កិច្ចប្រជុំ​ផ្សព្វផ្សាយ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ អំឡុង​ពេល​​ជំងឺ​កូ​វីដ-​១៩
BREAKING NEWS
Search

កិច្ចប្រជុំ​ផ្សព្វផ្សាយ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ អំឡុង​ពេល​​ជំងឺ​កូ​វីដ-​១៩

កែប ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២០ លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កែប និង លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​អញ្ជើញ​ជា​អធិបតី ពិធី​ផ្សព្វ​ផ្សាយ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នៅ​ខេត្ត​កែប។​

​ក្នុង​កិច្ចប្រជុំ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បាន​មាន​ប្រសាសន៍​ថា កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​នេះ «​កម្មវិធី ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-១៩ » ត្រូវ​បាន​ប្រកាស​ប្រើប្រាស់​ជា​ផ្លូវការ ដោយ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែល​នឹង​ត្រូវ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​កម្ពុជា​នេះ គឺ​បែង​ចែក​ទៅតាម​កម្រិត​ក្រីក្រ និង​ទៅ​តាម​តំបន់​ផ្សេងៗ​គ្នា គឺ​តំបន់​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ តំបន់​ទីប្រជុំជន​ក្រៅពី​រាជធានី​ភ្នំពេញ និង​តំបន់​ជនបទ​។​

​លោក​អភិបាល​បាន​បញ្ជាក់​ទៀត​ថា ដើម្បី​ទទួល​បាន​ការឧបត្ថម្ភ​ជា​សាច់ប្រាក់​ពី​រដ្ឋាភិបាល​កម្ពុជា​លុះត្រាតែ​ប្រជាពលរដ្ឋ​នោះ ជា​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ ហើយ​មាន​ប័ណ្ណ​សមធម៌​នៅ​មាន​សុពលភាព តាម​កម្រិត​ភាព​ក្រីក្រ​ ៖ ក្រ​កម្រិត​១ (​ទីទ័លក្រ​) ឬ​ក្រ​កម្រិត​២ (​ក្រ​)​។

​លោក គង់ សាវ៉ាត ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​កែប បាន​ជម្រាប​ជូន​ថា ក្រោយពី​ទទួល​បាន​ការណែនាំ និង​បណ្ដុះបណ្ដាល​បច្ចេកទេស ​ស្ដីពី​ការអនុវត្ត​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការ​ស្នើសុំ​ក្នុង​អំឡុងពេល​ជំងឺ​កូ​វីដ​-១៩ ពី​ក្រសួងផែនការ​រួចមក ក្រុមការងារ​មន្ទីរ​ផែនការ​ បាន​ចុះ​សហការ​ជាមួយ​មូលដ្ឋាន​ក្រុង ស្រុក និង​ឃុំ​សង្កាត់ ចុះ​ស្រាវជ្រាវ និង​ធ្វើ​បច្ចុប្បន្នភាព កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ-​១៩ ដើម្បី​ងាយស្រួល​ជូន​រដ្ឋាភិបាល​ផ្តល់​ការ​គាំពារ​ដល់​ជីវភាព​របស់​ពួកគេ ដែល​កំពុង​ជួប​ការខ្វះខាត នៅ​ក្នុង​អំឡុងពេល​ នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។

លោក​បាន​បន្ថែមទៀតថា មកដល់ពេលនេះ បាន​បញ្ចប់​នៅ​ទីជនបទ គឺ​ស្រុក​ដំណាក់​ចង្អើរ និង​កំពុង​បន្ត​អនុវត្ត​នៅ​ទីប្រជុំជន​(​ក្រុងកែប​) ឲ្យ​ចប់​នៅ​ដំណាច់​ខែ​មិថុនា ឆ្នាំ​២០២០ នេះ​។​

​ជាមួយគ្នានេះ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​បាន​ថ្លែង​ថា ទាំងនេះ​ជា​ការ​ចែករំលែក​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​មួយកម្រិត​របស់​រាជរដ្ឋាភិបាល ក្នុងអំឡុងពេល​កូ​វីដ-​១៩​។ អ្វី​ជា​ការ​កត់​សម្គាល់ នេះ​ជា​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​-១៩ ជា​លើកដំបូង​នៅ​កម្ពុជា បន្ទាប់ពី​រដ្ឋាភិបាល បាន​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​កម្មករ​និយោជិត នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​វិស័យ​ទេសចរណ៍ ដែល​ព្យួរ​ការងារ ដោយសារ​តែ​វិបត្តិ​ នៃ​ជំងឺ​កាច​សាហាវ​នេះ​៕
អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

សូមចុចអាន ៖ breaking news៖ កម្ពុជាប្រកាសរក​ឃើញ​ករណីឆ្លងកូវីដ-១៩ ៩នាក់ថែម​ទៀត

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114