BREAKING NEWS
Search

ការ​បង្ក​កំណើត​កូនភ្លោះ អាច​មាន​ផលវិបាក​ឬទេ​?

កូនភ្លោះ គឺជា​ការបង្ក​កំណើត​កូន​២ ​ក្នុង​ស្បូន ក្នុង​ពេល​តែមួយ​។ ការ​មាន​ផ្ទៃពោះ​កូនភ្លោះ ត្រូវបាន​គេ​ចាត់​ចូលក្នុង​ក្រុម​គភ៌​មាន​វិបត្តិ ដោយសារតែ​ការ​ពរ​ពោះ​មាន​ផលវិបាក​ច្រើន ចំពោះ​ម្តាយ​ និង​ទារក​ក្នុង​ផ្ទៃ​។ អត្រា​ នៃ​ការស្លាប់​ទារក​ជុំវិញ​សម្រាល គឺ​ខ្ពស់ជាង​៦​ដង ​នៃ​ផ្ទៃពោះ​កូន​តែមួយ ហើយ​ភាគច្រើន​ស្ត្រី​អាចមាន​ជំងឺលើសឈាម សម្រាលកូន​មិន​គ្រប់​ខែ ឬ​កូន​មិន​គ្រប់​គីឡូ​។

ម្យ៉ាងទៀត ​ការ​សម្រាល​កូនភ្លោះ ​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ម្តាយ ដោយ​ការ​ធ្លាក់ឈាម​ធ្ងន់ធ្ងរ និង​កូន (​ទងសុក​លូន​ចេញ​ក្រៅ​)​។ ដូច្នេះ​ទើប​ទាមទារ​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​ក្រុម​គ្រូពេទ្យ និង​ស្ត្រី​ព្រមទាំង​ក្រុម​គ្រួសារ​ផ្ទាល់ ក្នុង​ការ​ថែទាំ និង​តាមដាន​ផ្ទៃពោះ​ឲ្យ​បាន​ដិតដល់​។​

បច្ចុប្បន្ន​នេះ​ គេ​សង្កេតឃើញ​អត្រា ​នៃ​ស្ត្រី​មានកូន​ភ្លោះ​មានការ​កើន​ឡើងជា​លំដាប់ ដោយសារតែ​បច្ចេកទេស នៃ​ការ​បង្ក​កំណើត​បែប​វិទ្យាសាស្ត្រ និង​ការ​កើនឡើង​ នៃ​អាយុ​ម្តាយ​។ តាម​ការសិក្សា​នៅ​ប្រទេស​បារាំង​នៅ​ឆ្នាំ​២០១០ អត្រា​ នៃ​កូនភ្លោះ​ពីរ មាន ៣,៥% និង ភ្លោះ​បី ០,០៧%​។​

គោលបំណង ​នៃ​អត្ថបទ​នេះ ​គឺ​ចង់​បង្ហាញ​ត្រួសៗ​ដល់​ស្ត្រី​អំពី​ការ​ពពោះ​កូនភ្លោះ ផលវិបាក និង​ការ​ថែទាំ​ពេល​មានគភ៌​។​

១) ចំណាត់ថ្នាក់ ​៖ ផ្ទៃពោះ​ភ្លោះ​មាន​២​ប្រភេទ គឺ ៖​
– ភ្លោះ​ពិត (២៥%) ៖ កើតចេញពី​ការបង្ក​កំណើត​ដោយ​អូ​វ៉ូ​ស៊ីត​តែមួយ បន្ទាប់មក​បានធ្វើការ​បំបែក​ខ្លួន​ជា​ពីរ​។ កូន​ទាំងពីរ​មាន​ហ្សែ​ន​ដូចគ្នា និង​ភេទ​ដូចគ្នា​។​
– ភ្លោះ​មិន​ពិត (៧៥%)៖ កើតចេញពី​ការបង្ក​កំណើត​ដោយ​អូ​វ៉ូ​ស៊ីត​២​ផ្សេងគ្នា​។ កូន​ទាំងពីរ​មាន​ហ្សែ​ន​ខុសគ្នា ហើយ​ភេទ​អាច​ខុសគ្នា​។​

២) មូលហេតុ ៖
– កូនភ្លោះ​ពិត ភាគច្រើន​ពុំមាន​មូលហេតុ​ទេ ហើយ​កត្តា​ដែល​បង្ក​ គឺ​ទាក់ទង​នឹង​អាយុ​ម្តាយ (​មុន​១៨​ឆ្នាំ ឬ​ក្រោយ​៣៥​ឆ្នាំ​) ដែល​វដ្ដ​រដូវ​មាន​ភាព​រអាក់រអួល​។​
– កូនភ្លោះ​មិន​ពិត បណ្តាលមកពី​កត្តា​ជាច្រើន​ដូចជា ៖
• កត្តា​ជាតិ​សាសន៍ (​អាស៊ី ៣% អឺរ៉ុប ៨% អាហ្វ្រិក ១៦% និង នី​ហ្សេ​រី​យ៉ា​៤០%)
• អាយុ​ម្តាយ​
• ការប្រើ​ថ្នាំ ឬ​បច្ចេកវិទ្យា​ឲ្យ​មាន​កូន​
• ប្រវត្តិ​គ្រួសារ​មានកូន​ភ្លោះ​
• ទម្ងន់ និង​កម្ពស់​ម្តាយ​

៣) ផលវិបាក ៖
– ការ​សម្រាលកូន​មិន​គ្រប់​ខែ​
– ការលូតលាស់​យឺត​របស់​ទារក​ក្នុង​ផ្ទៃ​
– ម្តាយ​មាន​ជំងឺលើសឈាម​
– ម្តាយ​មាន​ភាពស្លេកស្លាំង​
– កូន​មាន​សរីរាង្គ​មិន​ប្រក្រតី​

