បណ្ឌិត​សភាចារ្យ សុខ ទូច ៖ ដើម្បី​លើកស្ទួយ​ភាសាជាតិ​ខ្មែរ​ គឺ​រាល់​ឯកសារ​ទាំងអស់​ ត្រូវ​សរសេរ​ជា​ភាសា​ខ្មែរ​
BREAKING NEWS
Search

បណ្ឌិត​សភាចារ្យ សុខ ទូច ៖ ដើម្បី​លើកស្ទួយ​ភាសាជាតិ​ខ្មែរ​ គឺ​រាល់​ឯកសារ​ទាំងអស់​ ត្រូវ​សរសេរ​ជា​ភាសា​ខ្មែរ​

ភ្នំពេញ ៖ លោក​បណ្ឌិតសភាចារ្យ​ សុខ ​ទូច ប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា​លើកឡើង​ឲ្យ​ដឹង​ថា ​ដើម្បី​លើកស្ទួយ​ភាសាជាតិ​ខ្មែរ​នោះ​ រាល់​ឯកសារ​ទាំងអស់ ​ត្រូវ​សរសេរ​ជា​ភាសា​ខ្មែរ​។​ លោក​បណ្ឌិត​ឧទាហរណ៍ ​​មជ្ឈមណ្ឌល​ខុង​ជឺ​ នៅ​រាជបណ្ឌិត​សភា​កម្ពុជា ជា​មជ្ឈមណ្ឌល​ចិន​ទេ ប៉ុន្តែ​រាល់​ឯកសារ​យើង​សរសេរ​ជា​ភាសា​ខ្មែរ យក​ភាសា​ខ្មែរ​ជា​យាន​ ចំណុច​នេះ​ហើយ​ដែល​យើង​បាន​លើកស្ទួយ​ភាសា​ជាតិ​ខ្មែរ​។​

នៅក្នុង​សន្និសីទ​សារព័ត៌មាន ​ស្ដីពី​”​វឌ្ឍនភាព​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ ”​នា​ថ្ងៃទី​៣០​ ខែ​មិថុនា ​ឆ្នាំ​២០២០ ​ដែល​បាន​ធ្វើឡើង​នៅ​រាជបណ្ឌិត​សភា​កម្ពុជា លោក​បណ្ឌិត ហ៊ាន សុខុម ​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ក៏បាន​មានប្រសាសន៍​ឲ្យ​ដឹង​អំពី​តួនាទី ​និង​ភារកិច្ច​ចម្បង​របស់​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ផង​ដែរ ​គឺ អភិរក្ស​ និង​អភិវឌ្ឍន៍​ការ​ប្រើ​ភាសា ​រួម​នឹង​អក្សរ​ខ្មែរ​ប្រកបដោយ​និរន្តរភាព ព្រមទាំង​រក្សា​បាន​នូវ​អត្តសញ្ញាណ​ជាតិខ្មែរ និង​ពិនិត្យ​អនុម័ត​បច្ចេកស័ព្ទ​ដែល​ស្នើ​ឡើង​ដោយ​គណៈកម្មការ​បច្ចេកទេស​ទាំង​១៧​ ហើយ​នឹង​ពិនិត្យ​អនុម័ត​បច្ចេកស័ព្ទ​ផ្សេង​ទៀត ​ដែល​ស្នើ​ឡើង​ដោយ​ក្រសួង​ស្ថាប័ន នានា​ផង​ដែរ និង​មានការ​រៀបចំ​សិក្ខាសាលា​ក្នុង​គោល​ដៅ​រក​ការ​ឯកភាព​លើ​ការ​ប្រើ​ភាសា​ខ្មែរ​ជាដើម​។​

