល់​ និង​ប្រភព​បំពុល​ផ្សេង ដើម្បី​គាំពារ​សុខុមាលភាព​ប្រជាពលរដ្ឋ​ និង​គុណភាព​បរិស្ថាន​ឲ្យ​ល្អ​ស្រស់បំព្រង​ជានិច្ច សម្រាប់​មនុស្សជាតិ​បច្ចុប្បន្ន ​និង​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត៕
អត្ថបទ ៖ ណា​រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114