ក្នុង​រដូវវស្សា​នេះ​ ប្រជា​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ជិត​២០០​នាក់​ ទទួល​បាន​មុង​ជ្រលក់​ថ្នាំ ថ្នាំ​ព្រូន និង​ថ្នាំ​អា​ប៊ែ​ត​
BREAKING NEWS
Search

ក្នុង​រដូវវស្សា​នេះ​ ប្រជា​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ជិត​២០០​នាក់​ ទទួល​បាន​មុង​ជ្រលក់​ថ្នាំ ថ្នាំ​ព្រូន និង​ថ្នាំ​អា​ប៊ែ​ត​

មណ្ឌលគីរី ៖ ដោយមាន​ការ​យកចិត្ត​ទុកដាក់​ដល់​សុខុមាលភាព​របស់​ប្រជា​សហគមន៍ ក្រសួង​បរិស្ថាន និង​ក្រសួងសុខាភិបាល​ បាន​នាំ​យក​មុង ថ្នាំព្រូន និង​ថ្នាំអាប៊ែត មក​ចែកជូន​បងប្អូន​ប្រជា​សហគមន៍ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​បង្ការ ​និង​ការពារ​នៅ​ស្នាក់ការ​ត្រពាំង​ត្រាច ស្ថិត​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ ខេត្ត​មណ្ឌលគីរី។

នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍​តំបន់​ការពារ​ធម្មជាតិ មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​អ្នក​ចូលរួម​ដទៃទៀត​ចំនួន​ប្រមាណ​ជិត ២០០ នាក់​ លោកស្រី ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍​ក្រើនរំលឹក​ដល់​អ្នកចូលរួម​ទាំង​អស់ពី​ការថែទាំ​សុខភាព​ផ្សារភ្ជាប់​ទៅ​នឹង​ការ​អភិរក្ស​ធនធានធម្មជាតិ​ផង​ដែរ​ថា ​ការ​អភិរក្ស​ធនធានធម្មជាតិ និង​ការថែទាំ​អនាម័យ​សុខភាព​របស់​សហគមន៍ ​និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស គឺជា​រឿង​ចម្បង​រួមគ្នា​មួយ ព្រោះ​សុខភាព​មនុស្ស សត្វ និង​បរិស្ថាន​ គឺ​អាស្រ័យ​ពឹង​ពាក់​គ្នា​ទៅវិញទៅមក​មិន​អាច​ខ្វះ​គ្នា​បាន​។

នៅ​ពេល​ដែល​សហគមន៍​មាន​សុខភាព​មាំមួន សហគមន៍​ អាច​ការពារ​ធនធានធម្មជាតិ​បាន​ប្រសើរ ហើយ​នៅពេលដែល​ធនធានធម្មជាតិ​មានគុណ​ភាពល្អ វា​នឹង​គាំទ្រ​ដល់​ជីវភាព​របស់​សហគមន៍​ឲ្យ​កាន់​តែមាន​ភាពប្រសើរឡើង​។​

លោកស្រី​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ សុខភាព និង​សុខុមាលភាព​របស់​ប្រជា​សហគមន៍​ក្នុង​តំបន់​ការពារ​ធម្មជាតិ គឺជា​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន ហើយ​ព្រឹត្តិការណ៍​នា​ថ្ងៃនេះ បានបង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់​ក្រសួងបរិស្ថាន ក្នុង​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ជា​ពិសេស​ក្រសួងសុខាភិបាល ដើម្បី​លុបបំបាត់​ជំងឺគ្រុនចាញ់​ទាំងស្រុង​ពី​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០២៥ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ លុបបំបាត់​ជំងឺគ្រុនចាញ់​ឆ្នាំ​២០១១-២០២៥​។​”

លោក​វេជ្ជបណ្ឌិត ឡឹ​ក ឌី​សូឡី នាយករង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនចាញ់​បាន​មាន​ប្រសាស​ន៍​ថា​ ៖ “​ប្រជាជន​ដែល​រស់នៅ​តំបន់​ព្រៃភ្នំ ងាយ​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺគ្រុនចាញ់ ពិសេស​នៅ​ក្នុង​អំឡុង​ពេល​រដូវ​វស្សា​នេះ​។

ក្រៅពី​ជំងឺគ្រុនចាញ់ ថ្មីៗ​នេះ​ មានការ​ផ្ទុះឡើង​នូវ​ជំងឺឆ្លង​កូ​វីដ​-១៩ ដូច្នេះហើយ​សូម​បងប្អូន​ប្រជា​សហគមន៍ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ និង​ការរក្សា​គម្លាត​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​។​”

លោក សាយ ម៉េង​គីម អភិបាលរង​ខេត្ត​មណ្ឌលគិរី​បាន​មានប្រសាសន៍ថា អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន បាន​សហការ​យ៉ាងសកម្ម​ជាមួយ​បណ្តា​ដៃគូ​ជាមួយ​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ ក្នុង​ការ​គាំទ្រ​ការ​យក​ចិត្ត​ដាក់​ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ជាពិសេស​ចៀសផុត​ពី​ជំងឺឆ្លង​នានា​។​

កាលពីពេល​ថ្មីៗ​នេះ ​អង្គការ WWF-​កម្ពុជា បានចេញ​ផ្សាយ​របាយការណ៍​មួយ​មាន​ចំណងជើង «​កូ​វីដ​-១៩ ៖ សេចក្ដី​អំពាវនាវ​បន្ទាន់​ដើម្បី​ការពារ​ប្រជាជន និង​ធម្មជាតិ​» ដែល​ពន្យល់​អំពី កត្តា​ចលករ​ផ្សេងៗ​ដែលជា​ដើមចម​បណ្តាល​ឲ្យ​មាន​ការផ្ទុះ​ឡើង​នូវ​ជំងឺឆ្លង​រវាង​សត្វ​ និង​មនុស្ស រួមមាន ​៖ ការ​ជួញដូរ​ និង​ការទទួល​ទាន​សាច់សត្វ​ព្រៃ​ដែល​មាន​ហានិភ័យ​ខ្ពស់ ការ​ផ្លាស់ប្តូរ​បែបផែន​ នៃ​ការ​ប្រើប្រាស់​ដីធ្លី​ដែល​នាំ​ដល់​ការកាប់បំផ្លាញ​ព្រៃឈើ​ និង​ការ​បំប្លែង​ដីព្រៃ ព្រមទាំង​ការ​រីក​សាយ​ការ​ធ្វើ​ប្រពលវប្បកម្ម​កសិកម្ម​គ្មាន​ចីរភាព និង​ផលិតកម្ម​បសុសត្វ​៕
​អត្ថបទ ៖ វ​ត្តី​

សូមចុចអាន ៖ អង្គការសហប្រជាជាតិកំពុងបោះឆ្នោតអនុម័ត បទឈប់បាញ់៩០ថ្ងៃ យកពេលមកប្រយុទ្ធនឹងកូវីដ

​   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114