ផលវិបាក​ធ្ងន់ធ្ងរ​សម្រាប់​កូនភ្លោះ​សុក​តែមួយ គឺ​ការ​ចំលង​ចរន្តឈាម​ពី​កូន​មួយ​ទៅ​កូន​មួយទៀត​ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​កូន​ក្នុង​ផ្ទៃ​មួយ ឬ​ទាំងពីរ​។​

៤) ការធ្វើ​រោគវិនិច្ឆ័យ ៖
– ពោះធំ​ខ្លាំង ​មិន​សមាមាត្រ​នឹង​អាយុ​គភ៌​
– ការ​ស្ទាប​ប៉ះ​នូវ​ប៉ូល​ពីរ​ដូចគ្នា (​ក្បាល​ពីរ ឬ គូទ​ពីរ​)
– ស្តាប់ឮ​បេះដូង​កូន​ពីរ​

៥) ការធ្វើ​អេកូ​សាស្ត្រ ៖
ជាទូទៅ​គេ​អាច​ដឹង​លឿន​បាន​ដោយ​ការធ្វើ​អេកូ​ផ្ទៃពោះ​នៅ​ត្រីមាស​ទីមួយ ដែល​អាចបែងចែក​ច្បាស់​អំពី​ទីតាំង និង​ចំនួន​សុក ដើម្បី​មាន​ភាពងាយស្រួល​ក្នុងការ​វិភាគ និង​តាមដាន​រក​ភាពមិនប្រក្រតី​ នៃ​គភ៌​។​

៦) ការតាមដាន និង​ការថែទាំ​ផ្ទៃពោះ ​៖
– ស្ត្រី​ត្រូវ​តាមដាន​ផ្ទៃពោះ​ជា​រៀងរាល់ខែ​តាម​ការ​ណាត់ជួប​របស់​គ្រូពេទ្យ និង​រៀងរាល់​២​សប្ដាហ៍ ពេល​គភ៌​ជិត​គ្រប់​ខែ​។​
– ត្រូវ​តាមដាន​អេកូ​សាស្ត្រ​ជា​រៀងរាល់ខែ និង​ញឹកញាប់​ជាង​នេះ ក្នុងករណី​មានការ​លូតលាស់​យឺត ឬ​មាន​ភាពខុសប្រក្រតី ជាពិសេស​ករណី​កូនភ្លោះ​សុក​តែមួយ​។​
– ស្ត្រី​ត្រូវបាន​អនុញ្ញាត​ឲ្យ​សម្រាក​ពី​ការងារ​មុន​កំណត់​។​
– ស្ត្រី​ត្រូវ​បរិភោគ​អាហារ​សំបូរ​កាឡូរី​ខ្ពស់​។​
– ចៀសវាង​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ចាប់ពី​គភ៌​អាយុ​២៥​សប្ដាហ៍​ ឡើង​ទៅ​។​

៧) ការ​សម្រាល ​៖
ជាទូទៅ ស្ត្រី​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​សម្រាល​តាម​ធម្មជាតិ លើកលែង​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ខាង​ក្រោម​ដែល​ចាំបាច់​ត្រូវធ្វើ​ការវះកាត់ ​៖
– សុក​ពាំង​មាត់ស្បូន​
– កូន​ទី​១​នៅ​ទទឹង​ពោះ​
– ស្បូន​មាន​ស្លាកស្នាម (​ធ្លាប់​វះកាត់​យក​កូន​)
– ម្តាយ​លើសឈាម​ធ្ងន់ធ្ងរ​
– កូន​លូតលាស់​យឺត​ខ្លាំង និង​វិបត្តិ​សរសៃឈាម​ចិញ្ចឹម​ទារក​
– កូន​ទី​២​ធំ​ជាង​កូន​ទី​១​ប្រហែល ៣០% នៃ​ទម្ងន់​សរុប​

៨) ផលវិបាក​នៃ​ការ​សម្រាល ៖
– វិបត្តិ ​នៃ​ការ​កន្ត្រាក់​ស្បូន​
– ការ​លូន​ទងសុក​មក​ក្រៅ​មុនពេល​កូន​ចេញ​
– ការធ្លាក់​ឈាម​ខ្លាំង​
– ស្ហុក (choc a vacuo) កូន​ចុះ​ដំណាលគ្នា (​ដែល​ទាមទារ​ការវះកាត់​បន្ទាន់​)

ការតាមដាន​ផ្ទៃពោះ​ដិតដល់ អាចជួយ​ឲ្យយើង​ចៀសផុត​ហានិភ័យ​មួយចំនួនធំ ជាពិសេស​រកឃើញ​ទាន់​ពេល​នូវ​ផលវិបាក​ផ្សេងៗ ដែល​អាច​កើតមានឡើង ដើម្បី​សម្រេច​វិធីសាស្ត្រ​ព្យាបាល​ដ៏​សម​ស្រប​។​

ការ​សម្រាល​កូនភ្លោះ​អាច​មាន​ផលវិបាក និង​គ្រោះថ្នាក់​សម្រាប់​ម្តាយ​ និង​កូន ដូច្នេះ​ស្ត្រី​ត្រូវ​តាមដាន​និង​ពិគ្រោះ​ជាប់​លាប់​ជាមួយ​ក្រុមការងារ​វេជ្ជ​បណ្ឌិត​ឯកទេស​ផ្នែក​សម្រាល​ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត តាម​ការណែនាំ​ជា​ដំណាក់កាល​ៗ៕​
អត្ថបទ ៖ រស្មី​

សូមចុចអាន ៖ ធ្លាប់ដឹងអត់! មុនកើតលើផ្ទៃមុខក៏អាចប្រាប់ពី​បញ្ហា​សុខភាពដែរ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114