BREAKING NEWS
Search

ជនពិការ​នៅ​ខេត្ត​កំពត​ម្នាក់ ​ដែល​តែង​បង្ហោះ​សារ​ចោទប្រកាន់​អាជ្ញាធរ​ចេញ​ប័ណ្ណ​ក្រីក្រ​​ប្រកាន់​បក្សពួក​ បាន​សារភាព​កំហុស​ជា​សាធារណៈ​

​ភ្នំពេញ ​៖​ លោកស្រី​ ដា ​អ្នកនាំពាក្យ​ក្រសួងផែនការ​បាន​ឲ្យ​ដឹងថា​ បុរស​ម្នាក់​ដែលជា​ជនពិការ ​រស់ នៅ​ភូមិ​តេ​ជោ​អភិវឌ្ឍន៍ ​ឃុំ​តេ​ជោ​អភិវឌ្ឍន៍​ ស្រុក​ឈូក ​ខេត្តកំពត​ ដែល​តែងតែ​បង្ហោះ​សារ​រិះគន់​អាជ្ញាធរ​មូលដ្ឋាន​តាម​បណ្ដាញ​សង្គម​ហ្វេស​ប៊ុ​ក​ ទាក់ទិន​ទៅ​នឹង​ការ​ចេញ​ប័ណ្ណ​ក្រីក្រ​ដោយ​ប្រកាន់​បក្សពួក​នោះ បាន​ចេញមក​សារភាព​ទោសកំហុស​ជា​សាធារណៈ​ហើយ​ និង​សន្យា​ថា ​នឹង​ឈប់​បង្ហោះ​ព័ត៌មាន​មិន​ពិត​ទៀតហើយ​។​

​លោកស្រី ​ដា ​បាន​បន្តថា ​បុរស​ជនពិការ​នោះ​មានឈ្មោះ​បូញ​ សុ​ភ័​ក្រ​ ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ ​ទី​លំនៅ​នៅ​ភូមិ​តេ​ជោ​អភិវឌ្ឍន៍​ ឃុំ​តេ​ជោ​អភិវឌ្ឍន៍​ ស្រុក​ឈូក​ ខេត្ត​កំពត​។​

នៅក្នុង​លិខិត​ដែល​បុរស​នោះបាន​សន្យា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយថា ​«​ខ្ញុំ​សូម​រៀបរាប់​កំហុស​របស់ខ្ញុំ​ដូចខាងក្រោម ៖ ខ្ញុំ​តែងតែ​ដើរ​និយាយ​មួលបង្កាច់​បង្ខូច​មន្ត្រី​ថ្នាក់មូលដ្ឋាន​ជាច្រើន ​ជា​ពិសេស​នៅក្នុង​រដូវ​កាល​កូ​វីដ​-១៩​។ ខ្ញុំ​បានធ្វើការ​ឡាយ​តាម​ទូរសព្ទ​ ដោយ​ចោទប្រកាន់​មេភូមិ​ មេឃុំ​ក្នុង​ការចេញ​ប័ណ្ណ​ក្រីក្រ​ដោយ​ប្រកាន់​បក្សពួក ​តែ​រឿងរ៉ាវ​ទាំងអស់នេះ​ខ្ញុំ​មិនបាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ទេ ​គឺ​ខ្ញុំ​ទទួល​បានតែ​ព័ត៌មាន​ពី​ខាងក្រៅ​តែប៉ុណ្ណោះ​។​ ខ្ញុំបាទ​សូម​សន្យា​ថា​ ចាប់ពី​ថ្ងៃនេះ​តទៅ ​ខ្ញុំ​នឹង​ឈប់​បង្ហោះ​រឿង​ដែល​មិន​ពិត​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទៀតហើយ ​ប្រសិនជា​ខ្ញុំបាទ​នៅតែ​បន្ត​ទៀត​ ខ្ញុំ​បាទ​សុខចិត្ត​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​»​។​

លោកស្រី​ដា​ បាន​បន្ថែមថា​ ដើម្បី​ធានាបាន​នូវ​គុណភាព​ទិន្នន័យ និង តម្លាភាព​ជូន​គ្រួសារ​ក្រីក្រ សម្រាប់​ទទួល​បាន​សាច់ប្រាក់​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្រសួងផែនការ​បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​ផែនការ​គ្រប់​រាជធានី​ខេត្ត​ទាំងអស់ ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន​ ពិសេស​ឃុំ​សង្កាត់ ​ដើម្បី​ណែនាំ​ដល់​គ្រួសារ​ក្រីក្រ​ដែល​កំពុង​ប្រើ​ប័ណ្ណ​សមធម៌​ហួស​សុពលភាព និង​ពិនិត្យ​ការកំណត់​អត្តសញ្ញាណកម្ម​ នៃ​គ្រួសារ​ក្រីក្រ ដែល​ពុំ​ទាន់​មាន​ប័ណ្ណ​សមធម៌​ ព្រមទាំង​ដក​ហូត​ប័ណ្ណ​សមធម៌​ពី​គ្រួសារ​ដែល​មាន​ជីវភាព​ល្អប្រសើរ​វិញ​ ក៏ដូចជា​ដោះស្រាយ​ភាព​មិនប្រក្រតី រួម​ទាំង​ការ​តវ៉ា​នានា។​

លោកស្រី​ដា​ បា​ន​បព្ជាក់​ទៀត​ថា​ ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​រ​បស់​រាជរដ្ឋាភិបាល​នៅ​ដំណាក់កាល​ទី​១ នេះ​គឺមាន​២​ជុំ​ ដែល​ជុំ​ទី​១ ចាប់ពី​ថ្ងៃទី​២៤ ខែ​មិថុនា​ និង​ជុំ​ទី​២​ ចាប់ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ​ឆ្នាំ​២០២០​ដោយមាន​គ្រួសារ​លើក​ទី​១ ​មាន​ជាង​៥៦​ម៉ឺន​គ្រួសារ ​និង​ ជុំ​ទី​២​ មានគ្រួសារ​ចំនួន ​២៤ ៩១៥​ គ្រួសារ​ស្មើនឹង​ប្រជាជន​ចំនួន​៩៨,០៤៣​នាក់ ​ដែល​នឹង​ចាប់ផ្ដើម​បើក​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា រួម​នឹង​គ្រួសារ​ជាង​៥៦​ម៉ឺន​នៅ​ជុំ​ទី​១៕
អត្ថបទ ៖ ​សំអឿន​

សូមចុចអាន ៖ ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីកូវីដ-១៩ ថ្មីម្នាក់ទៀត



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114