កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​លេខ​០០៣ សរ​ណន ចុះ​ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០២០ របស់​រដ្ឋា​ភិបាល​កម្ពុជា​
BREAKING NEWS
Search

កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​លេខ​០០៣ សរ​ណន ចុះ​ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០២០ របស់​រដ្ឋា​ភិបាល​កម្ពុជា​

កែប ៖ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២០ លោក សោម ពិសិដ្ឋ បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វ​ផ្សាយ​សារាចរ​ណែនាំ​លេខ​០០៣ សរ​ណន ចុះ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២០ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ស្ដីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា ​ឆ្នាំ​២០២១-២០២៣ និង​សារាចរ​ណែនាំ​លេខ​០០៤​សរ​ណន ចុះ​ថ្ងៃទី​០៩ ខែ​មិថុនា ឆ្នាំ​២០២០ របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ពី​ការរៀបចំ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ នៅ​សាល​ប្រជុំ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​កែប។ ក្នុងនោះ មាន​ការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ជំនាញ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក លោក​ស្រី​ប្រធាន​មន្ទីរ និង​គណនេយ្យករ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​។

​លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត មានប្រសាសន៍ថា ក្នុង​ក្របខណ្ឌ​ នៃ​ការ​កែ​ទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការ​លើក​កម្ពស់​គុណភាព និង​ប្រសិទ្ធភាព នៃ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា គឺជា​វិធានការ​សំខាន់​សម្រាប់​លើកកម្ពស់​ប្រសិទ្ធភាព ​នៃ​ការរៀបចំ​ថវិកា និង​ការបែងចែក​ធនធាន​ថវិកា​។ ក្នុងន័យនេះ ​មន្ទីរជំនាញ​ជុំវិញ​ខេត្ត ព្រមទាំង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ (​សម្រាប់​មុខងារ​ប្រគល់​មាន​ភ្ជាប់​លក្ខខណ្ឌ​ក្នុង​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ​) ត្រូវ​ត្រួត​ពិនិត្យ​ឡើង​វិញ និង​វាយតម្លៃ​ការអនុវត្ត​កន្លងមក ហើយ​រៀបចំ​កែសម្រួល​ទៅតាម​ការណែនាំ ​នៃ​សារាចរ​នេះ​។

លើស​ពី​នេះ សម្រាប់​ឆ្នាំ​២០២១ និង​បណ្ដា​ឆ្នាំ​ខាងមុខ មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត ព្រមទាំង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​យកចិត្តទុកដាក់​កែលំអ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឲ្យ​ស្រប​ទៅតាម​អាទិភាព​គោល​នយោបាយ ​មាន​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​ជា​របៀបវារៈ​គោល​នយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ នៃ​រដ្ឋសភា និង​ស្របតាម​វិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​ខេត្ត​ អនុម័ត​ដោយ​ក្រុមប្រឹក្សា​ខេត្ត ជា​ពិស​សេស​ត្រូវ​គ្រោង​ចំណាយ​ស្រប​ទៅ​តាម​ពិតាន​គោល​រយៈពេល​៣​ឆ្នាំ និង​ធនធាន​ដទៃទៀត​ដែល​រំពឹង​ថា​ នឹង​ទទួល​បាន​ពី​ដៃគូ​អភិវឌ្ឍន៍ ឬ​ប្រភព​ដទៃ​ផ្សេងទៀត ប្រកបដោយ​ភាព​ជាក់ស្ដែង​និយម​។​

ចុង​បញ្ចប់ លោក​អភិបាលខេត្ត បាន​បញ្ជាក់​ថា គ្រប់​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត ព្រមទាំង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ក្នុង​ខេត្ត​កែប ត្រូវ​បញ្ជូន​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​សម្រាប់​ឆ្នាំ​២០២១- ២០២៣ ដែល​មាន​វិសាលភាព​គ្របដណ្ដប់​ទាំង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​របស់​របស់​ខ្លួន ទៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២០ ជា​កំណត់​៕
អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

សូមចុចអាន ៖ ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងថ្នាក់មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច១៤រូប

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114