លោក​បណ្ឌិត ហ៊ាន សុខុម បាន​បញ្ជាក់​ថា មកដល់​បច្ចុប្បន្ន​នេះ ក្រុមប្រឹក្សា​ភាសា​ខ្មែរ​បាន​បោះពុម្ព​ព្រឹត្តិបត្រ​ចំនួន​១១​លេខ និង​សន្ទានុក្រម​បច្ចេកស័ព្ទ​ចំនួន​១១ រួមមាន សន្ទានុក្រម​ភាសាវិទ្យា​ និង​អក្សរសិល្ប៍ វិទ្យាសាស្ត្រ​នយោបាយ​និង​ការទូត ឈ្មោះ​ប្រទេស រាជធានី រដ្ឋធានី វប្បធម៌ ​និង​វិចិត្រ​សិល្បៈ វេជ្ជសាស្ត្រ​ និង​កសិកម្ម វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា ភូមិវិទ្យា ​និង​ប្រវត្តិវិទ្យា វិទ្យាសាស្ត្រ​សេដ្ឋកិច្ច វេជ្ជសាស្ត្រ ទស្សន​វិទ្យា និង​សន្ទានុក្រម​ប្រែប្រួល​អាកាសធាតុ (​ដែល​ក្រសួងបរិស្ថាន​បាន​ស្នើ​សុំ​ឲ្យ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ពិនិត្យ​ និង​អនុម័ត​)​។​

ក្រៅពីនេះ លោក​បណ្ឌិត​ថា បាន​បោះពុម្ព​សៀវភៅ​វេយ្យាករណ៍​ភាសា​ខ្មែរ ប្រព័ន្ធ​លេខ និង​សមិទ្ធ​ផល​មួយ​ចំនួន​ទៀត។​ នៅ​ឆ្នាំ​២០២០ នេះ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ​នឹង​បន្ត​បោះពុម្ព​ព្រឹត្តិបត្រ ចំនួន​មួយ​លេខ សន្ទានុក្រម​​ចំនួន​ពីរ​គឺ សទ្ទានុក្រម​អក្សរសិល្ប៍​ និង សន្ទានុក្រម​គីមីវិទ្យា​ និង​រូបវិទ្យា និង​បោះពុម្ព សៀវភៅ​គោលនយោបាយ​ជាតិ ​ស្ដីពី​ភាសា​ខ្មែរ​ផង​ដែរ​។
​ក្រៅពី​សមិទ្ធផល​និង​ការងារ​ប្រចាំថ្ងៃ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​កំពុង​ធ្វើការ​ងារ​សំខាន់ៗ​ពីរ​ទៀត​ដែល​រាជរដ្ឋាភិបាល​ប្រគល់​ឲ្យ​ គឺ​ការធ្វើ​បច្ចុប្បន្ន​កម្ម​វចនានុក្រម​ភាសា​ខ្មែរ និង​ការរៀបចំ​អនុក្រឹត្យ​ស្ដីពី​ការគ្រប់គ្រង​លើ​ការ​ប្រើ​ភាសា​ខ្មែរ​នៅ​លើ​រូប​សញ្ញា​។​

លោក​បណ្ឌិត​សភា​ចា​រ្យ​ សុខ ​ទូច ក៏បាន​ជំរុញ​ដល់​ក្រសួង​ពាក់ព័ន្ធ​មុន​ចេញ​សន្ទានុក្រម បច្ចេកស័ព្ទ​សូម​មាន​កិច្ចសហការ​បញ្ជូន​ឯកសារ​មក​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ នៃ​រាជបណ្ឌិត​សភាកម្ពុជា ដូច​ដែល​ក្រសួងបរិស្ថាន​បាន​ស្នើ​សុំ​ឲ្យ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ជួយ​ពិនិត្យ​ និង​អនុម័ត សំដៅ​រក​ការ​ឯកភាព​លើ​ការប្រើប្រាស់​ភាសា​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ​ទាំងអស់​គ្នា​។​

គួររំលឹកថា ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០១១ បន្ត​ពី​គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ​ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៧ ​និង​ក្លាយ​ជា​ស្ថាប័ន​ឧបសម្ពន្ធ​របស់​រាជបណ្ឌិត​សភា​កម្ពុជា​នៅ​ឆ្នាំ​២០១៧៕
អត្ថបទ ៖ ​វ​ត្តី​

សូមចុចអាន ៖ គ្រួសារ​ងាយ​រងគ្រោះ ពេល​វិបត្តិ​ជំងឺ​កូ​វីដ-​១៩ ទទួល​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហម​​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114